ចំណុច​សំខាន់​ដែល​យុវវ័យ​ត្រូវ​មាន​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឯង​ឲ្យ​ប្រសើរ​ឡើង

  • 2019-04-23 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កត្តា​បី​យ៉ាង​ដែល​ជួយ​ឲ្យ​យុវជន អភិវឌ្ឍន៍​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទាំង​ចំណេះដឹង និង​ជំនាញ​ធ្វើ​នោះ​រួម​មាន ការ​ស្គាល់​ខ្លួន​ឯង ហ្វឹកហាត់​ខ្លួន​ឯង និង​ចែក​រំលែក​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​។ នេះ​ជា​ការ​បង្ហើប​ប្រាប់​ពី​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​ម្នាក់ ខណៈ​ខ្ញុំ (អ្នកនិពន្ធ) បាន​ជួប​ជែក​គ្នា​នៅ​តុ​កាហ្វេ កាល​ពី​ពេល​កន្លង​ទៅ​។ ការ​ពន្យល់​របស់​លោក​សាស្ត្រាចារ្យ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​បាន​កាន់​តែ​ច្បាស់​ពី​ចំណុច​ទាំង​បី​ដែល​លោក​បាន​លើក​ឡើង​ខាង​លើ។ លោក​ពន្យល់​ថា៖

ទី​១ ការ​ស្គាល់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ និយាយ​ងាយ​ស្ដាប់ ស្ដាប់​ងាយ​យល់ តែ​មិន​ងាយ​ធ្វើ​នោះ​ទេ​។ ព្រោះ​ថា បើ​ចង់​ស្គាល់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ត្រូវ​ចេះ​សង្កេត​មើល​ខ្លួន​ឯង​ជា​រឿយៗ ហើយ​ត្រូវ​ចេះ​ទទួល​ស្គាល់ ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​របស់​ខ្លួន​។ ត្រង់​នេះ​គឺ​ស្រប​ទៅ​នឹង​មេរៀន​ពលរដ្ឋវិទ្យា​ថ្នាក់​ទី​១២ ដែល​បាន​ឲ្យ​និយមន័យ ការ​ស្គាល់​ខ្លួន​ឯង គឺ​ស្គាល់​នូវ​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង​។ ដោយ​សារ​យុវវ័យ​សម័យ​ឥឡូវ​អំនួត និង​មានះ​ពេក ទើប​ធ្វើ​ឲ្យ​ពួក​គេ ងងឹត​ភ្នែក​ខាង​ក្នុង មើល​ខ្លួន​ឯង​មិន​ស្គាល់​។ ដូច្នេះ​ការ​ស្គាល់​ខ្លួន​ឯង ជា​ចំណុច​ដំបូង​ដែល​អាច​ឲ្យ​យុវជន ចេះ​ប៉ះប៉ូវ​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្លះ​ខាត​របស់​ខ្លួន ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។

ទី​២ ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ក្លា​ឡើង នៅ​ពេល​ដែល​ដឹង​ថា​ខ្លួន​ឯង​ខ្វះខាត​ចំណុច​ណា​មួយ ដែល​ជា​កត្តា​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​រីក​ចម្រើន​បាន យុវជន​ត្រូវ​ចេះ​កែ​លម្អ និង​ហាត់​រៀន​បន្ថែម ដើម្បី​ពង្រឹង​ចំណុច​នោះ​ឲ្យ​ល្អ​ប្រសើរ​។ ការ​ខ្ជិល​ច្រអូស និង​ការ​ប្រមាទ (​ធ្វេស​ប្រហែស​) គឺ​ជា​ឧបសគ្គ រារាំង​មិន​ឲ្យ​យុវជន​ហ្វឹកហាត់​ខ្លួន​បាន​។

អាន​ដើម្បី​បង្កើន​បញ្ញា

**ទី​៣ ចែក​រំលែក​ទៅ​កាន់​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន** មាន​គុណសម្បត្តិ​ច្រើន​យ៉ាង​ដូច​ជា អាច​វាស់​ស្ទង់​សមត្ថភាព​ខ្លួន​ឯង មាន​ឱកាស​ទទួល​គំនិត​ល្អៗ និង​ថ្មីៗ​ច្រើន មាន​ទំនាក់ទំនង​សង្គម​ល្អ និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាហាន​។ យុវជន​មួយ​ចំនួន​ច្រើន​តែ​កំណាញ់​ចំណេះ ហើយ​មួយ​ចំនួន​ទៀត​ឫក​ខ្ពស់​មិន​ចេះ​សួរ​គេ​ព្រោះ​អៀន​ខ្មាស​។ ដូច្នេះ​ការ​កំណាញ់​ចំណេះ ធ្វើ​ឲ្យ​មនុស្ស​អាប់​បញ្ញា ក្រិន​គំនិត​មិន​រីកចម្រើន​ឡើយ​។ រីឯ​ការ​ប្រកាន់​ឫក​ពារ​ខ្ពស់ ខ្មាស​អៀន​ច្រើន មិន​ខុស​អ្វី​ពី​ការ​ខ្លាច​ចេះ​ដឹង​នោះ​ទេ​។

ចែក​រំលែក​ដើម្បី​បង្កើន​ចំណេះ​ដឹង

ចំណុចសំខាន់ៗទាំង៣ ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ ជា​កត្តា​រួម​ផ្សំ ដោយ​មាន​ទំនាក់ទំនង​គ្នា​ជា​ចាំបាច់​តាម​លំដាប់​លំដោយ គឺ​ថា មនុស្ស​ត្រូវ​ស្គាល់​ខ្លួន​ឯង​ជា​មុន​សិន​ទើប​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន ពេល​ណា​ដឹង​ពី​ចំណុច​ខ្វះខាត ខ្លាំង​ខ្សោយ​របស់​ខ្លួន​ឯង​ហើយ ទើប​អាច​រិះរក​មធ្យោបាយ​ដើម្បី​បំពេញ​បន្ថែម គឺ​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លួន បន្ទាប់​មក​ទៀត​ដើម្បី​ដឹង​ពី​សមត្ថភាព​ពិត​របស់​ខ្លួន និង​រក្សា​ចំណេះ​ជំនាញ​ខ្លួន​ឲ្យ​រឹងមាំ មនុស្ស​ត្រូវ​ចេះ​ចែក​រំលែក​ទៅ​កាន់​អ្នក​នៅ​ជុំវិញ​ខ្លួន​៕

អត្ថបទ៖ ឈិន ធារ៉ាត់

អត្ថបទថ្មី