៧ជំហាន​ជួយអ្នកឲ្យធ្វើការសម្រេចចិត្តរឿងជីវិតបានល្អ មិនភ័យខ្លាចស្តាយក្រោយ

  • 2019-02-28 00:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជាច្រើន​រាប់​មិន​អស់​ ខ្លះជារឿង​តូច​តាចរហូត​​ដល់​អ្នក​​ចាំ​មិន​បាន ខ្លះ​ក៏​ធំ​រហូត​ធ្វើ​ឲ្យ​អ្នក​មិន​ដឹង​គួរ​សម្រេច​ចិត្ត​ដោយ​របៀប​ណា​ក៏មាន​។​ នេះ​គឺ​ជីវិត បើ​សិន​ជា​អ្នក​កាន់​តែ​ចង់​ខ្ពស់​មុខ ខ្ពស់​មាត់ ការ​សម្រេច​ចិត្ត​ធំ​ក៏​ត្រូវ​មក​ទន្ទឹមគ្នា​ដែរ​។ ដើម្បី​ជួយ​ឲ្យ​ខ្លួន​ឯង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​ដោយ​មិន​ប្រឈម​នឹង​ការ​ស្ដាយ​ក្រោយ​ មាន​វិធាន ៧ ដែល​អ្នក​ត្រូវ​ធ្វើ​តាម ៖ ​​​

១. ​តាំង​ស្មារតី​ឲ្យ​នឹង​ន​ជាមុន​សិន៖ ធម្មតា​ពេល​ត្រូវ​ធ្វើការ​សម្រេចចិត្ត​រឿង​ធំ​ដុំ​ម្ដងៗ​ យើង​តែង​មាន​អារម្មណ៍​ជ្រួល​ច្របល់ ដោយសារ​ការ​ភ័យខ្លាច និង​បារម្ភ​ថា​ខ្លួន​សម្រេច​ចិត្ត​ខុស។ ត្រូវ​ចាំ​ថា​ធ្វើ​ការ​សម្រេចចិត្ត​ទាំង​អន្ទះសា​ ពេល​ខឹង​ស្របាល ​ពេល​ភ័យ​ខ្លាច បារម្ភ​ជ្រុល ច្រើនតែ​​ខុស។​ ​អ្នក​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ជា​មុន​សិន ទើប​អាច​គិត​​ថ្លឹង​ថ្លែង​បញ្ហា​បាន​ត្រូវ​ល្អ។

២. ស្គាល់​បញ្ហា​ឲ្យ​បាន​ជាក់​លាក់​៖ ត្រូវ​ត្រឹះ​រិះ​ពិចារណា​ថា​ការ​សម្រេច​ចិត្ត​មួយ​នេះ នឹង​មាន​ឥទ្ធិពល​បែប​ណា​ខ្លះ​មក​លើ​ជីវិត​អ្នក វា​នឹង​ផ្លាស់​ប្ដូរ​អ្វីខ្លះ ហើយ​វា​នឹង​ទៅ​បង្កើត​ឱកាស​វិជ្ជមាន និង​អវិជ្ជមាន​អ្វី​ខ្លះ។

៣. ប្រមូល​ព័ត៌មាន​ដែល​ពាក់ព័ន្ធ ឲ្យ​បាន​ច្រើន​បំផុត៖ សួរ​ខ្លួន​ឯង​ថា​តើ​ត្រូវ​ដឹងរឿង​អ្វី​ខ្លះ​ជុំវិញ​បញ្ហា​នោះ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​បន្ទាប់​មក​ចាប់​ផ្ដើម​ប្រមូល​ព័ត៌មាន​ ឲ្យ​បាន​ច្រើន​បំផុត​ ហើយ​សិក្សា​វា​ឲ្យ​អស់។ ពិសេស​គឺ​ត្រូវ​មើល​លើ​ករណី​ដែល​ស្រដៀង​គ្នា​នឹង​ស្ថានភាព​របស់​អ្នក ថា​ឥលូវ​គេ​ទទួល​បាន​លទ្ធផល​បែប​ណា​ហើយ។

(រូបតំណាង)

**៤. រក​មើល​ជម្រើស​ឲ្យ​បាន​ច្រើន** ៖ បេះដូង​របស់​មនុស្ស​យើង​​ច្រើន​លំអៀង​ពេល​គេ​ស្រលាញ់​អ្វីមួយ ដែល​ធ្វើ​ឲ្យ​គេ​មើល​មិន​ឃើញ​ជម្រើស​ផ្សេង​ទៀត​ ដែល​​សក្ដិសម​សម្រាប់​ខ្លួន​ឯង​ពិត​ប្រាកដ។ ដូច្នេះ​បើ​មិន​ចង់​ស្ដាយ​ក្រោយ គួរ​សួរ​ខ្លួន​ឯង​ថា​តើ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ទៀត​ក្រៅ​ពី​អ្វី​ដែល​ខ្លួន​កំពុង​ពេញ​ចិត្ត​នេះ ? ការ​ស្គាល់​ច្បាស់​ពី​ជម្រើស​ផ្សេង​ទៀត ​វា​ក៏​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា​តើ​សកម្មភាព​មួយ​ណា​ជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក​ដែរ​។

៥. ថ្លឹងថ្លែង​ និង​វាយតម្លៃ៖ វិភាគ​ទិន្នន័យ​ដែល​ពាក់ព័ន្ធ រួច​ហើយ​​ប្រមើល​មើល​លទ្ធផល​ដែល​អ្នក​នឹង​ទទួល​បាន ថ្លឹង​វា​ជាមួយ​នឹង​គោលដៅ​ដែល​អ្នក​ចង់​បាន និង​ទុន​ដែល​អ្នក​ត្រូវ​ចាយ​ក្រោយ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​នោះ។ អ្នក​ក៏​ត្រូវ​ប្រមើល​មើល​បញ្ហា​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង​ព្រម​ជាមួយ​គ្នា​ដែរ ដើម្បី​ត្រៀម​ខ្លួន​ប្រឈម​ជាមួយ​​វា​បាន​ល្អ។

៦. សម្រេច​ចិត្ត​ដោយ​ម៉ឹង​មាត់៖ ពេល​ច្បាស់​ថា​ខ្លួន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ក្នុង​​​​ដៃ​ហើយ ល្មម​អាច​សម្រេចចិត្ត​បាន​​ដោយ​មិន​រុញរា។ ជាមួយ​គ្នា​នោះ​ដែល​អ្ន​ក​ក៏​អាច​ដឹង​ច្បាស់​ថា​ការ​សម្រេច​ចិត្ត​មួយ​នោះ ត្រូវ​ការ​ធន​ធាន និង​​អ្នកណា​ខ្លះ​ដើម្បី​ជួយ​គាំទ្រ​ដើម្បី​ឲ្យ​ការ​សម្រេច​ចិត្ត​នេះ​ផ្ដល់​ផ្លែផ្កា​សម​តាម​បំណង។​

៧.បន្ធូរ​សម្ពាធ និង​ពិនិត្យ​ឡើង​វិញ៖ ត្រូវ​ចាំ​ថា​ក្នុង​លោក​នេះ​គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ គ្រប់​ជម្រើស​ និង​ការសម្រេចចិត្ត​របស់​អ្នក​ក៏​ដូច្នេះ​ដែរ សំខាន់​បើ​អ្នក​បាន​ប្រើ​ការ​គិត​ឲ្យ​បាន​ដិត​ដល់​មុន​សម្រេចចិត្ត​ វា​នឹង​អាច​កាត់​បន្ថយ​ការ​ប្រថុយ​ប្រថាន​បាន​ច្រើន។ ហើយ​អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយ​ឡើយ​ទោះ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ក្រោយ​ ព្រោះ​អ្នក​បាន​ធ្វើ​ល្អ​បំផុត​អស់​ពី​លទ្ធភាព​ហើយ​៕

អត្ថបទ៖ លីដា