ល្បីបង្កងធម្មជាតិខេត្តតាកែវឆ្នាំនេះសំបូរ ចុះតម្លៃវិញយ៉ាងម៉េចដែរ?
- 2019-01-19 07:32:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីបង្កងធម្មជាតិខេត្តតាកែវឆ្នាំនេះសំបូរ ចុះតម្លៃវិញយ៉ាងម៉េចដែរ?
ចន្លោះមិនឃើញ
បង្កងធម្មជាតិមានប្រភពពីខេត្តតាកែវ ដែលអ្នកទេសចរពីទីជិតឆ្ងាយល្បីថា មានរសជាតិឆ្ងាញ់ជាងគេ ឆ្នាំនេះទាំងអាជីវករ និងមន្ត្រីជំនាញសុទ្ធតែបានលើកឡើងដូចៗគ្នាថា មានទិន្នផលកើនឡើងជាងឆ្នាំមុន។
លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៨ ការ ប្រមូលផលបង្កងតាមលក្ខណៈគ្រួសាររបស់ប្រជានេសាទ ទទួលបានចំនួន ៩៣តោន បើប្រៀបធៀបនឹង ឆ្នាំ២០១៧ គឺមានការកើនឡើងជាង ១០ភាគរយ។ ឆ្នាំ២០១៧ ផលបង្កងប្រមូលបានតែ ចំនួន ៨៣តោនប៉ុណ្ណោះ។
លោកបានឱ្យដឹងថា កត្តាអាកាសធាតុអំណោយផលល្អ មានភ្លៀងធ្លាក់ច្រើនពីដើមឆ្នាំ ធ្វើឲ្យទឹកនៅតាមផ្ទៃបឹង នៅក្នុងស្រុកអង្គរបូរី, បូរីជលសារ និងស្រុកព្រៃកប្បាសជាដើម មានភាពល្អប្រសើរ ធ្វើឲ្យបង្កងអាច ចរាចររកចំណីបានទាន់ពេលវេលា និងរីកធំធាត់បានល្អ។
លោក ហាក់ ឡៃហី អាជីវករលក់បង្កងធម្មជាតិខេត្តតាកែវឱ្យដឹងថា បង្កងឆ្នាំនេះពិតជាសំបូរជាងឆ្នាំមុនប្រាកដមែន ដោយសាររបបទឹកភ្លៀងល្អជាងឆ្នាំមុន ប៉ុន្តែតម្លៃវិញប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ ប្រភេទលេខ១ តម្លៃ ៤០ដុល្លារ លេខ២ តម្លៃ ៣០ដុល្លារ និងលេខ៣ តម្លៃ ២៥ដុល្លារ។
ចំណែកអាជីវករលក់បង្កង ម្នាក់ផ្សេងទៀត អ្នកស្រី នី បានឲ្យដឹងថា កន្លែងលក់បង្កងរបស់គាត់ អាចលក់បានច្រើនពី ១០០គីឡូក្រាម រហូតដល់ ១៥០គីឡូក្រាម នៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាននានា ដោយអាចលក់បានតម្លៃបង្កងលេខ១ តម្លៃ៤៣ដុល្លារ បង្កងលេខ២ តម្លៃ ៣០ដុល្លារ និងបង្កងលេខ៣ តម្លៃ២២ដុល្លារ ក្នុងមួយគីឡូក្រាម។
ទោះយ៉ាងណា លោក សៅ កុសល បានឱ្យដឹងថា ទិន្នផលបង្កងនៅឆ្នាំខាងមុខអាចកើនឡើង ឬធ្លាក់ចុះ គឺវាអាស្រ័យទៅលើអំណោយផលធម្មជាតិ ពោលគឺបើមានភ្លៀងធ្លាក់ដើមរដូវ ពីខែមិថុនា ឬខែកក្កដា ទៅ គឺទិន្នផលបង្កង អាចនឹងមានការកើនឡើងបន្ថែមទៀត ជាក់ជាពុំខាន។
បន្ថែមលើនេះ លោក ហាក់ ឡៃហី ឱ្យដឹងថា មូលហេតុបង្កងខេត្តតាកែវមានរសជាតិឆ្ងាញ់ ដោយសារ ជាបង្កងធម្មជាតិពិតៗ មិនមែនបង្កងចិញ្ចឹម។ ដូច្នេះបើអតិថិជនមានបំណងចង់សាករសជាតិ បង្កងធម្មជាតិ របស់ខេត្តតាកែវ អាចធ្វើដំណើរមកកម្សាន្តនៅក្នុងខេត្តតាកែវ នឹងអាចបញ្ជាទិញបង្កងគ្រប់ ប្រភេទតាមតម្រូវការ៕