ផ្អែក​តាម​ស្ថានភាព​បច្ចុប្បន្ន​ តើ«បាល់ទាត់ និងប្រដាល់»មួយណាល្បីជាង?

  • 2019-05-02 23:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​បាន​និយាយ​ថា​ កីឡា​បាល់ទាត់​មាន​ប្រជា​ប្រិយភាព​លំដាប់​ទី​១​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​អាច​ស្ថិត​នៅ​លំដាប់​ទី​២។ យ៉ាង​ណា​ ប្រហែល​ជា​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ សង្កេត​ឃើញ​ថា​ កីឡា​ប្រដាល់​​​មាន​សន្ទុះ​អ្នក​គាំទ្រ​ខ្លាំង​មិន​ចាញ់​បាល់ទាត់​ឡើយ​​ទាំង​នៅ​ទី​ក្រុង​ និង​ជន​​​បទ។

អ្នក​គាំទ្រ​បាល់ទាត់​មាន​សន្ទុះ​ខ្លាំង​

អ្នក​គាំទ្រ​កីឡា​បាល់ទាត់​​ក្នុង​ប្រទេស​កម្ពុជា​​ស្តែង​ចេញ​ជា​រូប​រាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​បំផុត​នៅ​ពេល​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជម្រុះ​​ 2018 World Cup កាល​ពី​ឆ្នាំ​២០១៥​ទល់​នឹង​ក្រុម​ភ្ញៀវ​​ម៉ាកាវ​ នៅ​ស្តាត​ចាស់។ ប្រកួត​​ថ្ងៃ​ទី​១២​ មីនា​ ​២០១៥​ អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​បាន​ចូល​​ទស្សនា​ពេញ​ស្តាត​ចាស់​​​គឺ​មាន​ចំនួន​​ជាង​៨​ពាន់​នាក់។ សរុប​ទាំង​ពីរ​ជើង​ កម្ពុជា​ ឈ្នះ​ម៉ាកាវ ៤-១ ឡើង​ជុំ​ទី​២​វគ្គ​ជម្រុះ​។

អ្នក​គាំទ្រ​ខ្មែរ​ពេល​កម្ពុជា​ប្រកួត​ជាមួយ​ម៉ាកាវ​នៅ​ស្តាត​ចាស់

វគ្គ​ជម្រុះ​ជុំ​ទី​២​ 2018 ​FIFA​ World​ Cup​ qualification​ –​ AFC​ Second​ Round ​ពូល​ E ​គឺ​៤​​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់។ កម្ពុជា​ចាញ់​សិង្ហបុរី​ ០-៤ ថ្ងៃ​ទី​១១ មិថុនា ២០១៥​ មាន​អ្នក​គាំទ្រ​ចំនួន​៦ ៣០០០​នាក់។ កម្ពុជា​ចាញ់​អាហ្វហ្គានីស្ថាន​ ០-១ ថ្ងៃ​ទី​១៦ មិថុនា ២០១៥ មាន​អ្នក​គាំទ្រ​ ៥ ៥០០០​នាក់។ កម្ពុជា​ចាញ់​ស៊ីរី​ ០-៦ ​ថ្ងៃ​ទី​៨​ ​កញ្ញា​ ២០១៥​មាន​អ្នក​គាំទ្រ​ ៣ ៥០០០​​ នាក់។ កម្ពុជា​ចាញ់​ជប៉ុន​ ០-២ ​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ មាន​អ្នក​គាំទ្រ​ ២៩ ៨៧១​នាក់។

ទិដ្ឋភាព​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា

សូម្បី​​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ និង​​ពាន​រង្វាន់​យុវជន​កម្រិត​អាស៊ី​ អាស៊ាន​​ចន្លោះ​ឆ្នាំ​២០១៥-២០១៦ នៅ​ទឹក​ដី​កម្ពុជា​ក៏​មាន​​សន្ទុះ​​អ្នក​គាំទ្រ​ខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ពេល​នោះ​ ការ​ប្រកួត​លីគ​​កម្ពុជា​ក៏​​មាន​សន្ទុះ​អ្នក​គាំទ្រ​​ច្រើន​ដែរ​នៅ​ពេល​ក្លឹប​ធំ​ៗ​​ប៉ះ​គ្នា​នៅ​អូឡាំពិក​ ដូច​ជា​ភ្នំពេញ​ជួប​បឹងកេត​ជា​ដើម។ លើស​ពី​នេះ​ទៀត​ ការ​ប្រកួត​ពាន​រង្វាន់​ Toyota Mekong Cup ដែល​បឹងកេត​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក៏​មាន​អ្នក​គាំទ្រ​ច្រើន​ដែរ។

អ្នក​គាំទ្រ​បាល់ទាត់​មាន​សន្ទុះ​ថយ​ចុះ​

ប្រហែល​ជា​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​គាំទ្រ​បាល់ទាត់​បាន​ថយ​ចុះ​ជា​បណ្តើរ​​ៗ​ ទោះ​ជា​ការ​ប្រកួត​​អន្តរជាតិ​​របស់​ក្រុម​ជម្រើស​ជាតិ​ក្រុម​ធំ​ ក្រុម​យុវជន​ ឬ​ពាន​រង្វាន់​កម្រិត​អាស៊ាន ឬ​​អាស៊ី​ជា​ច្រើន។ ចំនួន​ដែល​ធ្លាប់​ទស្សនា​រាប់​ម៉ឺន​នាក់​​បែរ​ជា​ថយ​ចុះ​ស្ទើរ​តែ​ពាក់​កណ្តាល។ ចំពោះ​ការ​ប្រកួត​លីគ​កម្ពុជា​​២​រដូវ​កាល​ចុង​ក្រោយ​ ​ឬ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFC Cup​ ជា​ដើម​ក៏​កាន់​តែ​ខ្សត់​ខ្សោយ​អ្នក​គាំទ្រ។

ចាន់ វឌ្ឍនាកា ថត​ជា​មួយ​អ្នក​គាំទ្រ

បញ្ហា​ដែល​​មាន​ឥទ្ធិពល​លើ​ទឹក​ចិត្ត​អ្នក​គាំទ្រ​​ធ្វើ​ឲ្យ​ថយ​ចុះ​អាច​បណ្តាល​មក​ពី​​លទ្ធផល​នៃ​ការ​ប្រកួត​​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​មិន​សូវ​ទទួល​បាន​គាប់​ប្រសើរ​គិត​ចាប់​ពី​ជម្រុះ​ 2018 ​FIFA​ World​ Cup​ qualification​ –​ AFC​ Second​ Round។ ចំណែក​ការ​ប្រកួត​ក្នុង​លីគ​រឹត​តែ​​គ្មាន​​អ្វី​ដែល​ទាក់​ចិត្ត​អ្នក​គាំទ្រ​ដោយ​សារ​តែ​កម្រិត​បច្ចេកទេស​ និង​​គុណភាព​របស់​ក្រុម​ក្នុង​លីគ​ បើ​ធៀប​​នឹង​ក្រុម​របស់​ប្រទេស​ក្នុង​តំបន់។

លើស​​ពី​នេះ​​ទៀត​ ​ក្រុម​ជា​ច្រើន​​ក្នុង​លីគ​កម្ពុជា​បាន​ និង​កំពុង​កសាង​​បណ្តាញ​អ្នក​គាំទ្រ​រៀង​ៗ​​នៅ​ពេល​ដែល​​ពួក​គេ​បាន​ធ្វើ​ទី​លាន​ផ្ទាល់​ខ្លួន​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ​ និង​តាម​ខេត្ត។ ដំណាក់​កាល​​នេះ​​ជា​ពេល​​កំពុង​​​រៀប​ចំ​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​​ ហើយ​ទី​លាន​ខ្លះ​មិន​ទាន់​រួច​រាល់​ ដូច្នេះ​នៅ​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ស្រូប​យក​​អ្នក​គាំទ្រ​នៅ​ឡើយ។ បើ​និយាយ​​ពី​ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup ​ក៏​មិន​មាន​អ្នក​គាំទ្រ​ច្រើន​គួរ​ឲ្យ​កត់​សំគាល់​ដែរ។

សកម្មភាព​ប្រកួត​លីគ​កម្ពុជា​រវាង​វិសាខា និង​អគ្គិសនី​កម្ពុជា

អ្នក​គាំទ្រ​កីឡា​ប្រដាល់​

កាល​ពី​​​ប៉ុន្មាន​ឆ្នាំ​មុន​ កីឡា​ប្រដាល់​ប្រចាំ​សប្តាហ៍​ភាគ​ច្រើន​ប្រកួត​តែ​កីឡាករ​ខ្មែរ​ប៉ះ​ខ្មែរ​ប៉ុណ្ណោះ​ ខណៈ​ការ​ប្រកួត​អន្តរជាតិ​ភាគ​ច្រើន​ធ្វើ​ឡើង​៣​ខែ​ម្តង​ ឬ​សង្វៀន​​ខ្លះ​រៀប​ចំ​ការ​ប្រកួត​អន្តរជាតិ​​១​ដង​ ឬ​២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ ការ​ប្រកួត​​​លក្ខណៈ​កីឡាករ​ខ្មែរ​ប៉ះ​ខ្មែរ​ក៏​មាន​មនុស្ស​ចូល​មើល​ច្រើន​ដែរ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​វិញ​ពិត​ជា​ទទួល​អ្នក​គាំទ្រ​ណាស់​ ស្ទើរ​ពេញ​សង្វៀន​រាល់​ប្រកួត​ម្តង​ៗ​។ ពេល​នោះ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ឧបត្ថម្ភ​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ខ្មែរ​ដែល​ប្រកួត​អន្តរជាតិ​ទៀត​ផង។

ក្រោយ​មក​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក៏​បាន​រៀប​ចំ​​ជា​រៀង​រាល់​សប្តាហ៍​​ដោយ​ស្ទើរ​តែ​គ្មាន​សង្វៀន​ណា​ដែល​មាន​ការ​ប្រកួត​គូ​ជាតិ​ទាំង​អស់​នោះ​ទេ។ ជា​មួយ​គ្នា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ដែល​មាន​កីឡាករ​បរទេស​ចូល​រួម​ប្រកួត​ថែម​ទៀត។ ចំពោះ​អ្នក​គាំទ្រ​​នៅ​តែ​មាន​ច្រើន​​ស្ទើរ​ពេញ​ៗ​សង្វៀន​ដូច​សម័យ​កាល​ដែល​ប្រកួត​​៣​ខែ​ម្តង​​ក្នុង​មួយ​ឆ្នាំ​ ឬ​​មួយ​ឬ​​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។

អ្នក​គាំទ្រ​កីឡា​ប្រដាល់

យ៉ាង​ណា​ សង្វៀន​ដែល​មាន​អ្នក​គាំទ្រ​​ច្រើន​ស្ទើរ​ពេញ​ៗ​រាល់​សប្តាហ៍​​គឺ​​បណ្តាល​មក​ពី​ទី​កន្លែង​ជិត​ទី​ប្រជុំ​​ជន​ ឬ​តំបន់​រោង​ចក្រ​ដែល​សំបូរ​អ្នក​មក​ពី​ខេត្ត​ច្រើន។ ចំពោះ​សង្វៀន​ខ្លះ​ដែល​​មិន​ស្ថិត​​នៅ​ជិត​ទី​ប្រជុំ​ជន​ ឬ​រោង​ចក្រ​កាន់​តែ​​ខ្សត់​អ្នក​គាំទ្រ​ ហើយ​​ខ្លះ​ឈាន​ដល់​បិទ​​ក៏​មាន។

អ្នក​គាំទ្រ​ច្រើន​បំផុត​គឺ​ការ​ប្រកួត​​ប្រដាល់​​គោ​ជល់​របស់​សង្វៀន​ CNC ដែល​រៀប​ចំ​នៅ​តាម​ខេត្ត។ បន្ទាប់​ជោគជ័យ​រៀប​ចំ​ការ​ប្រកួត​នៅ​ខេត្ត​បាត់ដំបង​ និង​កំពង់ស្ពឺ​ គឺ​ការ​ប្រកួត​នៅ​ខេត្ត​កំពង់ធំ​​កាល​ពី​ថ្ងៃ​​សៅរ៍​ ទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៩​កន្លង​ទៅ​​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​មិន​ធ្លាប់​មាន។ តំណាង​រៀប​ចំ​កម្ពុជា​បាន​ប្រកាស​ថា​ អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ពេញ​សង្វៀន​ដែល​មាន​ចំនួន​ជាង​១​ម៉ឺន​នាក់​ដែល​នេះ​ជា​ចំនួន​ច្រើន​មិន​​ធ្លាប់​មាន។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ខេត្ត​កំពង់​ធំ​ថា អ្នក​ទៅ​មើល​​ផ្ទាល់​មិន​ត្រឹម​តែ​អ្នក​នៅ​ទី​រួម​ខេត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​អ្នក​មក​ពី​ស្រុក​ផ្សេង​ៗ​​ទូទាំង​ខេត្ត​កំពង់ធំ​ដែល​អ្នក​ខ្លះ​ស្ទើរ​ដំណើរ​ចម្ងាយ​៣០​ទៅ​៤០​គីឡូ​ម៉ែត្រ​ដើម្បី​បាន​មើល​ការ​ប្រកួត​នេះ។

កត្តា​ដែល​ប្រដាល់​នៅ​តែ​ល្បី​

ការ​ប្រកួត​អន្តរជាតិ​ក្នុង​ស្រុក៖ អ្នក​គាំទ្រ​ដឹង​ហើយ​ រាល់​ចុង​សប្តាហ៍​​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​ជា​មួយ​កីឡាករ​បរទេស​​ដែល​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តាម​ដាន​ជា​ប្រចាំ។ មិន​ត្រឹម​ប៉ុណ្ណោះ​​ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​រឹត​​តែ​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​តាម​ដាន​ខ្លាំង​ឡើយ។ ​

ទិដ្ឋភាព​អ្នក​ទស្សនា​ប្រដាល់​របស់ CNC នៅ​ខេត្ត​កំពង់ធំ (រូពថត៖ Red Bull)

ការ​ប្រកួត​​អន្តរជាតិ​ក្រៅ​ស្រុក​៖ ទន្ទឹម​នេះ កីឡាករ​ កីឡា​ការិនី​ខ្មែរ​ជា​ច្រើន​​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ហើយ​​​ពួក​គេ​មួយ​ចំនួន​ក៏​ទទួល​បាន​លទ្ធផល​​ល្អ​ប្រសើរ​ដែរ។ ទាំង​នេះ​ជា​ផ្នែក​សំខាន់​មួយ​ឲ្យ​ជំរុញ​វិស័យ​គុន​ខ្មែរ​កាន់​តែ​ល្បី។

ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ផ្លូវ​ការ៖ កីឡា​ប្រដាល់​គុន​ខ្មែរ​មាន​មុខ​ក្នុង​កីឡា​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១៧​​ដែល​អ្នក​លេង​គុន​ខ្មែរ​ ឃុន ឌីម៉ា​ ឈ្នះ​មេដាយ​មាស​ដែល​ក៏​ជា​ឥទ្ធិពល​ផ្សព្វផ្សាយ​ដ៏​ល្អ​មួយ។

ឃុន ឌីម៉ា ឈ្នះ​មេដាយ​មាស​​ស៊ីហ្គេម​២០១៧

អ្នក​មើល​តាម​ផេក​ផ្សាយ​ផ្ទាល់​

ចំនួន​អ្នក​ទស្សនា​តាម​ផេក​ដែល​ផ្សាយ​ចេញ​ពី​ទូរទស្សន៍​ក៏​ខុស​ប្លែក​គ្នា។ ផេក​​​ BTV Cambodia ដែល​ផ្សាយ​ផ្ទាល់​ពី​​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​​ជា​មធ្យម​មាន​អ្នក​គាំទ្រ​មើល​ 1K ឬ​ច្រើន​ជាង​នេះ​​ពេល​គូ​សំខាន់​ប្រចាំ​សប្តាហ៍។ ការ​ប្រកួត​ Hun Sen Cup ​នៅ​តាម​ខេត្តដែល​ទូរទស្សន៍​នេះ​ផ្សាយ​ផ្ទាល់​ក៏​មិន​សូវ​មាន​ច្រើន​ដែរ។ លើក​លែង​តែ​ការ​ប្រកួត​របស់​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទើប​មាន​អ្នក​គាំទ្រ​​ច្រើន​ចាប់​ពី​ 2K ឡើង។

ផ្ទុយ​ទៅ​ឃើញ​ថា ​អ្នក​មើល​ច្រើន​រាប់ K ​នៅ​ពេល​​វ៉ៃ​គូ​អន្តរជាតិ​សំខាន់​ៗ​ ប៉ុន្តែ​គូ​ជាតិ​មិន​សូវ​​សំខាន់​ ក៏​ពុំ​មាន​មើល​ច្រើន​រាប់ K ដែរ។ ទោះ​ជា​យ៉ាង​ណា បើ​ធៀប​ជា​មួយ​បាល់ទាត់​ អ្នក​មើល​ប្រដាល់​ច្រើន​ជាង។ ភាព​ខុស​គ្នា​នៃ​ការ​ចូល​មើល​​គឺ​ថា កីឡា​ប្រដាល់​ចូល​មើល​ដោយ​សេរី​ ប៉ុន្តែ​បាល់ទាត់​ទិញ​សំបុត្រ​ទើប​ចូល​បាន។

លក់​សំបុត្រ​​ចូល​ទស្សនា​

ការ​ប្រកួត​ពាន​រង្វាន់​​អន្តរជាតិ​ មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ​ និង​យុវជន​តាំង​ពី​ដើម​មក​គឺ​លក់​សំបុត្រ។ កាល​ពី​ឆ្នាំ​២០១៥​ អ្នក​គាំទ្រ​ទិញ​សំបុត្រ​ស្ទើរ​គ្មាន​សល់​ចូល​ទស្សនា​ ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​​មិន​សូវ​កកកុញ​គ្នា​ដើម្បី​ទិញ​សំបុត្រ​ឡើយ។

ក្រុម​បាល់ទាត់​កម្ពុជា​

ចំណែក​ការ​ប្រកួត​លីគ​កម្ពុជា​ និង​ Hun Sen Cup រឹត​តែ​ងាយ​ស្រួល​ក្នុង​ការ​ទិញ​សំបុត្រ។ បើ​ទោះ​ជា​បី​ជា​តម្លៃ​សំបុត្រ​៤​ពាន​រៀល​​សម្រាប់​កន្លែង​ធម្មតា​ ឬ​​​៨​ពាន់​រៀល​សម្រាប់​កន្លែង​ពិសេស​ក៏​មិន​​បាន​ស្វែង​រក​ទិញ​សំបុត្រ​ឡើយ។

បើ​និយាយ​ពី​ប្រដាល់​វិញ​ គ្រប់​សង្វៀន​​ប្រដាល់​នៅ​​រាជ​ធានី​ភ្នំពេញ​គ្មាន​លក់​សំបុត្រ​ឡើយ​ពោល​គឺ​ចូល​មើល​ដោយ​ឥត​គិត​ថ្លៃ។ ដូច្នេះ​ការ​មិន​លក់​សំបុត្រ​អាច​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជំរុញ​ឲ្យ​ប្រដាល់​មាន​អ្នក​មើល​​ផ្ទាល់​ច្រើន​ និង​កាន់​តែ​ល្បី​ជា​លំដាប់។ ​

យ៉ាង​ណា​ សង្វៀន​​ទើប​បើក​ថ្មី​គឺ​សង្វៀន​ឯក​ភ្នំ​នៅ​ខេត្ត​បាត់​ដំបង​​​ដែល​លក់​សំបុត្រ​​សម្រាប់​អ្នក​ចូល ​ទស្សនា។ កន្លែង​​អង្គុយ​​ធម្មតា​សម្រាប់​ខ្មែរ​សំបុត្រ​១​តម្លៃ​ ១៥​ ០០០​រៀល​ និង​​ VIP សំបុត្រ​១​តម្លៃ​២៥ ០០០​រៀល​ ខណៈ​បរទេស​តម្លៃ​ ២៥ ០០០​រៀល​សម្រាប់​កន្លែង​ធម្មតា​ និង​តម្លៃ​ ៣៥ ០០០ រៀល​សម្រាប់ VIP។ តាម​​ការ​ឲ្យ​ដឹង​ពី​ប្រភព​នៅ​ខេត្ត​បាត់ដំបង​ថា​ ទោះ​ជា​លក់​សំបុត្រ​ ក៏​មាន​អ្នក​ចូល​ទស្សនា​ដែរ​ដូច​ជា​ប្រកួត​សំខាន់​ដែល​មាន​​ កែវ រំចង់ ​វ៉ៃ​គឺ​​មាន​អ្នក​​ទិញ​សំបុត្រ​ចូល​ទស្សនា​​ជាង​២​ពាន់​នាក់​ ប៉ុន្តែ​ពេល​មិន​សូវ​មាន​កីឡាករ​ល្អ​ៗ​វ៉ៃ​ក៏​មាន​មនុស្ស​ចូល​ទស្សនា​តិច​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី