មិនឲ្យចាញ់គេ! នៅអាហ្វ្រិកខាងត្បូងដាច់ភ្លើង១សប្ដាហ៍សោះ ជ្រួលច្របល់មិនធម្មតា

  • 2019-03-21 02:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងចក្រ, ភ្លើង​សញ្ញា​ចរាចរ និង​បណ្ដាញ​ទំនាក់ទំនង​ទូរស័ព្ទ ត្រូវ​បាន​កាត់​ផ្ដាច់​ទូទាំង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ចន្ទ​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ពេញ​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

នៅ​ក្នុង​ទីក្រុង Johannesburg ដែល​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​ប្រទេស មាន​ភាព​រញ៉េរញ៉ៃ​ខ្លាំង​ដោយ​សារ​ដាច់​ភ្លើង​ស្ដុប​បង្ក​ឲ្យ​មាន​ការ​ជាប់​គាំង​ចរាចរ​ជា​ច្រើន​ម៉ោង។ លើស​ពី​នេះ​ទៀត អ្នក​ធ្វើ​ការ​ត្រូវ​បញ្ចប់​ម៉ោង​ការងារ​មុន​ពេល​កំណត់​ដើម្បី​ត្រលប់​ទៅ​ផ្ទះ​មុន​ពេល​ដែល​ភ្លើង​ត្រូវ​បាន​កាត់​ផ្ដាច់។ ចំណែក​ឯ​នៅ​តំបន់​ប្រជុំជន​ខ្លះ​ទៀត អាជីវកម្ម​ជា​ច្រើន​បាន​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​ដាច់​ភ្លើង​បង្ខំ​ឲ្យ​ម្ចាស់​ហាង​បិទ​ទ្វារ​ជា​ច្រើន​ម៉ោង។ ក្រៅ​ពី​នេះ កង្វះ​ខាត​ទឹក​ក៏​ជា​បញ្ហា​ប្រឈម​ផង​ដែរ​ដោយ​សារ​មិនមាន​អគ្គិសនី​សម្រាប់​បូម​ទឹក។

ក្រុមហ៊ុន​រដ្ឋ Eskom ដែល​ជា​អ្នក​ចែក​ចាយ​អគ្គិសនី​ទូទាំង​ប្រទេស បាន​កាត់​បន្ថយ​អគ្គិសនី​ចំនួន ៤ ០០០ មេហ្គាវ៉ាត់​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ដោយ​សារ​តែ​កង្វះ​ខាត​ថាមពល។ ចំពោះ​មូលហេតុ​ដែល​ក្រុមហ៊ុន​កំពុង​ជួប​នៃ​ការ​ខ្វះ​ខាត​ថាមពល គឺ​ដោយ​សារ​មិន​អាច​ទិញ​ភ្លើង​ពី​ប្រទេស​ម៉ូហ្សុំប៊ិក​ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ព្យុះ​ស៊ីក្លូន។

ជាមួយ​គ្នា​ដែរ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​បាន​ចេញ​មុខ​សុំ​ទោស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា "យើង​ពិត​ជា​សុំ​ទោស​ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​ទាំង​អស់​ចំពោះ​បញ្ហា​នេះ។ ខ្ញុំ​ជឿជាក់​ថា​យើង​នឹង​អាច​ដោះ​ស្រាយ​វា​បាន​ក្នុង​រយៈ​ពេល​ពីរ បី​ថ្ងៃ​ទៀត។” និយ័តករថាមពលជាតិ បាន​ប៉ាន់​ប្រមាណ​ថា​ការ​ដាច់​ភ្លើង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ខាត​បង់ ១៤០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ៕

ប្រភព៖ Xinhua   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី