ស្មាតហ្វូន​មាន​កាមេរ៉ា​​កម្រិត 48 MP ដំបូង​គេ តម្លៃ​​ក្បែរ​ ៥០០ ដុល្លារ​

  • 2018-12-17 08:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ Huawei បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ម៉ូដែល​ Nova 4 ជា​ផ្លូវ​ការ ដែល​ជា​ស្មាតហ្វូន​ទី​ពីរ​​មាន​បង្កប់​កាមេរ៉ា​លើ​អេក្រង់ (បន្ទាប់​ពី Samsung Galaxy A8s) និង​ជា​ស្មាតហ្វូន​ដំបូង​គេ​មាន​បំពាក់​ Sensor កាមេរ៉ា​ទំហំ​ធំ​ដល់ ៤៨ MP។

Nova 4 ​មាន​អេក្រង់​ទំហំ ៦,៤ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ២៣៤០ x ១០៨០ ភីកសែល ដោយ​លើ​អេក្រង់​មាន​បង្កប់​កាមេរ៉ា​សម្រាប់​ថត Selfie ជា​មួយ​កម្រិត​ ២៥ MP ឯណោះ។ Nova 4 នេះ​ប្រើ​នូវ​បន្ទះ​ឈីប​ Kirin 970 ដូច​មាន​ប្រើ​លើ Huawei P20 Pro ដោយ​មាន​ RAM ទំហំ ៨ GB, អង្គ​ផ្ទុក​ទំហំ ១២៨ GB, ថ្ម​ទំហំ ៣៧៥០ mAh និង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ។

កាមេរ៉ា​ខាង​ក្រោយ​របស់​ Nova 4 មាន​រហូត​ដល់ ៣ គ្រាប់​ ​ដែល​មាន​​​កាមេរ៉ា​មេ​ទំហំ ៤៨ MP, កាមេរ៉ា​ទី​ពីរ​ជា​ប្រភេទ Wide-Angle មាន​ទំហំ ១៦ MP និង​កាមេរ៉ា​វាស់​ជម្រៅ​ដែល​មាន​ទំហំ ២ MP មាន​លក់​តម្លៃ​ប្រហែល​ ៤៩០ ដុល្លារ។ Nova 4 មាន​មួយ​ប្រភេទ​ទៀត​តម្លៃ​ធូរ​ថ្លៃ​ត្រឹម​​ប្រហែល ៤៥០ ដុល្លារ ដោយ​កាមេរ៉ា​មេ​មាន​កម្រិត ២០ MP ប៉ុណ្ណោះ។

ស្មាតហ្វូន Nova 4 ទាំង​ពីរ​ប្រភេទ​មាន​ទទួល​កុម្ម៉ង់​ទិញ​ចាប់​ពី​ថ្ងៃ​ទី ១៧ ខែ​ធ្នូ​ត​ទៅ ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ដោយ​ទីផ្សារ​ក្រៅ​ស្រុក​នឹង​បញ្ចេញ​លក់​ក្នុង​ពេល​បន្ត​បន្ទាប់៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

បិទ