ខ្លាំងៗមែន! និស្សិត NPIC បង្កើតបាន Drone ​យក្ស​ដ៏​ធំ អាច​ប្រើ​ជួយ​លើ​វិស័យ​កសិកម្ម​

  • 2019-03-18 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កើត​ចេញ​ជាស្នាដៃ​មួយៗ​មិនមែន​នឹក​ឃើញ​តែ​មួយ​ថ្ងៃ ហើយអាច​ធ្វើ​បាន​នោះ​ទេ ទាម​ទារ​នូវ​ការ​ធ្វើ​គម្រោងនិង​ការ​អនុវត្ត​​ច្រើន​ដង​​ ទម្រាំ​ចេញ​ជា​លទ្ធផល។ ជាក់ស្ដែង ក្រុម​និស្សិត​មួយ​ក្រុម​រួមគ្នា​បង្កើត​បាន​ដ្រូន​​​​កសិកម្ម(កូន​យន្តហោះ​គ្មាន​អ្នក​បើក​) មួយ​យ៉ាង​ធំ ជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​វិស័យ​កសិកម្មនៅ​កម្ពុជា​។

ក្រុម​និស្សិត​ឆ្នាំ​ទី ៣ និង ៤ សមាជិក​បង្កើត​ដ្រូន​កសិកម្ម​

លោក​ថ្លាង សុជេន ជា​​អ្នក​សម្រប​សម្រួល​គម្រោង​បង្កើត​ដ្រូន​​កសិកម្ម​(កូន​យន្តហោះ​គ្មាន​អ្នក​បើក​) ​និង​ជា​តំណាង​ក្រុម​និស្សិត​​ដែល​ចូល​រួមបង្កើត​គម្រោង​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ទាមទារ​ច្រើន​ទាំង​ធនធាន​មនុស្ស និង​សម្ភារៈ។ អ្វី​ដែល​ជា​បញ្ហា​ចម្បង​នៅ​ពេល​ដំណើរការ​ធ្វើ​ដ្រូន​នេះ​គឺ​៖

  • គម្រោង Proposal ត្រូវ​បាន​រៀប​ចំ និង​ដាក់​ស្នើរ​ជា​ច្រើន​ដង ទម្រាំ​តែ​មាន​ការ​យល់​ព្រម​។​
  • ពិបាក​​ស្វែង​រក​​ឧបករណ៍​​ដែល​ទាក់​ទង​ដូច​ជា ​ឧបករណ៍​​​​ទម្ងន់​​ស្រាល ធន់ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធដ្រូន​អាច​​ដំណើរ​ការបាន​។
  • ជួប​បញ្ហាបច្ចេកទេស​​ផ្នែក​កម្មវិធី(Program) ដោយ​​ប្រើ​កម្មវិធី​អូតូ​ផាយ​ឡុត (Pilot) ពិបាក​ក្នុង​ការ​​គ្រប់​គ្រង​ ព្រោះ​ត្រូវ​ការ​សេនស័រ​ល្អ និង​​លំនឹង​ពី​តួ​ដ្រូន​ទាំង​មូល​ ដើម្បី​ឲ្យ​ការ​​ហោះ​មាន​លំនឹង​​ល្អ។

ដ្រូន​​កសិកម្ម​ ឬ​(កូន​យន្តហោះ​គ្មាន​អ្នក​បើក​) មាន​ ៦ ស្លាប អាច​ផ្ទុក​ធុង​ទឹក​បាន​ចំនួន ១០ លីត្រ អាច​ហោះ​បាន​រយៈពេល ២៥ នាទី និង​ហោះ​បាន​​កម្ពស់ ៥ ម៉ែត្រ ​ជា​ស្នាដៃ​​របស់​និស្សិត​ឆ្នាំ​ទី ៣ និង​ទី ៤ ផ្នែក​មេកានិច​និង​អេឡិចត្រូនិច​ នៃ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (National Polytechnic Institute of Cambodia-NPIC) ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផ្នែក​ Hardware ដ៏​ល្បី​មួយ​នៅ​ជប៉ុន MinebeaMitsumi។

គម្រោង​នេះ​​​បាន​ចាប់​ផ្តើម​តាំង​ពី​ដើម​ខែ​មករា ទើប​រួច​រាល់​ចេញ​ជា​រូបរាង​នៅ​ខែ​មេសា ពោល​គឺ​មុន​​​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ ដើម្បី​ឲ្យ​ទាន់​ការ​ដាក់​តាំង​ពិពិរណ៍​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត។ ដោយ​ឡែក​ការ​​ធ្វើ​តេស្ត​​មិន​ទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ គឺ​ត្រូវការ​តេស្ត​ជា​មួយ​មុខងារ GPS នៅ​ខែ​សីហា​ទើប​​បញ្ចប់​ និង​ដើម្បី​ឲ្យ​ប្រាកដ​​ថា​អាច​ប្រើ​ការ​បាន​។

​មន្រ្តី​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​រូប​នេះ​បាន​បន្ត​ថា ចំពោះ​គោល​បំណង​នៃ​ការ​បង្កើត​​ដ្រូន​​​​កសិកម្ម​នេះគឺ ចង់​ឲ្យ​សិស្ស​និស្សិត​បាន​ស្វែង​យល់​ពី​ប្រព័ន្ធ​ដ្រូន ចង់​ជួយ​វិស័យ​កសិកម្ម​​នៅ​កម្ពុជា​ឲ្យ​ទំនើប​ជាង​មុន​ និង​ចង់​ពង្រីក​ចំណេះ​ដឹង​ផ្នែក​បច្ចេកទេស​​​ធ្វើ​ដ្រូន​ និង​បង្ហាញ​ឲ្យ​មហាជន​ឃើញ​ថា និស្សិត​កម្ពុជា​ក៏​មាន​សមត្ថភាព​អាច​បង្កើត​ដ្រូន​បាន​ដូច​សិស្ស​បរទេស​ដែរ៕

#ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា