ជួយដាក់ឈ្មោះឲ្យអូនផង! កូនផ្សោតមួយ ទើបតែកើតថ្មីនៅក្រចេះ លើកដំបូងនៅឆ្នាំនេះ

  • 2019-01-30 07:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០១៩ ក្រុម​អ្នក​ចម្លង​ទូក​ទេសចរណ៍​មើល​សត្វ​ផ្សោត បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ក្នុង​អន្លង់​ផ្សោត​កាំពី ក្នុង​ភូមិ​កាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្ត​ក្រចេះ ហើយ​បាន​រាយការណ៍​ជូន​លោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ ប្រចាំការ​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី បន្ទាប់​មក​លោក ស្រី ស៊ីថា ក៏​បាន​ផ្ដល់​ព័ត៌មាន​ជូន​ក្រុម​ការងារ​របស់​អង្គការ WWF-កម្ពុជា ប្រចាំ​ខេត្ត​ក្រចេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ទំព័រ​ហ្វេស​ប៊ុក​របស់​អង្គការ WWF-កម្ពុជា។

លុះនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអង្គការ WWF-កម្ពុជា បានចុះទៅពិនិត្យ និង​ស្វែង​រក​កូន​ផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញកូនផ្សោតទើបកើតថ្មីនោះ។ បន្ទាប់​មក ក្រុម​ការងារ​ក៏​បាន​ផ្ដិត​យក​រូបថត​របស់​កូន​ផ្សោត​ដែល​ទើប​កើត​ថ្មី​នោះ និង​មេរបស់វា ព្រម​ទាំង​ធ្វើការ​អង្កេត​ដោយ​ផ្ទាល់។

តាមរយៈការអង្កេតជាក់ស្តែងបានបង្ហាញថា កូន​ផ្សោត​ថ្មី​ស្ថិត​នៅ​ក្នុង​ក្រុមហ្វូងផ្សោត​ធំចំនួនប្រមាណជាប្រាំមួយក្បាល។ កូនផ្សោតទើបកើតថ្មីនេះ បានឆ្លុះបញ្ជាំង​ពីភាពវិជ្ជមាន​នៃកិច្ចខិតខំ​ប្រឹងប្រែងរួមគ្នាក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងអង្គការ WWF-កម្ពុជា និង​ដៃ​គូ​អភិរក្ស​ដូចជា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរ ប្រជាសហគមន៍នេសាទ ភ្នាក់ងារទេសចរធម្មជាតិ និងអាជ្ញាធរថ្នាក់ខេត្ត ស្រុកឃុំ និងដៃគូអភិរក្សនានា៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ