ឃើញគេកាន់ទូរសព្ទថតរូបបែប Close-Up ចេញមកភ្លឹងៗ តាមពិតអ្នកជំនាញប្រើវិធីនេះតា៎
- 2019-03-21 02:48:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញគេកាន់ទូរសព្ទថតរូបបែប Close-Up ចេញមកភ្លឹងៗ តាមពិតអ្នកជំនាញប្រើវិធីនេះតា៎
ចន្លោះមិនឃើញ
ការថតរូបបែប Close-Up ជារូបថតមួយបែបដែលតែងតែបង្ហាញ Subject ជិត ឬធំ ដោយចង់ឲ្យអ្នកទស្សនាបានគយគន់ពីសម្រស់ko Subject របស់អ្នកថតកាន់តែជិត និងកាន់តែច្បាស់។
ដោយឡែកអ្នកនិយមថតរូបតាមកាមេរ៉ាទូទៅ អាចមិនមែនជាការលំបាកឡើយ ដោយគេតែងមានប្រភេទ Lens Zoom ឬ Macro សម្រាប់ផ្លាស់ប្ដូរ តែចំពោះអ្នកថតរូបតាមទូសព្ទវិញ ទោះបីអាច Zoom បាន ក៏គុណភាពបច្ចុប្បន្ននៅមិនទាន់ដល់កម្រិតនៅឡើយ។
ក្នុងវីដេអូនេះ យើងនឹងបង្ហាញពីវិធីមួយចំនួន ដែលអ្នកជំនាញថតរូប Close Up តាមទូរសព្ទតែងតែប្រើ៖
១. កត្តាពន្លឺ
ការថតរូបតែងតែត្រូវការពន្លឺ រីឯរូបភាពបែបជិតៗនេះក៏ដូចគ្នា។ គួរស្វែងរកទីតាំងដែលមានពន្លឺ ឬព្យាយាមធ្វើយ៉ាងណាឲ្យពន្លឺជះចូល Subject អ្នកឲ្យបានច្រើន។ តែក៏ត្រូវប្រយ័ត្នដូចគ្នាចំពោះពន្លឺព្រះអាទិត្យ ព្រោះវាអាចធ្វើឲ្យរូបអ្នកស្អាត ហើយក៏អាចធ្វើឲ្យរូបអ្នកឆេះដូចគ្នា ដែលភាសាបច្ចេកទេសគេហៅថា Over Expose។ ម៉ោងដែលល្អសម្រាប់ថតគឺពេលព្រឹកព្រលឹម និងក្រោយថ្ងៃត្រង់។
២. ព្យាយាមកាន់ឲ្យហ្នឹង
ជាទូទៅពេលចង់ថតរូបបែប Close Up អ្នកត្រូវខិតឲ្យជិត Subject តាមដែលអាចធ្វើបាន ហើយអ្នកនឹងឃើញSubject ធំសឹងពេញ Frame។ នេះជាមូលហេតុធ្វើឲ្យរូបបែប Close Up ងាយ Blur ឬមិនច្បាស់ ជាងរូបធម្មតា។ ដំណោះស្រាយ អ្នកគួរព្យាយាមកាន់ឲ្យហ្នឹងមុននឹងចុចថត ឬប្រើជើងកាមេរ៉ាជំនួយក៏កាន់តែល្អ។
៣. Focus គ្រប់ពេលមុនចុចថត
រូបប្រភេទ Close Up អ្វីដែលអ្នកត្រូវប្រាកដក្នុងចិត្តនោះគឺ Subject ត្រូវតែច្បាស់ល្អ។ ដូច្នេះអ្នកមិនត្រូវរំពឹងលើ Auto Focus ពេកនោះទេ ពិសេសក្នុងប្លង់ដែលរញ៉េរញ៉ៃ ព្រោះវាងាយនឹង Focus ខុស។ អ្នកត្រូវប្រាកដថា មុនពេលចុចថត អ្នកបានចុច Focus លើ Subject ដែលអ្នកចង់បានរួចហើយ។
៤. ប្រយ័ត្នចំពោះ Background
ពេលថតរូបប្រភេទនេះ អ្នកប្រហែលជាគិតថាឲ្យតែផ្ទៃខាងក្រោយព្រាល ហើយ Subject ច្បាស់នៅខាងមុខគឺល្អហើយ។ តែមិនប្រាកដនោះទេ ប្រសិនផ្ទៃខាងក្រោយមានពណ៌ច្រើនពេក វាក៏អាចធ្វើឲ្យរូបមិនសូវមានភាពទាក់ទាញដែរ។ គួរតែរកផ្ទៃខាងក្រោយមានផ្ទៃលាត និងពណ៌តិច ហើយអ្នកក៏អាចសាកយកមេឃជា Background ក៏ល្អម្យ៉ាងដែរ។
៥. ព្យាយាមច្នៃប្លង់ឲ្យបានច្រើន
ឧទាហរណ៍ បើអ្នកគ្រាន់តែថតផ្កាមួយពីចំហៀង ហើយព្រាលខាងក្រោយ យូរទៅអ្នកខ្លួនឯងប្រាកដជាស៊ាំ។ ដូច្នេះ គួរសាកប្ដូរប្លង់ ម្ដងពីលើ ម្ដងពីក្រោម ហើយបើអាចគួរច្នៃបន្ថែមដូចជាប្ដូរពណ៌ Background ប្លាតជាមួយទឹកបង្ហាញជាទេសភាពព្រាលៗពីក្រោយដែលភាសាបច្ចេកទេសហៅថា Reflection ឬអាចបន្តក់ទឹកលើផ្កានោះ ១ ដំណក់ ២ ក៏បាន៕