Huawei កំពុង​ព្យាយាម​ក្ដោប​ក្ដាប់​យុគសម័យឌីជីថលនៅអាស៊ីអាគ្នេយ៍

  • 2019-03-18 10:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​បច្ចេកវិទ្យា​កំពុង​ដើរ​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត និង​ទូរសព្ទ​ដៃ​ក៏​កើន​ឡើង​ដូចគ្នា​ពោល​គឺ បច្ចុប្បន្ន​មាន​មនុស្ស​ប្រើ​ទូរសព្ទ​ចល័ត​ប្រមាណ ២០ លាន​នាក់ ដែល​កើន​ឡើង ៦ ដង​បើ​ធៀប​នឹង ១០ឆ្នាំ​មុន រី​ឯ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ចល័ត និង​តាម​គេហដ្ឋាន​ក៏​កើន​ឡើង​ជាង ១ ៥០០ ដង​បើ​ធៀប​នឹង ៦ ឆ្នាំ​មុន។

តួលេខ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វេទិកា​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ក្រោម​ប្រធាន​បទ “វិថី​ឆ្ពោះ​ទៅ​កាន់​ឧស្សាហកម្ម​ជំនាន់​ទី ៤ របស់​អាស៊ាន” ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ និង​ពិព័រណ៍ "ឌីជីថល​កម្ពុជា ២០១៩" ដោយ​លោក Thomas Zhou នាយក​ផ្នែក​កិច្ចការ​សាធារណៈ និង​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។

បន្ថែម​ពី​នេះ Huawei ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ហេដ្ឋារចនាសម្ព័ន្ធ ICT និង​ឧបករណ៍​ឆ្លាត​វៃ​ឈានមុខ​លើ​ពិភព​លោក ក៏​បាន​ឲ្យ​ដឹង​ថា​សេដ្ឋកិច្ច​ឌីជីថល​នៅ​អាស៊ីអាគ្នេយ៍​នឹង​ឈាន​ដល់​របត់​ដ៏​អស្ចារ្យ​មួយ​នៅ​ឆ្នាំ ២០២៥ ហើយ​ទំហំ​នៃ​សេដ្ឋកិច្ច​ឌីជីថល​នឹង​កើន​ឡើង ៣ ដង​ក្នុង​រយៈពេល ៧ ឆ្នាំ​ខាង​មុខ។

លោក Thomas Zhou បាន​និយាយ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ ក្រុមហ៊ុន​នឹង​បន្ត​ជំរុញ​ចក្ខុវិស័យ ដើម្បី​នាំ​យក​ឌីជីថល​ទៅ​កាន់​មនុស្ស​គ្រប់​រូប គ្រប់​គេហដ្ឋាន និង​គ្រប់​ស្ថាប័ន ដើម្បី​បណ្ដាញ​ត​ភ្ជាប់​ដ៏​ពេញលេញ និង​ពិភព​លោក​ដ៏​ឆ្លាត​វៃ ហើយ​លោក​ក៏​បន្ត​វិនិយោគ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា 5G, broadband, cloud, ប្រាជ្ញា​សិប្ប​និម្មិត (AI) ជាដើម។

លោក Thomas Zhou នាយក​ផ្នែក​កិច្ចការ​សាធារណៈ និង​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍

ខណៈ​ឆ្នាំ​នេះ​ជា​ខួប ២០ ឆ្នាំ​របស់​ក្រុមហ៊ុន Huawei នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ក៏​បាន​រីក​ចម្រើន​ក្លាយ​ជា​ក្រុមហ៊ុន​ឈានមុខ ជា​អ្នក​ផ្គត់​ផ្គង់ ICT ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ពិតប្រាកដ ក្នុង​ការ​ត​ភ្ជាប់​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងអស់ តាម​រយៈ​បច្ចេកវិទ្យា​ឈានមុខ ដូច​ដែល​មាន​បង្ហាញ​ក្នុង​ឧទាហរណ៍​មួយ​ចំនួន៖

  • Huawei ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ផ្នែក ICT ជាង ៨ ពាន់​នាក់​នៅ​ឆ្នាំ ២០១៨ តាម​រយៈ​កម្មវិធី​បណ្ដុះ​បណ្ដាល​ព្រឹត្តិការណ៍​រយៈពេល ៣ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ១៥-១៧ មីនា គឺ​ជា​ការ​ផ្ដួច​ផ្ដើម​រួមគ្នា​មួយ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯក​ជន ដើម្បី​​លើក​កម្ពស់​បរិស្ថាន​សហគ្រិន​ភាព​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​កម្ពុជា។

  • មជ្ឈ​មណ្ឌល​សេវាកម្ម cloud អន្តរជាតិ​ទី ៣ របស់​ក្រុមហ៊ុន Huawei ប្រចាំ​តំបន់​អាស៊ី ​អាគ្នេយ៍ បាន​បើក​សម្ពោធ​នៅ​ប្រទេស​សិង្ហ​បុរី​កាល​ពី​ខែ​មុន បន្ទាប់ពី​ហុងកុង និង​ថៃ។ មជ្ឈ​មណ្ឌល​សេវាកម្ម​មូលដ្ឋាន ផ្ដល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ cloud ដែល​មាន​លក្ខណៈ​ពេញលេញ មាន​តួនាទី​ជួយ​បង្កើន​ល្បឿន​សេដ្ឋកិច្ច​ឌីជីថល​ឲ្យ​កាន់​តែ​ប្រសើរ។

  • ឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei បាន​ផ្ដល់​ដំណោះ​ស្រាយ​ផ្នែក​ទំនាក់​ទំនង​តាម​វីដេអូ​បន្ទាន់ eLTE មួយ ក្នុង​ការ​ជួយ​សង្គ្រោះ​កីឡាករ​បាល់ទាត់​វ័យក្មេង ១៣ នាក់ ដែល​បាន​ជាប់​នៅ​ក្នុង​រូង​ភ្នំ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ។

  • នៅ​ប្រទេស​បង់​ក្លាដេស រថយន្ត​បណ្ដុះ​បណ្ដាល​ឌីជីថល​របស់​ក្រុមហ៊ុន Huawei អាច​ផ្ដល់​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា ដល់​មាត់ទ្វារ​ផ្ទះ​របស់​ស្ត្រី​នៅ​តាម​ភូមិ​ដាច់​ស្រយាល។ នៅ​ចុង​ឆ្នាំ ២០១៨ ស្ត្រី​ជាង ១៦ ២០០ នាក់​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​តាម​រយៈ​កម្មវិធី “education on wheels” ។

ក្រុមហ៊ុន Huawei ក៏​បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​នៃ "ឌីជីថល​កម្ពុជា ២០១៩" ដោយ​មាន​សារ​ដ៏​សាមញ្ញ​មួយ​ថា៖ "យើង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​នាំ​យក​ឱកាស​ដ៏​ធំ​ធេង និង​រួម​ចំណែក​ឆ្ពោះ​ទៅ​កាន់​ភាព​វៃ​ឆ្លាត​បណ្ដាញ​ត​ភ្ជាប់​សេដ្ឋកិច្ច​ឌីជីថល​នៅ​អាស៊ីអាគ្នេយ៍​ដ៏​ពេញលេញ"៕

អត្ថបទ៖ វិទូ

អត្ថបទថ្មី