៥កន្លែង នៅសៀមរាប ស្អាតៗបំផុត បើបានទៅ ទោះមានទុក្ខប៉ុនភ្នំដឹងតែរលាយខ្សុល

  • 2018-12-18 09:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀមរាប ជា​ទឹក​ដី​មាន​សក្ដានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែបបំផុត​នៅ​កម្ពុជា រួម​មាន​ទាំង​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ជា​ច្រើន។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ភាគ​ច្រើន​តែង​សំដៅ​តំបន់​អង្គរ​មុន​គេ ពេល​ទៅ​ដល់​ទឹក​ដីដ៏​អច្ឆរិយ​មួយ​នេះ។ ដោយ​ឡែក​ថ្ងៃ​នេះ Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​៥កន្លែង ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន ក្រៅ​ពី​តំបន់​អង្គរ​នៅ​ក្នុង​ខេត្ត​មួយ​នេះ៖ ​​​

១. រមណីយដ្ឋាន​ភូមិ​លិច​ទឹក​កំពង់ភ្លុក

កំពង់ភ្លុកជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ល្បីល្បាញ​លើ​ទឹក​ដី​ខេត្ត​សៀមរាប កើត​ចេញ​ពី​៣​ភូមិ​បណ្ដែត​លើ​ទឹក​រួម​គ្នា។ តំបន់​ទេសចរណ៍​ដ៏​កម្រ​នេះ មាន​ចម្ងាយ​ប្រមាណ​១៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត និង​ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​លិច​ទឹក​ជា​ច្រើន​ប្រភេទ ហើយ​ក៏​ជា​តំបន់​អភិរក្ស​សត្វ​ស្លាប​សំខាន់​មួយ​ ក្នុង​ប្រទេស​កម្ពុជា។

តាម​ប្រភព​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ភូមិ​បណ្ដែត​ទឹក​កំពង់ភ្លុក មាន​ប្រជាជន​រស់​នៅ​ប្រមាណជាង ​៣០០០ ​នាក់។ ទៅ​លេង​កម្សាន្ត​នៅ​ទី​នោះ​ ភ្ញៀវទេសរ​នឹង​លង់​ជាមួយ​សម្រស់​ធម្មជាតិដ៏​ត្រកាល អាច​ទស្សនា​សត្វ​ស្លាប​រហូត​ទៅ​ដល់​ជាង​១០០​ប្រភេទ រួម​ទាំង​ត្រី​ចម្រុះ​ហែល​ឆ្វាត់ឆ្វែង​គួរ​ជា​ទី​ទស្សនា។

២.ទំនប់​ម្កាក់

ទំនប់​ម្កាក់​នៅ​ខេត្ត​សៀមរាប បាន​ក្លាយ​ជា​កន្លែង​លេង​កម្សាន្ត​ដ៏​សប្បាយ​រីករាយ​ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ឆ្ងាយ​ជិត ទៅ​ងូត​លេង​កម្សាន្ត​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ។ ទំនប់​ម្កាក់​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ទំនប់​ម្កាក់ ឃុំ​គោកធ្លក​លើ​ស្រុក​ជីក្រែង​ខេត្ត​សៀមរាប​ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ៦។

ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ អាច​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ គយគន់​ទេសភាព​ដ៏​ស្រស់​បំព្រង ងូត​ទឹក​លេង​កម្សាន្ត ជា​ពិសេស​នោះ​បាន​ឃើញ​សកម្មភាព​នេសាទ​ដ៏​មមាញឹក​កម្រ​នឹង​បាន​ឃើញ​ទៀត​ផង។ ក្រៅ​ពី​នេះ​ភ្ញៀវទេសចរ​នឹង​បាន​ភ្លក្ស​នូវ​រសជាតិម្ហូប​អាហារ​ដ៏​សម្បូរ​បែប ដែល​មាន​ក្យូស​តម្រាប​គ្នា​ជា​ហូរហែរ​នៅ​ប្រប​មាត់​ទឹក។ អាហារ​ជា​ច្រើន​មុខ​មាន​ដូចជា៖ មាត់​ដុត ត្រីអាំង កង្កែប​បោក សម្ល​បែប​ស្រុក​ស្រែ​គ្រប់​មុខ មាន​ផ្ដល់​យ៉ាង​ពិសេស​ក្នុង​តម្លៃ​សមរម្យ។

ចំពោះ​ភ្ញៀវទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​សូម​មើល​អំពី​បម្រាប​មួយ​ចំនួន​នៅ​ទី​នោះ ដើម្បី​ការពារ​សុខ​សុវត្ថិភាព ជៀសវាង​លេង​ទឹក​កន្លែង​ណា​ដែល​មាន​ជម្រៅ​ជ្រៅ ប្រុង​ប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ។ ជា​ពិសេស​ក្នុង​រដូវ​វស្សា​ដែល​ចរន្ត​ទឹក​ហូរ អាច​មាន​សភាព​ខ្លាំង​ខុស​ពី​ធម្មតា។

៣. សហគមន៍ទេសចរណ៍បន្ទាយស្រី 

សហគមន៍ទេសចរណ៍បន្ទាយស្រី ជារមណីយដ្ឋានធម្មជាតិមានទីតាំងនៅខាងជើងជាប់ប្រាសាទបន្ទាយស្រី។ នៅទីនេះ​ទេសចរ​ភាគច្រើន ច្រើនរំលងបើមិនមានពេលវេលាគ្រប់គ្រាន់ ឯទេសចរជាតិក៏ដូចគ្នាដែរ ព្រោះមិនសូវមានអ្នកដឹង។

អាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោង ACHA របស់​ប្រទេស​ញូវហ្សឺឡែន​បានអភិរក្ស និងកែច្នៃ​ត្រពាំង​បុរាណ​ឈ្មោះ «ស្រែព្រៃ» ឱ្យក្លាយជាសហគមន៍ទេសចរណ៍ដែលមានឈូករីករហង់ មាន​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​លម្អ​ដោយ​ទឹក​ត្រពាំង​ថ្លាយង់ និងភ្នំដ៏ខៀវស្រងាត់នាទិសខាងកើត។ ទីនេះស័ក្តិសមបំផុត​សម្រាប់​អ្នក​ស្រឡាញ់​ធម្មជាតិ មាន​ខ្យល់​អាកាស​បរិសុទ្ធ មានភាពស្ងប់ស្ងាត់ក្នុងការផ្ចង់អារម្មណ៍ មានម្ហូប​អាហារ​របៀប​អ្នក​ស្រុក និងសកម្មភាពប្រពៃណីផ្សេងៗទៀត។

នៅទីនេះមានសេវាកម្មជិះទូកដែលពេញនិយមជាងគេ ជិះរទេះគោ ស្ទួចត្រី ស្ទូង/ច្រូតស្រូវ និង​ការរៀបចំ​អាហារ​សាមគ្គី​របៀប​អ្នក​ស្រុកបានចំនួន១០០នាក់។ ទេសចរអាចមកកម្សាន្តទីនេះជាលក្ខណៈឯកជន គ្រួសារ និងជាក្រុមក៏បាន ដើម្បី​ស្វែង​យល់​ពី​ការ​រស់នៅរបៀបអ្នកស្រុក ជិះទូកលម្ហែកាយក្នុងត្រពាំង ថតរូបភាព​ស្អាតៗ​តាម​ចំណូល​ចិត្ត និងពិសាអាហារឆ្ងាញ់ៗ មាន​តម្លៃ​សេវាកម្ម​សមរម្យ។

៤. ពើង​គំនូរ 

នៅ​ទីនេះ មាន​ដើម​ឈើ​ត្រឈឹង​ត្រឈៃ ហ៊ុមព័ទ្ធ​ដោយ​ផ្ទាំង​ថ្ម​ធំៗ ហើយ​មាន​ចម្លាក់​ជាប់​ផ្ទាំង​ថ្ម​ដ៏​អស្ចារ្យ ដែល​បន្សល់​ទុក​តាំង​ពី​សតវត្ស​ទី​១១​មក។ ចំណែក​ឯ​ផ្លូវ​ចូល​មាន​ដើម​ឫស្សី​ដុះ​យ៉ាង​ក្រាស់​ឃ្មឹក​អម​សង​ខាង​គ្រប​លើ​ផ្លូវ​ចូល ប្រៀប​ដូច​ជា​ល្អាង​ភ្នំ​មួយ​យ៉ាង​វែង​អន្លាយ​រហូត​ដល់​ទៅ​៣​គីឡូម៉ែត្រ​ឯណោះ។ នៅ​ទី​នោះ​ត្រជាក់​ស្រឹប​ ព្រោះ​តែ​ឥទ្ធិពល​នៃ​ផ្ទាំង​ថ្ម និង​ដើម​ឈើ​ធំៗ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា កំពុង​ស្ថិត​នៅ​ទីតាំង​មួយ​ដូច​គេ​ប្រសិទ្ធ​ឡើង​យ៉ាង​ដូច្នោះ។

រូបចម្លាក់ប្លែកៗខុសពីគ្នាជាច្រើន ត្រូវបានដាប់ឆ្លាក់នៅជាប់នឹងផ្ទាំងថ្ម កម្ពស់​ប្រមាណ​ចាប់​ពី​៥​ម៉ែត្រ​ឡើង។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក លោក នួន សិរីរតន៍ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប ទើប​តែ​បាន​ទៅ​ដល់​ទីតាំង​មួយ​កន្លែង​នេះ។

ដើម្បី​អាច​ទៅ​ដល់​ទីតាំង​នោះ គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ប្រាសាទ​បឹង​មាលា ជិះ​ទៅ​ត្រង់​រហូត​ដល់​ផ្លូវ​បំបែក​ស្វាយ​លើ បត់​ទៅ​ទិស​ខាង​កើត (ស្ដាំ​ដៃ) ប្រហែល​១​គីឡូម៉ែត្រ នោះ​នឹង​ទៅ​ដល់​ជើង​ភ្នំគូលែន។ ទៅ​ដល់​ទី​នោះ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ដែល​គ្រប​ដណ្ដប់​ដោយ​ឫស្សី​ប្រមាណ​៣គីឡូម៉ែត្រ​ទៀត ទើប​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ។

៥.  គយគន់​ថ្ងៃ​លិច​នៅ​ភ្នំ​ក្រោម

និយាយ​ដល់​រឿង​គយគន់​ថ្ងៃ​លិច​នៅ​សៀមរាប គេ​ប្រាកដ​ជា​នឹក​ដល់​ប្រាសាទ​បាខែង​ជា​មិន​ខាន ព្រោះ​អី​កន្លែង​នេះ​មាន​មនុស្ស​ទៅ​មើល​ច្រើន​រាល់​ថ្ងៃ មិនដែល​អត់​ម្ដង​ណា​ទេ។ ប៉ុន្តែ​កន្លែង​មើល​ថ្ងៃ​លិច​មួយ​ទៀត ដែល​កំពុង​តែ​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ​ឱ្យ​ទៅ​ទស្សនា ត្បិត​អី​វា​មិន​សូវ​មាន​មនុស្ស​ច្រើន​ដូច​នៅ​បាខែង។ កន្លែង​មួយ​នេះ ​គឺ​មាន​ឈ្មោះ​ថា​ប្រាសាទ​ភ្នំ​ក្រោម ដែល​មាន​ទី​តាំង​​នៅ​ទិសនិរតី​ ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប​។

​អ្នក​ចង់​ទៅ​ទស្សនា​អាច​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រប​នឹង​ដងស្ទឹង​សៀមរាប​ពី​ជើង​ទៅ​ត្បូង​ ហើយ​​ភ្នំ​នេះ​ស្ថិត​នៅ​ខាងជើង​បឹង​ទន្លេ​សាប ​អាច​ឱ្យ​ប្រិយមិត្ត​គយគន់​ទេសភាព​ថ្ងៃ​លិច ​ឆ្លុះ​ចាំង​ពី​ទន្លេ​បាន​យ៉ាង​ស្រស់​ស្អាត​ទៀត​ផង៕

អត្ថបទ៖ វឌ្ឍនៈ