​កំហុស​សាមញ្ញ ១០ យ៉ាង​​អ្នក​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន រអ៊ូ​ថា​មាន​ទូរសព្ទ​ថត​អត់​ស្អាត​ដូច​គេ

  • 2018-12-18 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​លើ​ទូរសព្ទ ពិត​ណាស់​វា​ងាយ​ស្រួល គ្រាន់​តែ​ដក​មក​ថត​តែ​ម្ដង មិន​ចាំបាច់​ត្រូវ​គិត​ច្រើន បន្ទាប់​មក​ក៏​រអ៊ូ​ថា​មាន​ទូរសព្ទ​ថត​អត់​ស្អាត​ដូច​គេ។ ខាង​ក្រោម​នេះ ​អ្នក​គួរ ​ដឹង​ពី​កំហុស​សាមញ្ញ ១០ យ៉ាង​​អ្នក​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន។

​១) ប្រញាប់​ប្រញាល់​ថត​ពេក

​អ្នក​គួរ​គិត​ទុក​ជា​មុន​ ប្រើ​កម្មវិធី​ដែល​បាន​លេង​ យល់​ពី​របៀប​ប្រើប្រាស់​ និង​មុខងារ​ដែល​ត្រូវ​ប្រើ​។ នោះ​នឹង​ជួយ​បង្រួម​ពេលវេលា​ ផ្ដល់​ឱកាស​ឲ្យ​អ្នក​ផលិត​រូបភាព​បាន​លឿន​ និង​មាន​ប្រសិទ្ធភាព។

​២) គិត​ថា​ការ​ចាប់​ប្លង់​ថត​អត់​ប្រយោជន៍

អ្នក​គួរ​យល់​ពី​ដឹង​ពី​ការ​ចាប់​ប្លង់​ថត​ខ្លះៗ អ្នក​អាច​ចាប់ផ្ដើម​ពី​ ការ​ថត​រូប​ពេល​ថ្ងៃ​រៀប​លិច ឬ​រូប​បែប Leading lines ឬ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្ទៃ​ខាងមុខ​ និង​ផ្ទៃ​ខាងក្រោយ​ បង្ហាញ​មក​ស៊ី​ចង្វាក់​គ្នា ឲ្យ​ទីតាំង​ Subject ផ្សំ​ជាមួយ​ទិដ្ឋភាព​បង្ហាញ​រូប​មក​​អស្ចារ្យ​។

​៣) មិន​ខ្វល់ខ្វាយ​ពី​រូបមន្ត​ Rule of Thirds

នៅ​លើ​កម្មវិធី​កាមេរ៉ា​អាច​បង្ហាញ​បន្ទាត់​ Grid បី​ជួរ​ដេក​ និង​បី​ជួរ​ឈរ​។ នេះ​ផ្ដល់​ភាព​ងាយស្រួល​បញ្ចូល​ការ​ប្រើប្រាស់​រូបមន្ត​ Rule of Thirds លើ​ទិដ្ឋភាព​បាន​។ ពេល​កំពុង​ថត​ អាច​កំណត់​ Subject ឲ្យ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​បន្ទាត់​។ ​រូបមន្ត​នេះ​ Subject ពុំ​គួរ​កំណត់​ឲ្យ​ស្ថិត​នៅ​កណ្ដាល​ទិដ្ឋភាព​នោះ​ទេ​។

​៤) ចូលចិត្ត​បើក​ Flash គ្រប់​រូបភាព

អ្នក​គួរ​បិទ​ Flash ចោល​ កុំ​ប្រើ​អីក៏​ល្អ​ដែរ ប៉ុន្តែ​នៅ​លើ​កាមេរ៉ា​ស្មាតហ្វូន​ទំនើបៗ​មាន​ សេនស័រ ចាប់​បាន​ទិដ្ឋភាព​ក្នុង​ស្ថានភាព​ងងឹត​បាន​គ្រាន់​បើ​ហើយ ករណី​ភាគច្រើន​ ប្រហែល​ជា​មិន​ត្រូវការ​វា​នោះ​ទេ​។ តែ​បើ​អ្នក​គិត​ថា​ត្រូវការ​ករណី​យប់​ជ្រៅ​មើល​អី​មិន​ឃើញ អាច​បើក​បាន​ខ្លះ​ដែរ​។

​៥) បើក​​មុខងារ​ Zoom អស់​ពេក

​អ្នក​មិន​គួរ​ប្រើ​មុខងារ​ពង្រីក​ទិដ្ឋភាព​ ឬ​ Zoom ពេល​ថត​អស់​ពេក​នោះ​ទេ​។ គួរ​ចូល​ទៅ​ជិត​ Subject តាម​ដែល​អាច​ធ្វើ​បាន​ រួច​ចាប់​ប្លង់​ឲ្យ​ត្រឹមត្រូវ​ ចាំ​ពង្រីក​ទិដ្ឋភាព​ពេល​ក្រោយ​ បើ​ចាំ​បាច់​។

​៦) មិន​ប្រើ Tripod ជំនួយ​

​អ្នក​គួរ​ទិញ​ Tripod មួយ ប្រសិន​បើ​ចង់បាន គុណភាព​រូបភាព​ផលិត​ចេញ​ពី​ស្មាតហ្វូន​បាន​ស្អាត​។ ការ​ប្រើ Tripod ជាមួយ​ស្មាតហ្វូន មាន​គ្រប់​ទំហំ​ តូច​ធំ​ ងាយស្រួល​បត់បែន​ហើយ​​តម្លៃ​ក៏​សមរម្យ​។

​៧) មិន​សូវ​ខ្វល់​កាមេរ៉ា​រង្គើ

មាន​វិធី​ច្រើន ដើម្បី​រក្សា​លំនឹង​ស្មាតហ្វូន​ឲ្យ​នឹង​ពេល​ថតរូប​ ដោយ​អាច​ដាក់​លើ​ថ្ម​ ដើមឈើ​ ផ្អែក​ជញ្ជឹង​ ឬ​កាន់​ដៃ​ពីរ​ពេល​ថតរូប​។ បញ្ហា​រង្គើ​កាមេរ៉ា​ ភាគច្រើន​កើតឡើង​ ពេល​ចុច​ថត​ ដូច្នេះ​ កាមេរ៉ា​ដាក់​ដៃ​ឲ្យ​នឹង​កុំ​ឲ្យ​រង្គើ។

​៨) មិន​ខ្វល់ខ្វាយ​ពី​ Setting លើ​កាមេរ៉ា​ទូរសព្ទ

អ្នក​គួរ​ដឹង​ពី​កាមេរ៉ា​ Setting មាន​ក្នុង​កម្មវិធី​។ គួរ​ស្វែងយល់​ខ្លះ​ៗពី​ទាក់ទង​នឹង​កម្រិត​ Aperture, ISO និង​ Shutter Speed ដើម្បី​រូបភាព​ចេញ​មក​ស្អាត​ប្លែក​ខុស​ពី​ធម្មតា។

​៩) មិន​ចាប់​អារម្មណ៍​លើ​ពន្លឺ

ពន្លឺ​ជា​ធាតុ​ផ្សំ​សំខាន់​ជួយ​ឲ្យ​រូប​ថត​មួយ​សន្លឹក មាន​ជីវិត​រស់​រវើក និង​ផ្ដល់​ពណ៌​បែប​ធម្មជាតិ។ អ្នក​គួរ​ តែ​រក​កន្លែង​មាន​ពន្លឺ​បន្តិច មុន​នឹង​ចាប់ផ្ដើម​ថត។​

​១០) មិន​គួរ​ថត​តែ​មួយ​សន្លឹក

អ្នក​គួរ​ថតរូប​ ច្រើន​សន្លឹក​ អាច​ប្រើ​ប្លង់​ដដែល​ ឬ​ប្ដូរ​តិចតួច​។ ទំហំ​មេម៉ូរី​ទូរសព្ទ​​បច្ចុប្បន្ន​ធំ​គ្រប់គ្រាន់​ អាច​ធ្វើ​បាន​ អ្នក​គួរ​តែ​ថត​រូប​ឲ្យ​បាន​ច្រើន​សន្លឹក រួម​សឹម​គិតគូរ​លុប​ចេញ បើ​មិន​ចេញ​ចិត្ត៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី