ក្រុមហ៊ុន​ចិន​​ល្បី ៧ នឹង​ធ្វើ​ឲ្យ​រញ្ជួយ​ពិភព​បច្ចេកវិទ្យា​ថ្ងៃ​អនាគត​

  • 2019-03-02 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ​មានមូលដ្ឋាន​នៅ​ប្រទេស​ចិន​ កំពុង​​រីកលូតលាស់​​យ៉ាង​គំហុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ តាម​ការ​រីក​ចម្រើន​នេះ​ដែរ​ គេ​សម្លឹង​ឃើញ​ថា​មាន​ក្រុមហ៊ុន​ ៧ នឹង​ធ្វើ​ឲ្យ​កក្រើក​វិស័យ​សហគ្រាស​បច្ចេកវិទ្យា​នា​ថ្ងៃ​អនាគត។

១. Baidu

​គេ​ឲ្យ​ឈ្មោះ​ថា​ Google នៃ​ប្រទេស​ចិន ព្រោះ​ជា​ប្រព័ន្ធ​ស្វែង​រក​ដ៏​ល្បី​មួយ​​ក្នុង​ប្រទេស​ចិន ​ដោយ​អាច​រក​ចំណូល​បាន​ច្រើន​លើស​លប់​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ Baidu ​ក៏​​ផលិត​ផែនទី​, ព័ត៌មាន​, ប្រពន្ធ​ផ្ទុក​ទិន្នន័យ​លើ​អាកាស, ​ប្រព័ន្ធ​ទូរទស្សន៍​តាម​​អ៊ីនធឺណិត និង ​ផលិតផល​ជា​ច្រើន​ទៀត។

ក្រៅ​ពី​សេវាកម្ម​អ៊ីនធឺណិត​ ក្រុមហ៊ុន​នេះ​ក៏​បាន​ឈោង​ចាប់​យក​​ការ​ទូទាត់​លុយ​តាម​អេឡិចត្រូនិក​​ដោយ​មាន​ឈ្មោះ​ថា​ Baidu Wallet និង សេវា​កម្ម​ដឹក​ជញ្ជូន​ចំណី​អាហារ​​នៅ​ក្នុង​ទីក្រុង​ប្រមាណ​ ៧០ នៅ​ប្រទេស​ចិន​ ដែល​មាន​ឈ្មោះ​ថា​សេវាកម្ម​ Waimai។ មិន​ទាន់​ចប់​ទេ​ ក្រុមហ៊ុន​នេះ​ក៏​បាន​ធ្វើ​ការ​លើ​រថយន្ត​បើកបរ​ដោយ​គ្មាន​មនុស្ស​ទៀត​ផង។

២. Alibaba

​​​​​​​​​មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​ស្គាល់​ហើយ​​ថា​ Alibaba ជា​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​​របស់​ចិន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ពិភពលោក។ Yahoo មាន​កាន់​កាប់​ហ៊ុន​ ១៥% ​ក្នុង​ក្រុមហ៊ុន​ Alibaba នេះ​ដោយ​មាន​តម្លៃ​ប្រហែល​ ៣០ ពាន់​លាន​ដុល្លារ ដែល​តម្លៃ​នេះ​គឺ​ច្រើន​ជាង​តម្លៃ​នៃ​ជំនួញ​ស្នូល​របស់​ Yahoo ទៅ​ទៀត។

៣. Tencent

ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ Facebook របស់​ប្រទេស​ចិន។ ក្រុមហ៊ុន​នេះ​មាន​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​កម្មវិធី​ផ្ញើ​សារ​ QQ.com និង កម្មវិធី​ទំនាក់​ទំនង​ WeChat ដោយ​បាន​ក្លាយ​ជា​​ក្រុមហ៊ុន​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​​​ធំ​ទីពីរ​លើ​សកលលោក​​តាម​ពី​ក្រោយ​ Facebook ហើយ​កំពុង​បន្ត​រីក​ចម្រើន​ឥត​ឈប់ឈរ។ WeChat ផ្ទុះ​ខ្លាំង​ចាប់​តាំង​ពី​ដំណើរ​ការ​ដំបូង​នៅ​ឆ្នាំ​ ២០១០ រហូត​ដល់​ឆ្នាំ​ ២០១៣ មាន​អ្នក​ប្រើ​ប្រាស់​​ ២០០ លាន​នាក់ ហើយ​នៅ​ឆ្នាំ​ ២០១៦ កើន​ដល់​ ៧០០ លាន​នាក់។

៤. JD.com​​​​

​​​​​អាច​និយាយ​បាន​ថា​ជា​ Amazon ប្រចាំ​ប្រទេស​ចិន​ ប៉ុន្តែ​តាម​ពិត​ JD.com បាន​នាំ​មុខ​ Amazon ​លើ​​​ចំណុច​មួយ​ចំនួន។ បន្ទាប់​ពី​ដឹង​ថា​ ៧០% នៃ​​​ការ​ត្អូញត្អែរ​របស់​អតិថិជន​ខ្លួន​មាន​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ ហេតុ​នេះ​ JD.com ក៏​បាន​បង្កើន​សេវា​ដឹក​ទំនិញ​ដោយ​ខ្លួន​ឯង។

បច្ចុប្បន្ន​នេះ​​ JD.com មាន​​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​ក្នុង​​ថ្ងៃ​តែ​មួយ​ (ទិញ​ថ្ងៃ​នេះ​ដឹក​ឲ្យ​នេះ) ទៅ​កាន់​អតិថិជន​ ៦០០ លាន​នាក់​នៅ​ប្រទេស​ចិន និង សេវា​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​បន្ទាប់ (ទិញ​ថ្ងៃ​នេះ​បាន​ស្អែក) នៅ​ពេញ​ប្រទេស​ចិន។ ក្រុមហ៊ុន​ក៏​បាន​សិក្សា​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​ដោយ​ប្រើ​កូន​យន្តហោះ​ (Drone) ផង​ដែរ។

៥. Didi

ជា​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​ដឹក​ដំណើរ​ដ៏​ធំ​របស់​ប្រទេស​ចិន​ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​ក្រុមហ៊ុន​អាមេរិក​ Uber។ បច្ចុប្បន្ន​​ក្រុមហ៊ុន​នេះ​មាន​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ប្រមាណ​ ១០ លាន​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ប្រទេស​ចិន ប្រៀប​នឹង​ Uber ​នៅ​ទូទាំង​ពិភពលោក​មាន​តែ​ប្រមាណ ២ លាន​ដង​ប៉ុណ្ណោះ។

ចាប់​ដំណើរ​ការ​​នៅ​ឆ្នាំ​ ២០១២ ​មក​ទល់​សព្វ​ថ្ងៃ​នេះ​មាន​បុគ្គលិក​បម្រើ​ការ​ ៥ ០០០ នាក់ និង​មាន​តម្លៃ​ ១៦ ពាន់​លាន​ដុល្លារ។ អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ Didi ថែម​ទទួល​បាន​​ការ​បណ្ដាក់​ទុន​ ១ ពាន់​លាន​ដុល្លារ​ពី​ Apple កាល​ពី​ឆ្នាំ​ ២០១៦ ទៀត​ផង។

៦. Huawei

មិន​ត្រឹម​តែ​​រីក​ខ្លាំង​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ Huawei ក៏​បាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​​ក្រុមហ៊ុន​ស្មាតហ្វូន​​ដ៏​ធំ​មួយ​លើ​ពិភពលោក។ ជាក់​ស្ដែង​​នៅ​​ឆ្នាំ​ ២០១៦ ​Huawei បាន​ក្លាយ​ជា​ក្រុមហ៊ុន​លំដាប់​ទី​ ៣ ​លក់​ចេញ​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​ ដោយ​លក់​បាន​ ១៣៨,៨ លាន​គ្រឿង​ ​ស្មើ​នឹង​ ៩,៣% នៃ​ទីផ្សារ​សកល។

៧. Xiaomi

និយាយ​ដល់​ក្រុមហ៊ុន​ទូរសព្ទ​គូ​ប្រជែង​ធំ​បំផុត​របស់​ Huawei មិន​មែន​ Apple ឬ Samsung នោះ​ទេ​ តែ​គឺ​ជា​ Xiaomi ដែល​ជា​ក្រុមហ៊ុន​រួម​សញ្ជាតិ​តែ​មួយ។ ​ម៉ូដែល​ទូរសព្ទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ជាង​គេ​គឺ​ “Mi” ដែល​បាន​អូស​ទាញ​អ្នក​គាំទ្រ​បាន​​ជា​សហគមន៍​មួយ​មាន​សមាជិក​ ១៧០ លាន​នាក់​នៅ​ជុំ​វិញ​ពិភពលោក។

កាល​ពី​ឆ្នាំ​ទៅ​​ Xiaomi បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ខ្លួន​ល្បី​ខ្លាំង​មួយ​កម្រិត​ទៀត​បន្ទាប់​ពី​បង្ហាញ​ចេញ​ Xiaomi Mi Mix ជា​ស្មាតហ្វូន​ដែល​ស្ទើរ​តែ​គ្មាន​គែម​អេក្រង់៕​​​​​

​​​​

ប្រភព៖ ZDNet   អត្ថបទ៖ សុខ ហេង