សាកលវិទ្យាល័យអេហ្ស៊ីប បណ្តេញនិស្សិតស្រីម្នាក់ ដោយសារឱបមិត្តប្រុស

  • 2019-01-14 03:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ Al-Azhar University របស់​អេហ្ស៊ីប កាល​ពី​ថ្ងៃ​អាទិត្យ ទី១៣ ខែ​មករា ឆ្នាំ២០១៩ ម្សិលមិញ​នេះ បាន​បណ្ដេញ​និស្សិត​ស្រី​ម្នាក់​ចេញ​ពី​សាលា​ដោយ​ចោទ​ប្រកាន់​ថា នាង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​សាលា បន្ទាប់​ពី​នាង​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​មួយ រួច​ឱប​មនុស្ស​ប្រុស​ម្នាក់។

សាកលវិទ្យាល័យ Al-Azhar University

វីដេអូ​ដែល​បាន​បង្ហោះ និង​ចែកចាយ​កាល​ពី​ដើម​ខែ​មករា បាន​បង្ហាញ​ឲ្យ​ឃើញ​បុរស​វ័យ​ក្មេង​ម្នាក់ កាន់​បាច់​ផ្កា រួច​លុត​ជង្គង់​នៅ​មុខ​និស្សិត​ស្រី​នោះ ហើយ​បន្ទាប់​មក​ឱប​នាង ដែល​មើល​ទៅ​ទំនង​ជា​សំណើ​សុំ​រៀបការ។ វីដេអូ​នោះ​ដែរ​មិនមែន​ថត​នៅ​សាកលវិទ្យាល័យ Al-Azhar ឡើយ តែ​ផ្ទុយ​ទៅ​វិញ​គឺ​ថត​នៅ Mansoura University។

ទោះ​ជា​យ៉ាង​ណា ក្រុមប្រឹក្សា​វិន័យ​នៃ​សាកលវិទ្យាល័យ Al-Azhar នៅ​ក្នុង​ទីក្រុង Mansoura បាន​សម្រេចចិត្ត​បណ្ដេញ​នាង​ចេញ​តែម្ដង។

អ្នក​នាំ​ពាក្យ​សាកលវិទ្យាល័យ លោក Ahmed Zarie បាន​ប្រាប់​ទៅ​កាន់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា «វីដេអូ​នោះ​បាន​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​ជា​សាធារណៈ មិនតែប៉ុណ្ណោះ នាង​បាន​បង្ហាញ​រូបភាព​អាក្រក់​មួយ​នៃ​សាកលវិទ្យាល័យ​របស់​យើង»។ លោក Ahmed បាន​បញ្ជាក់​បន្ថែម​ថា ការ​ឱប​រឹត​រវាង​មនុស្ស​ប្រុស​ស្រី​មិន​ទាន់​រៀបការ គឺ រំលោភ​លើ​គុណ​តម្លៃ និង​គោលការណ៍​នៃ​សង្គម៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង