ម្ចាស់​នាឡិកា​តម្លៃ​ជាង ២៣លាន​ដុល្លារ​ស្លាប់ អាច​ជា​បណ្ដាសា​?

  • 2014-11-17 23:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​ឭ​ពី​រឿង​បណ្ដាសា ឬ​ទំនាយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ប្រសិន​បើ​ហ៊ាន​បំពាន ដោយ​ជៀស​មិន​បាន។ ការ​ពី​ពេល​ថ្មីៗ​នេះ ម្ចាស់​នាឡិកា​តម្លៃ​កប់​ពពក​ម្នាក់​បាន​បាត់បង់​ជីវិត​មុន​ដាក់​ដេញ​ថ្លៃ​នាឡិកា​នោះ ២​ថ្ងៃ​ប៉ុណ្ណោះ។

 

ព្រះ​អង្គ​ម្ចាស់ Sheikh Saud bin Mohammed Al-Thani និង​នាឡិកា

 

នាឡិកា​ដែល​មាន​តម្លៃ​ដ៏​ថ្លៃ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​នាឡិកា​ស្អាត​ដាច់​គេ​​លើ​លោក ប៉ុន្តែ​អ្នក​ដែល​ក្លាយ​ជា​ម្ចាស់​របស់​វា សុទ្ធតែ​ជួប​បញ្ហា​មិន​ចេះ​ស្រាក​ស្រាន្ត។ ព្រះ​អង្គ​ម្ចាស់ Sheikh Saud bin Mohammed Al-Thani គឺ​ជា​ម្ចាស់​នាឡិកា​នេះ​ចុងក្រោយ​គេ បាន​ចូលទិវង្គត​កាល​ពី​សប្ដាហ៍​មុន នៅ​ក្នុង​ព្រះរាជ​ដំណាក់​​របស់​ព្រះអង្គ​នា​ទីក្រុង​ឡុងដុង​។ មហាសេដ្ឋី​ត្រកូល​ក្សត្រ​ព្រះជន្ម ៤៨​ព្រះ​វស្សា​​អង្គ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ប្រមូល​វត្ថុ​សិល្បៈ​ដ៏​ធំជាងគេ​​មួយ​អង្គ​លើ​លោក។ ព្រះ​អង្គ​មាន​បំណង​ចង់​លក់​នាឡិកា​នោះ និង​មាន​គម្រោង​រៀបចំ​ដាក់​ឲ្យ​ដេញ​ថ្លៃ​នៅ​ពីរ​ថ្ងៃ​បន្ទាប់ ប៉ុន្តែ​មិន​ទាន់​ដល់​ពេល​ផង ព្រះ​អង្គ​ក៏​ត្រូវ​ចូលទិវង្គត​ដោយសារ​បញ្ហា​បេះដូង។

 

​​​​​

ម្ចាស់​ទី​មួយ​របស់​នាឡិកា​នេះ គឺ​លោក Henry Graves ដែល​បាន​កុម្ម៉ង់​ជាង​ច្នៃ​នាឡិកា​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ Patek Phillipe (ដាក់​ជា​ឈ្មោះ​នាឡិកា) ឲ្យ​ផលិត​នាឡិកា​នេះ​ឡើង​ក្នុង​ឆ្នាំ​១៩២៥។ ជាង​នាឡិកា​ជនជាតិ​ស្វីស បាន​ចំណាយ​ពេល ៣​ឆ្នាំ​ដើម្បី​ស្រាវជ្រាវ និង ៥​ឆ្នាំ​ទៀត​ផលិត​វា​ឡើង រហូត​ដល់​ឆ្នាំ១៩៣៣ ទើប​រួច​រាល់។ នាឡិកា​ដ៏​ពិសេស​នេះ​ត្រូវ​បាន​គេ​រចនា​ឡើង ដោយ​ស្រោប​មាស និង​មាន​មុខងារ​ច្រើន​លើស​ពី​នាឡិកា​ធម្មតា។

 

 នាឡិកា​ Patek Phillipe តម្លៃ​ជាង ២៣លាន​ដុល្លារ​

 

នៅ​ក្នុង​ឆ្នាំ១៩៣៣ វា​បាន​នាំ​មក​នូវ​សោកនាដកម្ម និង​ជំងឺ​ដល់​ម្ចាស់​ជា​បន្តបន្ទាប់។ ៧​ខែ​ក្រោយ​ពេល Graves ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​នាឡិកា​នេះ មិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​លោក​បាន​ស្លាប់ ហើយ​បន្តិច​ក្រោយ​មក​កូន​ប្រុស​ឈ្មោះ George ក៏​បាន​បាត់​បង់​ជីវិត​​នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​ទៀត។ បន្ទាប់​ពី​មាន​រឿងហេតុ​សោក​សង្រេង​កើត​ឡើង​មិន​ចេះ​ចប់ នាឡិកា​នោះ​បាន​លក់​ចេញ​ពី​ម្ចាស់​ដើម រួច​លក់​​បន្តបន្ទាប់ និង​ចុង​ក្រោយ​គេ​ក្នុង​ឆ្នាំ១៩៩៩ វា​បាន​​ធ្លាក់​ដល់​​ព្រះ​អង្គ​ម្ចាស់​នៃ​ប្រទេស​កាតារ ដែល​​ទើប​ចូល​ទិវង្គត​​នេះ៕ ​​​​

ចុចអានរឿងរ៉ាវទាក់ទងនឹងជំនឿអរូបិយជាច្រើនទៀត

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ mirror

អត្ថបទថ្មី