កុំគិតតែភ័យ! ៦រឿងគួរដឹង ជួយកូនទាន់ពេល បើឈឺធ្មេញ ឬមានដង្កូវស៊ីស្រែកយំផ្អើលគេ
- 2019-01-26 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំគិតតែភ័យ! ៦រឿងគួរដឹង ជួយកូនទាន់ពេល បើឈឺធ្មេញ ឬមានដង្កូវស៊ីស្រែកយំផ្អើលគេ
ចន្លោះមិនឃើញ
ជាទូទៅកុមារចាប់ផ្ដើមដុះធ្មេញពីអាយុ៦ខែ គឺធ្មេញខាងមុខ និងខាងក្រោមពីរ។ ពាក្យសាមញ្ញដែលបានប្រើសម្រាប់ហៅធ្មេញនេះ គឺធ្មេញទឹកដោះ ឬធ្មេញព្រៃ។ កុមារដុះធ្មេញអស់នៅអាយុ ២ឆ្នាំកន្លះ ឬ៣ឆ្នាំ សម្រាប់ធ្មេញទឹកដោះ ដែលមាន ចំនួន២០ធ្មេញ គឺខាងលើ ១០ធ្មេញ និងខាងក្រោម ១០ធ្មេញ។
ប្រភពពីទំព័រហ្វេសប៊ុក មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ធ្មេញទាំងអស់នេះ នឹងចាប់ផ្ដើមរង្គើផ្លាស់ប្ដូរទៅជាធ្មេញស្រុក ចាប់ពីអាយុ ៦ឆ្នាំ (ពេលវេលានៃការផ្លាស់ប្ដូរធ្មេញទឹកដោះនីមួយៗ គឺខុសៗគ្នាទៅតាមប្រភេទ និងទីតាំងធ្មេញ)។
៦សំណួរ ចម្លើយ ខាងក្រោម សម្រាប់អ្នកមានកូនតូចដែលឈឺធ្មេញ ឬបញ្ហាដង្កូវស៊ី តែងចង់ដឹង ដើម្បីអស់ចម្ងល់ និងយកកូនទៅព្យាបាលឲ្យទាន់ពេលវេលា។
១) ហេតុអ្វីបានជាការថែរក្សាធ្មេញកុមារមានសារៈសំខាន់?
ធ្មេញបានផ្ដល់នូវសោភ័ណភាព
មិនឈឺធ្មេញ នាំអោយការទំពាអាហារល្អ
ជួយអោយសុខភាពរាងកាយទាំងមូលល្អ
បើបណ្ដាលអោយពុកខូច នាំអោយកខ្ទុះ ហើមមុខមាត់ និងគ្រោះថ្នាក់
ធ្មេញទឹកដោះជាលំនាំអោយធ្មេញស្រុកដុះត្រូវជួរ
ថែរក្សាធ្មេញទឹកដោះ គឺកាត់បន្ថយនូវការដុះ រឺភាពមិនប្រក្រតីមួយចំនួន (ធ្មេញដុះខុសទីតាំងជាដើម)។
២) នៅពេលធ្មេញកុមារឈឺ តើត្រូវតែដកធ្មេញនោះចេញឬទេ?
ពេលដែលកុមារឈឺធ្មេញ គ្រូពេទ្យធ្មេញអាចជ្រើសរើសយកវិធីព្យាបាលអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់ធ្មេញ និងអាយុកុមារ។
• បើមិនទាន់ដល់អាយុដូរធ្មេញ ហើយឫសធ្មេញនៅល្អ គ្រូពេទ្យអាចប្រើនូវវិធីព្យាបាលធ្មេញដោយ Pulpotomy (ការព្យាបាលដោយយកបណ្ដូលធ្មេញខាងលើចេញ) ឬ Pulpectomy (ការព្យាបាលដោយយកបណ្ដូលធ្មេញចេញទាំងអស់)
• បើធ្មេញនោះពុកខូចខ្លាំង រឺកៀកនឹងអាយុដូរធ្មេញ គ្រូពេទ្យអាចដកធ្មេញនោះចេញ។
៣) តើធ្មេញកុមារអាចប៉ះ ឬព្យាបាលបានដូចធ្មេញមនុស្សធំ ដែរឬទេ?
ជាការពិតណាស់ធ្មេញកុមារពេលដែលពុក ឬប្រហោង គឺត្រូវប៉ះ ឬព្យាបាលបាន។ ករណីដែលពុកខូចធំ គឺអាចស្រោបធ្មេញនោះបានទៀតផង។
៤) តើការដកធ្មេញកុមារមុនពេលកំណត់ដែលត្រូវដូរ បង្កបញ្ហាឬទេ?
ការដកធ្មេញទឹកដោះមុនពេលកំណត់យូរ នាំអោយធ្មេញស្រុកដុះខុសទីតាំង ធ្មេញជិតខាងទ្រេតចូល នាំអោយធ្មេញថ្មីដុះខុសជួរក្នុងករណីធ្មេញដកមុនពេលកំណត់ គ្រូពេទ្យធ្មេញអាចមានវិធីធ្វើឧបករណ៍ពាក់ក្នុងមាត់សម្រាប់រក្សាចន្លោះទុកអោយធ្មេញស្រុកដុះ ដែលគេហៅថា Space Maintainer appliance។
៥) តើត្រូវទុកធ្មេញកុមារអោយរង្គើជ្រុះតាមធម្មជាតិ ឬយ៉ាងណា?
ក្នុងករណីដល់ពេលត្រូវផ្លាស់ធ្មេញថ្មី ហើយធ្មេញទឹកដោះ មិនរង្គើ គឺត្រូវដកធ្មេញទឹកដោះនោះចេញ ដើម្បីកុំអោយធ្មេញថ្មីដុះចូលក្នុង រឺចេញក្រៅ។ ការតាមដានដោយការថតកាំរស្មី X-ray គឺសំខាន់ ដើម្បីពិនិត្យលើពន្លកធ្មេញស្រុក។
៦) អនុសាសន៍មួយចំនួនសម្រាប់ថែរក្សាធ្មេញទឹកដោះ
យកកន្សែងស្អាត ដោយផ្សើមជាមួយទឹកស្អាត រួចជូតធ្មេញទឹកដោះក្រោយពេលបំបៅ ឬញ៉ាំអាហាររួច (ចំពោះកុមារមិនទាន់ចេះដុសធ្មេញ)
កុំអោយកុមារបៀមក្បាលដបទឹកដោះគោក្នុងមាត់រយៈពេលវែង
ចាប់ពីអាយុ៣ឆ្នាំ គួរតាមដានជាមួយទន្តបណ្ឌិត រាល់៦ខែម្ដង ឬអាយុតិចជាងនេះ បើមានបញ្ហាក្នុងមាត់ សូមមកពិគ្រោះជាមួយទន្តបណ្ឌិតឯកទេសជំនាញធ្មេញ។
សូមបញ្ជាក់ថា សូមយកកូនរបស់លោកអ្នកមកតាមដានឲ្យញឹកញាប់ចាប់ពីអាយុ ៥ឆ្នាំឡើង រហូតដល់ពេលដូរធ្មេញទឹកដោះអស់នៅអាយុ ១១ ឬ ១២ឆ្នាំ។ ធ្មេញកុមារ ត្រូវការថែរក្សាដូចធ្មេញស្រុកដែរ ហើយអាចព្យាបាល ឬប៉ះបាន។