ជំហានទាំង១០ ដែលម្ចាស់ផ្ទះគួរដឹង ទម្រាំបានផ្ទះដ៏រឹងមាំមួយ
- 2019-08-01 07:26:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំហានទាំង១០ ដែលម្ចាស់ផ្ទះគួរដឹង ទម្រាំបានផ្ទះដ៏រឹងមាំមួយ
ចន្លោះមិនឃើញ
ទោះការសាងសង់ផ្ទះ គឺជាការងាររបស់វិស្វករសំណង់ និងជាងសាងសង់ក្តី តែម្ចាស់ផ្ទះក៏គួរស្វែងយល់ពីដំណាក់កាលសំខាន់ៗនៃការសាងសង់ដែរ ដើម្បីងាយស្រួលក្នុងការតាមដានដំណើរការសាងសង់ថារលូនដូចគម្រោងឬអត់ ពិសេសនៅពេលដែលអ្នកចង់សង់ផ្ទះក្នុងក្តីស្រមៃខ្លួន អ្នកត្រូវតែឲ្យប្រាកដចិត្តថាគ្រប់បែបយ៉ាងគឺ ល្អបំផុត (Perfect)។ យោងតាម www.scgbuildingmaterials.com ដែលមានការទទួលស្គាល់ និងទុកចិត្តបំផុតក្នុងវិស័យសំណង់លេខ១ នៅប្រទេសថៃដែលធានាទំនុកចិត្តបំផុត បានអនុម័តដោយស្តង់ដារអន្តរជាតិ និងមានកិត្តិនាមល្បីល្បាញជាង ១០០ឆ្នាំ នេះជាជំហាន ១០ សំខាន់ៗក្នុងដំណើរការនៃសាងសង់ដែលម្ចាស់ផ្ទះគ្រប់គ្នាគួរយល់ដឹង ដូចជា៖
១. ដំបូងត្រូវត្រៀមចាត់ចែងផ្ទៃដីផ្ទះ ៖
នេះគឺជាការរៀបចំទីធ្លាឲ្យស្រឡះទាំងផ្លូវ ចេញចូលដើម្បីសម្រួលការ ដឹកជញ្ជូនសម្ភារសំណង់ងាយស្រួល។ ការរៀបចំកម្ពស់ផ្ទៃដីផ្ទះក៏សំខាន់ដែរ ជាទូទៅគេត្រូវចាក់ដីផ្ទះឲ្យ ខ្ពស់ជាងកម្ពស់ផ្លូវប្រហែល ៣០សង់ទីម៉ែត្រ (អាស្រ័យលើប្រភេទផ្លូវបេតុង ផ្លូវលំឬផ្លូវជាតិតាមការអនុញ្ញាតពីអាជ្ញាធរដែនដី) ហើយក៏ត្រូវតែខ្ពស់ជាងប្រព័ន្ធលូសាធារណៈដែរ ចៀសវាងការច្រាលពីលូមកវិញ។ ហើយពេលដែលល្អសម្រាប់ការត្រៀមផ្ទៃដីសង់ផ្ទះ គឺអំឡុងខែប្រាំងព្រោះដីហាប់ល្អជាងខែវស្សា។
២. ការរៀបប្លង់ផ្ទះ ឬសំណង់អាគារ ៖
ពេលខ្លះអ្នកមានគំរូផ្ទះដែលខ្លួនស្រលាញ់ក្នុងចិត្តមែន តែមិនមែនសុទ្ធតែអាចសង់បានតាមចង់នោះទេ។ ជាក់ស្តែងគេត្រូវមើលពីលក្ខខណ្ឌដីនិងមូលដ្ឋានក្រោមដីរបស់អ្នកថាសមស្របនឹងសង់ម៉ូដដែលអ្នកស្រលាញ់ ឬអត់ ដូចជា តើដីនោះចំដង្ហើមទឹក មានដើមឈើធំ ឬ សសរភ្លើងក្បែរ មានសសរសល់ពីសំណង់ចាស់ ឬទីតាំងអាគារក្បែរខាងដែលអាចប៉ះពាល់ដល់ទំហំផ្ទៃដី ឬផ្ទះដែលអ្នកចង់សង់។ ដូច្នេះហើយទើបរាល់ការសាងសង់តម្រូវឲ្យមានការពិភាក្សាគ្នា រវាងម្ចាស់ផ្ទះ អ្នកចេញម៉ូដផ្ទះ វិស្វករ និងក្រុមហ៊ុនម៉ៅការសាងសង់ជាមុន ដើម្បីបញ្ចៀសបញ្ហារាំងស្ទះផ្សេងៗពេលដំណើរការសាងសង់។
៣. ការបោះបង្គោលសសរ ៖
អ្នកចេញម៉ូដផ្ទះត្រូវមើលទីតាំងផ្ទាល់ ហើយក៏ជាអ្នកកំណត់ថាផ្ទះណាត្រូវបោះបង្គោលបែបណា អាចនឹងត្រូវបុកគ្រឹះ ឬអាចនឹងត្រូវចោះបង្កប់។ ការត្រួតពិនិត្យគុណភាពបង្គោលត្រូវសាកល្បងភាពធន់ (Load Test) ថាអាចទទួលទម្ងន់ តាមស្តង់ដារបាន។
គ្រឹះផ្ទះដែលរឹងមាំអាស្រ័យលើគុណភាពសម្ភារសំណង់។ ដូច្នេះហើយការជ្រើសរើសស៊ីម៉ង់ដែលមានការសិក្សាច្បាស់លាស់ពីអ្នកជំនាញ ទើបអាចធានាលើគុណភាពជាប់រឹងមាំយូរអង្វែងបាន។
ដើម្បីស្វែងយល់បន្ថែមពីផលិតផលសំណង់ជាច្រើនប្រភេទទៀតសូមចូលទៅវិបសាយ SCG។
៤. ការរៀបចំក្រវាត់ជើងក្រោម ៖
បើសិនសំណង់ណាដែលប្រើស៊ីម៉ង់ត៍លាយដែកគួរតែមានទំហំក្រវាត់តាមវិស្វករគណនាទុក ហើយត្រូវប្រើពេលបណ្ដុះស៊ីម៉ងត៍ និងដោះពុម្ពប្រហែល ២៨ថ្ងៃសម្រាប់ការចាក់ធ្នឹមឬប្លង់សេ។ ទាំងអស់នេះអាស្រ័យលើលក្ខណៈសំណង់ និងស៊ីម៉ងត៍ដែលប្រើ ដើម្បីឲ្យគ្រោងផ្ទះរឹងមាំ និងអាចផ្ទុកទម្ងន់បានល្អ។ ក្នុងដំណាក់កាលនេះ ក៏នឹងមានការជីកដីធ្វើប្រព័ន្ធលូបង្ហូរទឹកស្អុយ ប្រព័ន្ធទឹកស្អាត ដែរហើយម្ចាស់ផ្ទះគួរថតរូបទុកដើម្បីចំណាំទីតាំង និងចម្ងាយរបស់ប្រព័ន្ធបង្ហូរក្រែងថ្ងៃក្រោយត្រូវការជួសជុល ។
៥. គ្រោងផ្ទះជាន់ទី ១ និង ប្រព័ន្ធបង្ហូរ ៖
គ្រឹះជាន់ទីមួយក៏ត្រូវធ្វើដូចជាន់ក្រោមដែរ ទាំងគ្រឹះ ក្រវាត់ និង ប្លង់បង្គំហើយអាចមានផ្នែកបន្ថែមដូចជា ទ-ទឹក របាំងសាច រៀបធ្នឹមជាដើមហើយ ផ្នែកមួយៗ ត្រូវការពេលបណ្ដុះស៊ីម៉ងត៍ដូចគ្រឹះជាន់ក្រោមដែរ ។
ប្រព័ន្ធបង្ហូរទឹក ទាំងធុងទឹកក្រោមដី ទាំងបំពង់បង្ហូរលូទឹកស្អុយនឹងត្រូវរៀបចំឲ្យរួចរាល់ ក្នុងដំណាក់កាលនេះទើបអាចរៀបតបំពង់បង្ហូរក្នុងផ្ទះបាន ។
៦. ដំបូល និងជណ្ដើរ ៖
ពេលគ្រោងផ្ទះសំខាន់ៗ រៀបចំរួចហើយ គេនឹងចាប់ផ្ដើមរៀបគ្រោងដំបូលដើម្បីឲ្យផ្នែកខាងក្នុងផ្ទះមានម្លប់ហើយកាត់បន្ថយបញ្ហាពេលមានភ្លៀងខ្យល់អំឡុងពេលកសាងផ្ទះ។ ដំណាក់កាលនេះគេចាប់ផ្ដើមរៀបគ្រោងជណ្ដើរបណ្ដើរៗ បន្ទាប់មកអាចរៀបចំផ្នែកផ្សេងៗ ឲ្យរួចរាល់មុនចាប់ផ្ដើមរៀបជញ្ជាំង និងផ្នែកខាងក្រៅផ្សេងទៀត ។
ដើម្បីបានដំបូលដ៏រឹងមាំស្រស់ស្អាតសមនឹងតួផ្ទះ ក្រៅពីប្រើប្រាស់ក្បឿងប្រក់ដំបូលគុណភាពខ្ពស់ហើយ បច្ចេកទេសតំឡើងតំបូលត្រឹមត្រូវក៏ត្រូវមានទន្ទឹមគ្នាដែរ។ ដោយហេតុនេះហើយ ទើបនៅ SCG ផ្តល់ជូននៅដំណោះស្រាយតំឡើងដំបូលពេញលេញមួយ ដូចជាគ្រោងដំបូលដែលរឹងមាំ តែមានទម្ងន់ស្រាល ប្រព័ន្ធការពារកំដៅ និងការជ្រាបទឹក ការពារមិនឲ្យសត្វធ្វើសំបុក និងប្រព័ន្ធឲ្យខ្យល់ចេញចូលជាដើម។
យ៉ាងណាក៏ដោយ បច្ចុប្បន្នម្ចាស់គេហដ្ឋានភាគច្រើនព្យាយាមសន្សំការចំណាយលើដំបូលដោយជ្រើសយកដំបូលប្រក់ដែកជំនួសការប្រើដំបូលបេតុងឬដំបូលក្បឿងសេរ៉ាមិច។ ប៉ុន្តែបញ្ហាដែលតាមមកជាមួយពីការសន្សំនោះគឺ ដំបូលប្រក់ដែកនឹងមានសំលេងរំខានខ្លាំងពេលភ្លៀងធ្លាក់ កម្ដៅខ្ពស់នៅពេលថ្ងៃ មិនសូវជាប់ធន់ងាយនឹងឡើងស្នឹម ហើយមិនអាចទប់កម្លាំងខ្យល់ខ្លាំងបានឡើយ។
៧. ជញ្ជាំង, ទ្វារ បង្អួច និងប្រព័ន្ធទឹកភ្លើង៖
រៀបជញ្ជាំងអាស្រ័យលើផ្ទះនីមួយៗ ថាប្រើជញ្ជាំងរៀបឥដ្ឋ ឬជញ្ជាំងស្រាល (ជញ្ជាំងស្រាលមានដូចជាបន្ទះ Gypsum បន្ទះក្ដារ ឬបន្ទះ Fiber Cement )។ ការជ្រើសរើសសម្ភារនីមួយៗ មកប្រើចាំបាច់ពិចារណាលើគុណសម្បត្តិរបស់វា តម្លៃ និងមុខងារក្នុងការប្រើប្រាស់ជាមុនសិន ដូច្នេះហើយទើបការសង់ផ្ទះមួយខ្នងៗ អាចប្រើជញ្ជាំងបានច្រើនប្រភេទផ្សេងគ្នាបាន។ ដំណាក់កាលនេះក៏មានការបង្កប់ប្រព័ន្ធទឹកភ្លើងតាមជញ្ជាំង និងដាក់ប្រអប់ទ្វារបង្អួចតាម កន្លែងដែលមានក្នុងប្លង់ឲ្យរួចរាល់ដែរ ។
៨. ដំណាក់កាលបូកជញ្ជាំង និងពិដាន ៖
ដំណាក់កាលនេះក្រៅពីត្រូវការបច្ចេកទេសខ្ពស់ហើយ ជាងដែលមានជំនាញច្បាស់លាស់ រួមនឹងការរើសប្រភេទស៊ីម៉ងត៍ដែលមានគុណសម្បត្តិពិសេស និងគុណភាពខ្ពស់ក៏សំខាន់ដែរទើបជញ្ជាំង រៀបស្មើល្អ ងាយស្រួលបូក ដូចជាស៊ីម៉ងត៍ K Plastering ឯកទេសសម្រាប់បូកជញ្ជាំង ដែលបានផលិតឡើងដោយរូបមន្តជាប់ស្អិត និងហាប់ល្អ ធានាបានថានឹងគ្មានស្នាមប្រេះ ពិសេសបូកបានលឿន និងងាយស្រួល។
ក្រៅពីស៊ីម៉ងត៍បូក លោកអ្នកអាចជ្រើសរើសផលិតផលផ្សេងទៀតដើម្បីសោភ័ណ្ឌភាពជញ្ជាំងនិងភាពជាប់ធនបានដូចជា អេសស៊ីជី ស្មាតវូដ (SCG SmartWood) ជាផលិតផលដែលរចនាឡើងសម្រាប់ម្ចាស់គេហដ្ឋានដែលត្រូវការទាំងគុណភាពរឹងមាំនិងភាពស្រស់ស្អាតបែបធម្មជាតិ។
ចំណែកពិដានវិញគេដាក់បណ្ដើរគេតអំពូលភ្លើង ប្រព័ន្ធខ្សែភ្លើងកុងតាក់បិទបើកបណ្ដើរ ។ ឯគ្រោងដំបូលគេបិទដោយពិដាន ប្រើបន្ទះ SCG SឋឋឋmartBoard, Gypsum, Fiber Cement ជាដើម។
៩. ដំណាក់កាលបៀកកំបោរជញ្ជាំង លាបថ្នាំពណ៌ផ្ទះ ដាក់ទ្វារ បង្អួច និងកិច្ចការ Build-in និងផ្សេងៗ ៖
ជាដំណាក់កាលមួយទៀតដែលត្រូវពឹងលើជាងជំនាញព្រោះត្រូវការភាពផ្ចិតផ្ចង់ខ្លាំងមែនទែន ដោយសារនេះជាដំណាក់កាលសំខាន់ដែលធ្វើឲ្យផ្ទះស្អាតតាមយើងចង់បាន ៖
A. ការតុបតែងជញ្ជាំង និងកម្រាលក្រោម ៖ ម្ចាស់ផ្ទះអាចជ្រើសរើសថ្នាំពណ៌លាបផ្ទះ រៀបក្បឿងសេរ៉ាមិចបិទ Wallpaper។ លោកអ្នកក៏អាចជ្រើសរើស SmartWood បិទជញ្ជាំងដើម្បីទទួលបានភាពស្រស់ស្អាតបែបធម្មជាតិ ជាប់ធន់និងមិនប៉ះពាល់បរិស្ថានទៀតផង។ ចំណែកកម្រាលវិញអាចប្រើថ្មខាត់ ការ៉ូខ្សាច់ ការ៉ូឈើ ការ៉ូសេរ៉ាមិច ក្ដារ Laminated ជាដើម។
B. ប្រព័ន្ធបំភ្លឺ និងឧបករណ៍អគ្គិសនីផ្សេងៗ ៖ ជាដំណាក់កាលដែលយើងចាប់ផ្ដើមតុបតែងផ្នែកខាងក្នុង ដាក់អំពូលបំភ្លឺផ្សេងៗ តាមតម្រូវការ បំពាក់ម៉ាស៊ីនត្រជាក់ ជាពិសេសដាក់ព្រីភ្លើងឲ្យត្រូវតាមប្រភេទគ្រឿងអគ្គិសនីភ្នែកពីរឬបី ។
ចំណុចគួរប្រុងប្រយ័ត្ន! លោកអ្នកគួរជ្រើសរើសកុងតាក់ឬឧបករណ៍ភ្ជាប់ចរន្តដែលមានគុណភាពខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីចៀសវាងគ្រោះថ្នាក់ឆ្លងចរន្តជាយថាហេតុ។
C. ទ្វារ និង បង្អួច ៖ ទ្វារបង្អួចគួររើសឲ្យត្រូវគ្រោងដែលបានរៀបទុក មិនមែនយកតែស្អាតទេ ត្រូវគិតពីភាពរឹងមាំពេលភ្លៀងខ្យល់នឹងការពារការជ្រាបទឹកនៅថ្ងៃមុខផងដែរ។
D. ផ្នែក Build-in ៖ អាចជាក្ដីស្រមៃរបស់សុភាពបុរស សុភាពនារីជាច្រើនដែលចង់ឲ្យផ្ទះរបស់ខ្លួនមាន walk-in closet នេះហើយជាដំណាក់កាលដែលយើងអាចរៀបចាំផ្នែក Build-in នេះបាន ។
E. ការរៀបចំឧបករណ៍បន្ទប់ទឹក និងផ្ទះបាយ ៖ ដំណាក់កាលនេះគេចាប់ផ្ដើមដាក់ចានបង្គន់ អាងលាងមុខ បាសាំងជាដើម។ ក្រោយពេលរៀបចំដាក់រួចហើយត្រូវគ្របដោយប្លាស្ទិកដើម្បីការពារពីកម្ទេចល្អងឬស្នាមឆ្កូតផ្សេងៗ ពេលសម្អាតផ្ទះក្រោយសាងសង់រួច ។
១០. ដំណាក់កាលបោសសម្អាតផ្ទះ ៖
ជាដំណាក់កាលចុងក្រោយដែលត្រូវពិនិត្យភាពល្អិតល្អន់ដូចជាថ្នាំពណ៌ នឹងការតភ្ជាប់ប្រព័ន្ធផ្សេងៗ ដូចជាទឹក ភ្លើង កុងតាក់ អំពូល ម្ចាស់ផ្ទះគួរឆែកមើលដោយខ្លួនឯង ហើយបើមានបញ្ហាអីនឹងអាលបានប្រាប់ជាងឲ្យកែឲ្យហើយ រួចទើបគេសម្អាតផ្ទះ (ម្ចាស់ផ្ទះខ្លះច្រើនប្រគល់ឲ្យក្រុមហ៊ុនបោសសម្អាតមកធ្វើ ក្រោយសង់ផ្ទះរួច)៕