មេរៀនពីតម្លៃជីវិត ៥ របស់ភរិយាអតីតប្រធានាធិបតីអាមេរិក អូបាម៉ា ស្ត្រីទាំងអស់គួរចងចាំ
- 2019-06-11 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនពីតម្លៃជីវិត ៥ របស់ភរិយាអតីតប្រធានាធិបតីអាមេរិក អូបាម៉ា ស្ត្រីទាំងអស់គួរចងចាំ
ចន្លោះមិនឃើញ
លោកស្រី Michelle Obama ដែលជាភរិយា អតីតប្រធានាធិបតីអាមេរិកទី ៤៤ គឺ លោកBarack Obama ត្រូវបានពិភពលោកទទួលស្គាល់ជាស្ត្រីខ្លាំងម្នាក់ ដែលជោគជ័យទាំងអាជីព និងជីវិតគ្រួសារ។ បញ្ចប់ការសិក្សាពីសាកលវិទ្យាច្បាប់ Harvard ក្នុងឆ្នាំ១៩៨៨ និងមានបទពិសោធន៍ជោកជាំក្នុងវិស័យច្បាប់ បច្ចុប្បន្នអ្នកម្ដាយកូនស្រី ២ រូបនេះ បានឈានចូលវ័យ៥៥ឆ្នាំហើយ គិតត្រឹមឆ្នាំ ២០១៩ និងគឺជាជំទាវទី១សហរដ្ឋអាមេរិកស្បែកខ្មៅដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ខណៈស្វាមីលោកស្រីក៏គឺជាប្រធានាធិបតីអាម៉េរិកស្បែកខ្មៅដំបូងគេដែរ ក្នុងអាណត្តចន្លោះ ឆ្នាំ ២០០៩ ដល់ ២០១៧។
ទោះឥលូវលែងជាជំទាវទី១ក្តី ក៏លោកស្រី Michelle Obama នៅតែជាបុគ្គលគំរូដ៏មានឥទ្ធិពលមួយរូបជាអន្តរជាតិ និងបានចូលរួមកិច្ចការសង្គមជាច្រើនទូទាំងពិភពលោក។ តួយ៉ាងតាមរយៈ សន្ទរកថារយៈពេល១៥នាទី ក្នុងជំនួបជាតិប្រជាធិបតេយ្យ (DNC)ឆ្នាំ ២០១៦ នៅទីក្រុងPhiladelphia លោកស្រី Michelle បានអង្រួនបេះដូងយុវតីជាច្រើនជាមួយពាក្យពេចន៍ខ្លី បង្កប់ដោយអត្ថន័យជ្រាលជ្រៅ ទាក់ទងទៅនឹងតម្លៃនៃជីវិត ដែលបានក្លាយទៅជាមេរៀនដ៏ល្អ សម្រាប់ស្ត្រីគ្រប់រូប គួរយកគំរូតាម ដូចជា ៖
១ ៖ បើគេឈរនៅកន្លែងទាប យើងត្រូវតែឈរនៅទីខ្ពស់ ៖
មានន័យថា បើជួបមនុស្សកាចសាហាវ ចិត្តអាក្រក់ចំពោះអ្នក ដាច់ខាតកុំព្យាយាមធ្វើបែបនោះតបទៅវិញ។ ត្រូវធ្វើខ្លួនឲ្យខុសពីគេ មានទឹកចិត្តល្អ ទើបមានតម្លៃខ្ពស់ជាងមនុស្សដែលបានធ្វើអាក្រក់ដាក់អ្នក។
២ ៖ ធ្វើអ្វីដែលជាគំរូល្អសម្រាប់អ្នកដទៃ ៖
មានមនុស្សច្រើនណាស់កំពុងតែសម្លឹងមើលមកអ្នក សង្កេតរាល់គ្រប់សកម្មភាពដែលអ្នកធ្វើ ស្តាប់រាល់សម្តីដែលអ្នកនិយាយ ដូច្នេះមុនធ្វើអ្វីក៏ដោយ មិនថានៅខាងក្រៅ ឬក្នុងបណ្ដាញសង្គមនោះទេ ត្រូវពិចារណាឲ្យបានវែងឆ្ងាយ ថាតើវាមានឥទ្ធិពលល្អ និងអាចជាគំរូល្អដល់អ្នកដទៃបានដែរឬទេ?
៣ ៖ បំណងប្រាថ្នារបស់អ្នក តែងធំជាងឧបសគ្គដែលអ្នកត្រូវហែលឆ្លងទៅសម្រេចវា ៖
នៅពេលដែលអ្នកចង់ឈោងចាប់ក្ដីសុបិនដែលខ្លួនប្រាថ្នា វាតែងតែមានហែហមជាមួយនឹងឧបសគ្គរាប់មិនអស់។ ត្រូវចាំថា អ្នកកំពុងតែរត់ទៅរកភាពជោគជ័យ មិនមែននៅសុខៗជោគជ័យរត់មករកដោយឯកឯងឡើយ។ បើដួល ត្រូវតែងើបឈរដើរបន្តទៀត កុំចុះចាញ់ឲ្យសោះ។
៤ ៖ មិនត្រូវសម្រេចចិត្តដោយខ្វះការគិតពិចារណាឡើយ ៖
ធ្វើអ្វីមួយដោយមិនបានគិតគូជាមុន គឺជារឿងងាយស្រួល ប៉ុន្តែបើអ្នកគិតគូឲ្យបានម៉ត់ចត់មុននឹងធ្វើ ទើបហៅថាមនុស្សឆ្លាត។ ការប្រើអារម្មណ៍ដើម្បីសម្រេចចិត្ត មិនផ្តល់លទ្ធផលល្អសមបំណងឡើយ ។
៥ ៖ ធ្វើខ្លួនឲ្យនឹងន កុំទន់ជ្រាយពេលមានសម្ពាធ ៖
បើអ្នកអាចរក្សាស្មារតីនឹងន និងបន្តធ្វើកិច្ចការផ្សេងៗនៅក្រោមសម្ពាធ មានន័យថាអ្នកមានភាពចាស់ទុំ និងរឹងមាំគួរឲ្យស្ញប់ស្ញែងបំផុត។ ប៉ុន្តែបើមិនអាចទេ ក៏គ្មានអ្វីត្រូវបារម្ភដែរ សំខាន់ត្រូវរៀនសម្របខ្លួនបន្តិចម្ដងៗ នឹងស្ថានភាពលំបាក ។ គួរ សម្រាកបន្តិច សម្រួលអារម្មណ៍ ដោយដកដង្ហើមឲ្យបានវែងៗ ផ្ដល់ពេលវេលាឲ្យខ្លួនឯងស្វែងយល់ពីបញ្ហាឲ្យបានស៊ីជម្រៅ និង អាចស្រាយចំណងដោយហេតុផលសមរម្យណាមួយ៕