សង្វៀនឯកភ្នំផ្លាស់ប្ដូរគោលការណ៍មួយចំនួនដូចសង្វៀន ONE
- 2019-06-19 03:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វៀនឯកភ្នំផ្លាស់ប្ដូរគោលការណ៍មួយចំនួនដូចសង្វៀន ONE
ចន្លោះមិនឃើញ
«សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ឬ Ek Phnom Kun Khmer Arena» បានផ្លាស់ប្ដូរគោលការណ៍មួយចំនួនឲ្យដូចទៅសង្វៀនកម្រិតអន្តរជាតិ ONE Championship ដែលផ្លាស់ពី៥ទឹកមកប្រកួតត្រឹម៣ទឹកចាប់ពីថ្ងៃទី៣០ ខែមិថុនា ខាងមុខតទៅ។
លោក Matias Andrés អ្នកគ្រប់គ្រងទូទៅសង្វៀនឯកភ្នំបានបញ្ជាក់អំពីការផ្លាស់ប្ដូរពី ការប្រកួត៥ទឹកមកប្រកួត៣ទឹកយ៉ាងដូច្នេះថា សង្វៀន Ek Phnom Kun Khmer Arena ចង់ឃើញគុនខ្មែររីកចម្រើនទាំងនៅក្នុងស្រុក និងឆាកអន្តរជាតិ។ ដើម្បីឈានទៅកម្រិតអន្តរជាតិ គុនខ្មែរត្រូវតែសម្រប និងបង្ហាញអនុភាពឲ្យប្រសើរជាងមុន។ បើមិនសម្របតាមស្ដង់ដារអន្តរជាតិនោះទេ កីឡាករខ្មែរនឹងដើរមិនទាន់អន្តរជាតិទេ។
អ្នកគ្រប់គ្រងទូទៅរូបនេះបន្តថា លោកបានអញ្ជើញមន្ត្រីមកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីពិភាក្សាអំពីការប្ដូរគោលការណ៍នេះ និង បានចែករំលែកអំពីបទពិសោធជាច្រើនពីគ្នាទៅវិញទៅមកកាលថ្ងៃទី១-២ ខែ មិថុនា កន្លងទៅ។ ក្នុងនោះគេកត់សម្គាល់ឃើញថា អាជ្ញាកណ្ដាល និង ចៅក្រុមទទួលបានចំណេះដឹង និង សម្ដែងភាពរីករាយក្នុងកិច្ចពិភាក្សានោះ។ ជាមួយគ្នានោះ កិច្ចពិភាក្សានោះក៏ ជជែកអំពីគម្រោងត្រូវចាប់ផ្ដើមកម្មវិធី Kun Khmer ULTRAដែរ។ ការប្ដូរពី ៥ ទឹកទៅ ៣ទឹកក៏ជាជំហានដំបូងដើម្បីឆ្ពោះទៅកម្មវិធី Kun Khmer ULTRA ទៀតផង។
អ្នកគ្រប់គ្រងដែលជាអតីតការីនិពន្ធព័ត៌មានកីឡានៅ ONE Championship បានសង្កត់ធ្ងន់ថា ៖«ការប្រកួត៥ទឹក គឺបញ្ចប់ទៅយឺត។ វាមិនមែនងាយស្រួលទេព្រោះប្រើពេលដល់១៥នាទី។ ខ្ញុំយល់ឃើញបែបនេះ តែបើសិនវ៉ៃត្រឹម ៣ ទឹកគឺមានកម្លាំងពេញតែម្ដងនិងការទស្សនាក៏រំភើបទៅតាមហ្នឹង។ យើងចង់ឲ្យការទស្សនាគុនខ្មែរគឺរំភើបញាប់ញ័រ និង ទាក់ទាញអ្នកគាំទ្រមកទស្សនាច្រើននៅសង្វៀនរបស់យើង។ ពេលមានការគាំទ្រកាន់តែច្រើន យើងរឹតតែមានកីឡាករល្អៗកាន់តែច្រើនដែរ។ នេះហើយជំហានត្រូវដើរ»។
អ្នកគ្រប់គ្រងសញ្ជាតិឈីលី ជឿជាក់យ៉ាងដូច្នេះ ៖«ខ្ញុំរៀបចំឲ្យគុនខ្មែរល្អប្រសើរលើហេតុផលជាច្រើនដូចជា សប្បាយមើលសម្រាប់អ្នកគាំទ្រ កីឡាករវ៉ៃកាន់តែខ្លាំងជាងមុន និង កីឡាករប្រកួតបានល្អនៅសង្វៀន ONE និងសង្វៀនអន្តរជាតិនានា»។ តាមពិតមនុស្សមួយចំនួនមិនត្រូវការផ្លាស់ប្ដូរទេ និង មិនបានតម្រូវចិត្តឲ្យត្រូវគ្រប់គ្នាដែរ ប៉ុន្តែនេះជាអ្វីដែលគុនខ្មែរត្រូវដើរទៅលើឆាកអន្តរជាតិ។ យ៉ាងណាក៏ដោយលោករំពឹងយ៉ាងមុតមាំថា កម្ពុជានឹងគាំទ្រគំនិតនេះ និងរួមចំណែកដើម្បីនាំគុនខ្មែរទៅឆាកអន្តរជាតិបានល្អជាងមុន ក៏ដូចជាបង្ហាញវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក។
«សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ត្រូវបានសម្ពោធដាក់ឲ្យប្រកួតជាផ្លូវការនៅដើមខែ កុម្ភៈ ឆ្នាំ ២០១៩នេះ។ នេះជាការរួមចំណែកមួយដើម្បីលើកកម្ពស់ក្បាច់គុនខ្មែរ មិនត្រឹមតែនៅខេត្តបាត់ដំបងប៉ុន្តែ ទូទាំងប្រទេសក្នុងការផ្ដួចផ្ដើមនេះ។ ក្នុងនោះកីឡាករ និង ក្លិបប្រដាល់នៅខេត្តបាត់ដំបងក៏កំពុងសស្រាក់សស្រាំកាន់តែអភិវឌ្ឍឈានមុខ។ ហើយដំណើរថ្មីនេះ នឹងធ្វើឲ្យកីឡាករកាន់តែមានបទពិសោធន៍ប្រកួតជោកជាំដូចលើសង្វៀនលំដាប់ពិភពលោក ONE Championship ដែរ៕