កិច្ចសម្ភាសន៍​ពិសេស ជុំវិញ​ការបង្កើត​ស្នាដៃថ្មី របស់​សិល្បករ​ជំនាញ​ផ្នែក​គំនូរ​បែប 2D & 3D

  • 2019-06-12 10:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​លោក យក់ ស៊ីវ៉ាល់រី ដែល​ជា​សិល្បករជំនាញផ្នែកគំនូរបែប 2D និង 3D គឺ​មាន​ស្នា​អ្វី​ខ្លះ​ពាក់ព័ន្ធ​នឹង​ការ​គូររូប​? ហើយ​តើ​លោក​កំពុង​បង្ហាញ​ស្នាដៃលេចធ្លោ​អ្វី​ខ្លះ​នា​ពេល​ចុង​ក្រោយ​នេះ? ចង់​ដឹង​ច្បាស់​ទាំង​អស់​នេះ អាច​អាន​អត្ថបទ​ខាង​ក្រោម ដោយចោទសួរ​រវាង​អ្នក​សម្ភាសន៍ និង​ លោក​យក់ ស៊ីវ៉ាល់រី ផ្ទាល់ ដែល​មាន​ខ្លឹម​ទាំង​ស្រុង​​ដូច​ខាង​ក្រោម​នេះ៖

លោក យក់ ស៊ីវ៉ាល់រី សិល្បករ​ជំនាញ​ផ្នែក​គំនូរ បែប 2D & 3D

**អ្នកសំភាសន៍: ជម្រាបសួរ មុននឹងចាប់ផ្តើមបទសំភាសន៍ តើលោកអាចណែនាំខ្លួនបន្តិចបានទេ**?

លោក យក់: សួស្តី ខ្ញុំឈ្មោះ យក់ សុីវ៉ាល់រី។ ខ្ញុំគឺជាស្ថាបនិកក្រុមហ៊ុន Sil Animation Studio ។ ខ្ញុំគឺជាសិល្បករជំនាញផ្នែកគំនូរបែប 2D និង 3D ។

អ្នកសំភាសន៍: ហេតុអ្វីបានជាលោកចូលចិត្តគូររូប?

លោក យក់: ហេតុផលដែលខ្ញុំចូលចិត្តគូររូបព្រោះខ្ញុំចាត់ទុក ការគូរ គឺជាសិល្បៈ នៃការបង្ហាញពីអារម្មណ៍។ រៀងរាល់ពេល ដែលខ្ញុំកាន់ខ្មៅដៃគូររូប ខ្ញុំអាចបង្ហាញពីអារម្មណ៍ និងមនោសញ្ចេតនាដែលខ្ញុំមាន ជាពិសេសគំនិតច្នៃប្រឌិត ដែលខ្ញុំមានចូលទៅក្នុងផ្ទាំងគំនូរដែលខ្ញុំកំពុងគូរ។

អ្នកសំភាសន៍: លោកចាប់ផ្តើមគូរគំនូរបែបឌីជីថលតាំងពីពេលណាមក?

លោក យក់: តាមដែលខ្ញុំចាំ ខ្ញុំចាប់ផ្តើមគូររូបបែបឌីជីថលនៅក្នុងឆ្នាំ ២០០៨។ និយាយតាមត្រង់ ខ្ញុំចាប់ផ្តើមគូរដំបូងគ្រាន់តែចង់កំសាន្តនាពេលទំនេរព្រោះវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយខ្ញុំក៏មិនគិតថា ខ្ញុំអាចអភិវឌ្ឃសមត្ថភាពខ្លួនឯងមកដល់ចំនុចមួយដូចឥលូវនេះទេ។ តាមរយៈការអនុវត្តន៍ជាបន្តបន្ទាប់ ខ្ញុំបានក្លាយជាសិល្បករជំនាញគូររូបនៅក្នុងឆ្នាំ២០១០។

អ្នកសំភាសន៍: បន្ទាប់មកទៀត តើលោកក្លាយទៅជាអ្នកគូររូបស្ទិកគ័រនៅពេលណា?

លោក យក់: ក្នុងនាមជាអ្នកជំនាញខាងគំនូរ ខ្ញុំបានធ្វើការទៅលើគ្រប់ទម្រង់នៃសិល្បគំនូរ។ ខ្ញុំឈានចូលមក​ប្រឡូក​ក្នុងការងារគូរនិងរចនាស្ទិកគ័រក្នុងឆ្នាំ២០១៣។ មកដល់ឥលូវ វាមានរយៈពេល ៦ ឆ្នាំហើយ។

អ្នកសំភាសន៍: តើផ្នែកមួយណាដែលលោកពេញចិត្តអំពីការរចនាស្ទិកគ័រ?

លោក យក់: បន្ទាប់ពីខ្ញុំបានធ្វើការជាមួយសិល្បៈគំនូរនេះ ខ្ញុំរកឃើញថា អ្វីដែលខ្ញុំស្រលាញ់ពេញចិត្តអំពី ការគូរស្ទិកគ័រគឺ ភាពគួរអោយស្រលាញ់និង មើលទៅកំប្លែងៗ។ តាមពិតទៅ មនុស្សយើងសព្វថ្ងៃពិបាកក្នុងការបង្ហាញពី អារម្មណ៍ពិតនៅពេលដែលកំពុងជជែកគ្នាជាមួយមិត្តភក្តិឬក៏មនុស្សជាទីស្រលាញ់។ តាមរយៈការប្រើប្រាស់ស្ទិកគ័រ ពួកគេអាចបង្ហាញពីអារម្មណ៍ពិតនិងធ្វើអោយពួកគេកាន់តែមានភាពស្និទ្ធស្នាល។

អ្នកសំភាសន៍: តាមរយៈស្នាដៃនីមួយៗ តើលោកទទួលបានការបំផុសគំនិតតាមរយៈអ្វីដែរ?

លោក យក់: អាចនិយាយបានថា ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តស្វែងរកអ្វីថ្មីៗនៅលើអុិនធើណែត។ ខ្ញុំមានគេហទំព័រចំនួន ៣ ដែលខ្ញុំតែងតែឆែកមើលដូចជា P’interest, Behance និង Artstation ។

អ្នកសំភាសន៍: តើស្នាដៃដែលថ្មី និងចុងក្រោយរបស់លោកគឺជាអ្វីដែរ?

លោក យក់: ស្នាដៃចុងក្រោយនិងថ្មីបំផុតរបស់ខ្ញុំគឺវិឌីអូខ្លីនិយាយអំពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

អ្នកសំភាសន៍: តើការរចនាបែបណាដែលជាចំណង់ចំណូលចិត្តរបស់លោក?

លោក យក់: ដូចដែលខ្ញុំបាននិយាយនៅខាងដើម ខ្ញុំធ្វើការទៅលើគំនូរទាំង 2D និង 3D ។ ពេលខ្លះខ្ញុំចូលចិត្តយកគំនូរទាំងពីរ ប្រភេទនេះលាយបញ្ចូលគ្នាដើម្បីបង្កើតជាស្នាដៃមួយ ។ យូរៗទៅវាក៏ ក្លាយទៅជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។

អ្នកសំភាសន៍: តើលោកមានសិល្បករណាដែលស្ថិតនៅក្នុងដួងចិត្តទេ?

លោក យក់: ពិតណាស់ ខ្ញុំមានសិល្បករដែលខ្ញុំពេញចិត្តចំនួន ២ នាក់គឺ Nikolai Lockertsen និង Evgeny Polukhin ។ ខ្ញុំចាត់ទុកពួកគាត់ជានិមិត្តរូបដោយសារតែពួកគាត់មានភាពជាខ្លួនឯងដែល ពិបាកនឹងមានអ្នកផ្សេងធ្វើដូចហើយរាល់ស្នាដៃរបស់ពួក គាត់ពិតជាជម្រុញទឹកចិត្តខ្ញុំក្នុងការងារសិល្បៈ គំនូរនេះណាស់។

អ្នកសំភាសន៍:តើលោកគិតថាអ្នកដែលមានទេពកោសល្យផ្នែកគំនូរជាជនជាតិខ្មែរដទៃទៀតគួរតែបង្កើត ស្នាដៃដើម្បីដាក់បញ្ចូលក្នុងកម្មវិធិទូរស័ព្ទដែររឺទេ?

លោក យក់: តាមគំនិតខ្ញុំ ខ្ញុំគិតថាអ្នកដែលមានទេពកោសល្យខាងផ្នែកគំនូរបែបហ្នឹងគួរតែចូលរួមបង្ហាញ ស្នាដៃដាក់ទៅក្នុងកម្មវិធីទូរស័ព្ទ ព្រោះវាជាឱកាសមួយដែលពួកគាត់អាចបង្ហាញអំពីអត្តសញ្ញាណផ្ទាល់ ខ្លួនតាមរយៈ ស្នាដៃរបស់ពួកគាត់។

អ្នកសំភាសន៍:ក្នុងនាមជាសិល្បករជនជាតិខ្មែរមួយរូប តើលោកមានគំនិតបែបណាចំពោះសិល្បៈបែប ឌីជីថល ចុះមនុស្សដែលជុំវិញខ្លួនលោកគិតយ៉ាងម៉េចដែរ?

លោក យក់: សង្គមយើងសព្វថ្ងៃឈានចូលមកដល់សម័យឌីជីថលហើយ អញ្ចឹងខ្ញុំមានគំនិតវិជ្ជមានច្រើនទៅ​លើ​សិល្បបែបឌីជីថល។វាជួយផ្លាស់ប្តូរសិល្បៈគំនូរអោយកាន់តែមានភាពរស់រវើកប្រសើរជាងមុន និងអាចប្រើប្រាស់បានទៅលើគ្រប់ប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ។ មិត្តភក្តិនិងក្រុមគ្រួសារខ្ញុំគាំទ្រនូវអ្វីដែលខ្ញុំកំពុងធ្វើខ្លាំងណាស់។

អ្នកសំភាសន៍ តើការដែលផ្តល់ឱកាសអោយសិល្បករខ្មែរបង្ហាញស្នាដៃក្នុងកម្មវិធីទូរស័ព្ទមានសារៈ សំខាន់យ៉ាងណាខ្លះ?

លោក យក់: មានហេតុផលជាច្រើនដែលចាត់ទុកថាជារឿងសំខាន់នៅពេលដែលស្នាដៃរបស់គាត់ត្រូវបង្ហាញ​នៅ​លើ​កម្មវិធី​ទូរសព្ទ។ វាជួយបើកផ្លូវបង្ហាញពីទេពកោសល្យនិងសមត្ថភាពដែលពួកគាត់មានទៅកាន់សាធារណៈ។ ម្យ៉ាងវិញទៀត វាជាការងារដែលអាចបង្កើតជាចំណូលដើម្បីជម្រុញទឹកចិត្តពួកគាត់អោយប្រឹងប្រែងបន្ថែមទៀត។ នៅពេលដែលស្នាដៃពួកគាត់ត្រូវបានគេទទួលស្គាល់ វាជួយបំផុសដល់អ្នកដែលមានទេពកោសល្យដទៃទៀតចាប់ផ្តើមបង្កើតស្នាដៃរបស់ខ្លួនឡើងដែរ។

អ្នកសំភាសន៍: តើលោកគិតថាសិល្បៈឌីជីថលមានសារៈសំខាន់បែបណានៅក្នុងសង្គម?

លោក យក់: ខ្ញុំគិតថាសិល្បៈឌីជីថល បានចាប់ផ្តើមក្លាយជារបស់មួយដែលសំខាន់ដែលមិនអាចនឹងអវត្តមានទៅវិញបានព្រោះការបង្ហាញតាមរយៈឌីជីថលមានភាពងាយស្រួលយល់ហើយផ្លាស់ប្តូរបរិយាកាសសង្គមទៅក្នុងរូបភាពមួយថ្មីប្លែកទៀត។

អ្នកសំភាសន៍: នៅពេលដែលលោករចនាស្ទិកគ័រសំរាប់ Viber តើលោកមានគំនិតបំផុសមកពីណា?

លោក យក់: ភាគច្រើន ខ្ញុំប្រើប្រាស់ការស្រមើស្រម៉ៃ និងគំនិតច្នៃប្រឌឹតដែលខ្ញុំមាន តែគំនិតខ្លះ ខ្ញុំក៏បានមកពីការស្វែង យល់ពីស្ទិកគ័រគំរូស្រាប់ ដែលខ្ញុំឃើញនៅលើអុិនធើណែត។

អ្នកសំភាសន៍: តើលោកប្រើប្រាស់រយៈពេលប៉ុន្មានសម្រាប់ការរចនាស្ទិកគ័រ?

លោក យក់: ជាធម្មតាខ្ញុំចំណាយពេល ២ថ្ងៃ សម្រាប់ការគូរ និង ៥ ថ្ងៃដើម្បីធ្វើវាអោយក្លាយទៅជាឌីជីថលសម្រាប់ប្រើប្រាស់លើទូរស័ព្ទរឺឧបករណ៍អេឡិចត្រូនិចដទៃទៀតបាន។

អ្នកសំភាសន៍: តើលោកជួបប្រទះបញ្ហាអ្វីខ្លះកំឡុងពេលដែលលោករចនាស្ទិកគ័រ?

លោក យក់: វាមិនមែនជារឿងងាយស្រួលក្នុងការរចនាស្ទិកគ័រដែលមានភាពទាក់ទាញ។ សម្រាប់ខ្ញុំ ខ្ញុំជួបបញ្ហា​ប្រឈមខ្លះៗ អំឡុងពេលដែលខ្ញុំធ្វើការងារនេះ។ ខ្ញុំត្រូវព្យាយាមស្រមើស្រមៃពីអារម្មណ៍របស់មនុស្សយើពិតៗ​ដែលយើងមានជាប្រចាំថ្ងៃ។ អារម្មណ៍មនុស្សយើងអាចមានដូចជា ការសប្បាយ កើតទុក្ខ រំភើប ភ្ញាក់ ផ្អើល ខឹង រន្ធត់ យំ ជាដើម។ បន្ទាប់ពីខ្ញុំស្រមៃឃើញហើយ ខ្ញុំត្រូវគិតថា ត្រូវបង្កើតរូបរាងយ៉ាងម៉េចសម្រាប់តួអង្គតាមលក្ខណៈអារម្មណ៍នីមួយៗដើម្បីអោយមើលទៅវាដូចពិតៗ។

អ្នកសំភាសន៍: ជាចុងក្រោយ តើលោកមានអារម្មណ៍យ៉ាងម៉េចដែលស្នាដៃរបស់លោកត្រូវប្រើប្រាស់ នៅលើ Viber ?

លោក យក់: ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដែលស្នាដៃរបស់ខ្ញុំត្រូវបានដាក់អោយប្រើប្រាស់នៅ Viber ហើយ ខ្ញុំកាន់តែមានមោទនភាពថែមទៀតនៅពេលដែលឃើញអ្នកប្រើ Viber ប្រើប្រាស់ស្ទិកគ័រដែលខ្ញុំបានរចនាឡើង។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលមានទេពកោសល្យផ្នែកគំនូរព្យាយាមបង្កើស្នាដៃ​របស់ខ្លួនដើម្បីចូលរួមដាក់បង្ហាញនៅលើកម្មវិធីទូរស័ព្ទដូចជា Viber ជាដើម៕

អត្ថបទ៖ Sponsor

អត្ថបទថ្មី