អ្នកជំនាញ​ពិភាក្សា​ផុល​ផុស​ពី​បដិវត្ត​ឧស្សាហកម្ម​៤.០

  • 2019-06-28 03:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់ពី​មាន​បដិវត្ត​ឧស្សាហកម្ម​​លើ​ដំបូង​ឬហៅ​ថា​បដិវត្តឧស្សាហកម្ម​ជំនាក់ទី​មួយ១.០​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ១៨០០មក វិស័យ​ឧស្សាហកម្ម​បាន​រីកចម្រើន​ជាបន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន​ឈាន​ដល់​បដិវត្តឧស្សាហកម្មជំនាន់ទី​៤ ឬ៤.០។

បដិវត្តឧស្សាហកម្ម​១.០​ កើត​ឡើង​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៨០០​ ដែល​ពេលនោះ​​មនុស្ស​រកឃើញ​ការ​ប្រើ​ប្រាស់​ចំហាយទឹក​ជួយ​ជំរុញ​វិស័យឧស្សាហកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន។ លុះដល់​សតវត្សរ៍ទី​២០ បដិវត្តឧស្សាហកម្មជំនាន់​ទី​២ ឬ២.០ បាន​លេច​ជារូបរាង ដោយ​មនុស្ស​បាន​យក​អគ្គិសនី​ជា​គ្រឹះសំខាន់ក្នុង​វិស័យ​ឧស្សាហកម្ម និង​ងាយ​ស្រួល​ប្រើជាង​ចំហាយទឹក។

មិនបាន​ប៉ុន្មាន​ទសវត្សរ៍​ផង​បដិវត្ដឧស្សាហកម្ម​ជំនាន់ទី​៣ ឬ៣.០ បាន​លេច​ឡើង​ដែរ​ក្នុង​សតវត្សរ៍ទី​២០​ដដែល​ដោយ​ពេល​នោះ​មនុស្ស​ចាប់​ផ្ដើម​បង្កើត និង​ផលិត​ឧបករណ៍​អេឡិច​ត្រូវ​និច បង្កើត​ឈីប និង​បង្កើត​Hardware ​ដែលធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​កាន់តែ​រីកចំរើន និង​ចំណាយ​ថ្លៃ​ដើម​តិច។

រហូត​មក​ដល់​សតវត្សរ៍ទី​២១ ប្រ​ហែលជា​នៅ​ឆ្នាំ២០១៥ ក៏មាន​ការ​លើក​ឡើង និង​និយាយ​ច្រើនពី​បដិវត្ដន៍ឧស្សាកម្ម​ជំនាន់ទី​៤ ឬ៤.០។ មក​ដល់ពេលនេះ​ប្រព័ន្ធ​អ៊ីនធឺណេត ចែក​រំលែក​ព័ត៌​មាន​ឆាប់រហ័ស វិភាគ​ទិន្នន័យ​បានលឿន​ ដែល​បាន​ជួយ​ជំ​រុញ​អ្វី​ដែល​មាន​ក្នុង​បដិវត្ដ៣.​០ ឲ្យ​កាន់តែ​ប្រសើរ និង​លឿនជាង​មុន។​

ចុះ​នៅ​កម្ពុជាវិញអ្នកជំនាញ​ឲ្យ​និយមន័យ​បែបណា​លើ​បដិវត្ដឧស្សាហកម្ម​៤.០?

លោកជំទាវ ចម និម្មល រដ្ឋលេខាធិការ​ក្រ​សួង​ពាណិជ្ជកម្ម​ថ្លែង​ក្នុង​កម្មវិធី​ កិច្ចសន្ទនា កម្ពុជា​ឧស្សាហកម្ម៤.០ កាលពី​ម្សិល​មិញ​ថាជា​ផ្នត់គំនិត​របស់​លោកជំទាវ​ផ្ទាល់​បដិវត្ត​ឧស្សាហកម្ម​៤.០ គឺការ​តភ្ជាប់​ប្រព័ន្ធ​កុំព្យូទ័រ ដូច​ជា​ល្បឿន​ ការគ្រប​ដណ្ដប់បានធំទូលាយ។ លោកជំទាវ​ឧទាហរណ៍​បញ្ជាក់​ថាពីមុន​ចង់​ផ្ដល់ព័ត៌មាន​ទៅអតិថិជន​១០០​លាន​នាក់ ប្រើទូរសព្ទ​ស៊ីពេល​៧៥​ឆ្នាំ តាម​បណ្ដាញ​អ៊ីនធឺណេត​៧​ឆ្នាំ ហ្វេស​ប៊ុក​ស៊ីពេល​៤​ឆ្នាំ Instagram ស៊ីពេល​២​ឆ្នាំ និងPokemin Go​​ស៊ីពេលតែបី​ខែ​ប៉ុណ្ណោះ។

(លោកជំទាវ ចម និម្មល រដ្ឋលេខាធិការ​ក្រ​សួង​ពាណិជ្ជកម្ម​ថ្លែង​ក្នុង​កម្មវិធី​ កិច្ចសន្ទនា កម្ពុជា​ឧស្សាហកម្ម៤.០ កាលពី​ម្សិល​មិញ​)

បើ​និយាយពីកម្ពុជា​វិញ​ថា​កំពុង​នៅចំណុច​ណា​ក្នុង​បដិវត្តន៍៤.០ លោកជំទាវ​ផ្ដល់ជា​រង្វាស់ពី​១ទៅ​១០ ហើយថា​កម្ពុជា​អាចកំពុង​នៅ​ចន្លោះលេខ៣និងលេខ៤។​

សម្រាប់​លោក ជី សិលា នាយក​ប្រតិបត្តិ និង​ស្ថាបនិកក្រុម​ហ៊ុន​សប្បាយឌិជីថល ថ្លែង​ថា​តាម​គំនិត​លោក​បដិវត្តឧស្សាហកម្ម​៤.០ ជា​ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យាទំនាក់ទំនង​ឲ្យ​កាន់តែ​ទំនើប និង​កាន់តែ​ស្រួល​សម្រាប់​មនុស្ស។ លោក​មានប្រ​សាសន៍ថា៖ «យើង​ឃើញ​ការ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិច​ត្រូវនិចទូរសព្ទ​ពីធំ​មក​តូច ពី​តូចទៅ​ធំវិញរហូត​ដល់​ថ្នាក់​ពីចុចរហូត​ដល់​Touch Screen រហូត​ដល់​ឥឡូវ​យើង​និយាយ តិចទៀត​ប្រហែលជាគ្រាន់តែ​យើងគិត​យើង​ដល់​តែ​ម្ដង និយមន័យខ្ញុំថា​ធ្វើ​ឲ្យ​ជិវិតមនុស្ស​កាន់តែ​ស្រួល តែ​ក៏អាច​ធ្វើឲ្យមនុស្ស​យើង​ខ្ជិល​ផង​ដែរ»។

(​លោក ជី សិលា នាយក​ប្រតិបត្តិ និង​ស្ថាបនិកក្រុម​ហ៊ុន​សប្បាយឌិជីថល ថ្លែង​ក្នុង​កម្មវិធី​ កិច្ចសន្ទនា កម្ពុជា​ឧស្សាហកម្ម៤.០ កាលពី​ម្សិល​មិញ​)

​​​​​​​​​​​តើ​អ្នក​ប្រ​កប​អាជីវកម្ម​លើ​វិស័យ​ឌីជីថល​យល់ឃើញ​យ៉ាង​ម៉េច​ចំពោះ​បដិវត្តឧស្សាហកម្ម​៤.០?

លោក ជី សិលា លើក​ឡើង​ថា​វា​ជាឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ ឬអ្នកធ្វើជាជីវកម្ម​បាន​ទទួល​បទពិសោធន៍ពី​បដិវត្តមួយនេះ ពី​និន្នាការ​ពិភព​លោក និង​បច្ចេកវិទ្យា​ថ្មីៗ​ដែលមាន​។ ប៉ុន្តែ​លោក​ថា​ក៏មានបញ្ហា​ប្រ​ឈមដែរ ប្រ​ឈម​ត្រង់ថា​​វាហាក់​ថ្មី​នៅ​ឡើយ​សម្រាប់​​កម្ពុជា ដែល​ថា​ទើបតែ​មាន​និយាយ​ច្រើន​នៅ​អំឡុង​ឆ្នាំ​២០១៧ ឬ២០១៨​នេះ​ប៉ុណ្ណោះ។

លោក​បន្តថា៖ «យើងជួប​បញ្ហាប្រ​ឈម​ច្រើន តែ​ក៏រៀនបាន​ច្រើន អាជីវករ​មិនធ្វើការ​លើ​ឌីជីថល ក៏ពួលគាត់​នៅ​ថ្មីៗដែរ អ៊ីចឹង​យើងមិនទាន់មាន​និន្នា​អ្វី​ផ្ទាល់​ខ្លូន​នៅឡើយ​ទេ គួរ​តែ​មាន​ការពិភាក្សា​ពី​បដិវត្តន៍​នេះ​ឲ្យបាន​កាន់តែ​ច្រើន»។

លោក​បន្ថែមថា៖ «ធនធាន​មនុស្ស​ក៏​នៅ​ខ្វះច្រើន អ្នកខ្លះ​រៀន​បីឆ្នាំហើយតែនៅ​មិន​ត្រូវ​នឹ​ងអ្វីដែល​យើង​ចង់​បាន បច្ចេកវិទ្យា​ប្រែប្រួល​លឿន​ពេកបត់បែន​អត់ទាន់​...ឧទាហរណ៍​ថា​យើង​ចង់ធ្វើ​គំនូរជីវចល​ប្រភេទ​3D មួយ...​យើង​ត្រូវ​ការ​ពេល​វេលា ជំនាញ និងសិល្បៈ ដែលអ្នកគូរ​ហ្នឹងចេះប្រើ​កម្មវិធី​បំលែង​រូបភាពឲ្យ​ចេះ​ដើរ អ៊ីចឹង​យើង​ត្រូវ​ការ​ពេល​វេលា ចំណេះដឹង ហើយ​សិល្បៈ​ទៀត សួរថា​តើអ្នកគូរគំនូរ​គាត់ទៅ​រៀន​កុំព្យូទ័រ​ឲ្យត្រូវ​កម្មវិធី​ហ្នឹង​អត់? វាជាបញ្ហា​ប្រ​ឈម»។

សម្រាប់​លោក​ Steven Path ស្ថាបនិក​ និង​ជា​នាយក​ក្រុម​ហ៊ុន​Pathmazing​ លើក​ឡើង​ដែរ​ថា​អ្នក​មាន​​ជំ​នាញ​ច្បាស់លាស់​ខាង​បច្ចេក​វិទ្យា​​បាន​ប្រាក់ខែ​ខ្ពស់ និង​ឡើង​ច្រើន​ជាង​ប្រទេស​ជិត​ខាង​ដូច​ជា​វៀតណាម និង​ភីលីពីន​ផង។ លោក​ថា​ការឡើង​ច្រើនបែបនេះ​ដោយសារតែ​អ្នក​មាន​ទេពកោសល្យ​ខាង​បច្ចេក​វិទ្យា​នៅ​កម្ពុជា​មាន​តិច ហើយ​​តម្រូវ​ការ​របស់​ក្រុម​ហ៊ុន​បរទេស​នៅខ្មែរ​មាន​ច្រើន​។

(លោក​ Steven Path ស្ថាបនិក​ និង​ជា​នាយក​ក្រុម​ហ៊ុន​Pathmazing ថ្លែង​ក្នុង​កម្មវិធី​ កិច្ចសន្ទនា កម្ពុជា​ឧស្សាហកម្ម៤.០ កាលពី​ម្សិល​មិញ​)

ដើម្បី​ឲ្យ​ចំនួន​អ្នកមាន​ជំនាញ និង​ទេពកោសល្យ​នេះ​មាន​កាន់តែ​ច្រើននោះ លោក Steven Path លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​គួរ​វិនិយោគ​ជួយ​បណ្ដុះ​បណ្ដាល​អ្នក​ទើប​បញ្ចប់​ការសិក្សា​ដែល​មាន​ទេព​កោសល្យ​លើ​រឿងនេះ ទើប​អាច​ពង្រីកចំនួនអ្នក​ជំនាញ​បែបនេះ​បាន​ច្រើន៕ ​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម