ផុស Instagram ម្ដងៗអាចធ្វើជាសេដ្ឋី ប៉ុន្តែ Selena អះអាងថាលើទូរសព្ទគ្មានកម្មវិធីនេះទេ

  • 2019-08-01 03:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ប្រចាំ​ឆ្នាំ ២០១៩ របស់ HopperHQ.com បាន​បង្ហាញ​ថា​ Selena Gomez អាច​រក​ចំណូល​​ជាង ៨៨ ម៉ឺនដុល្លារ ពី​ការ​ជួល​ឲ្យ​បង្ហោះ​លើ Instagram ក្នុង​មួយ​លើកៗ។ ត្បិត​ថា​អាច​ទទួល​បាន​កម្រៃ​ច្រើន​មែន​ ប៉ុន្តែ​តារា​វ័យ ២៧ ឆ្នាំ​រូប​នេះ អះអាង​ថា​លើ​ទូរសព្ទ​របស់​ខ្លួន​គ្មាន​កម្មវិធី Instagram ឡើយ។

Selena បាន​បក​ស្រាយ​បែប​នេះ​កាល​ពី​ថ្មីៗ​កន្លង​ទៅ ៖ "វា​​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​មិន​ល្អ​នោះ​ទេ។ ខ្ញុំ​យល់​ថា​ សម្រាប់​ក្មេងៗ​រួម​ទាំង​ខ្ញុំ​ដែរ​នោះ ការ​ចំណាយ​ពេល​​ខ្វល់​ខ្វាយ​នឹង​ Comment ហើយ​​អនុញ្ញាត​ឲ្យ​វា​គ្រប់គ្រង​យើង​នោះ ពិត​ជា​ប៉ះពាល់​ខ្លាំង​ដល់​ខ្ញុំ។ វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ទឹក​ចិត្ត។ វា​អាច​ធ្វើ​​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួន​ឯង ហើយ​មើល​មក​ខ្លួន​ឯង​​ក្នុង​ផ្លូវ​ផ្សេង រួម​នឹង​រឿង​រ៉ាវ​ផ្សេង​ទៀត​ជា​ច្រើន”។

អតីត​មិត្ត​ស្រី​របស់ Justin Bieber បាន​បញ្ជាក់​ថា​​យូរៗ​ម្ដង នាង​ Log In ចូល​គណនី Instagram របស់​ខ្លួន​ ដោយ​ប្រើ​ប្រាស់​ទូរសព្ទ​របស់​អ្នក​ដទៃ។

​គួរ​ដឹង​ថា​ Selena Gomez គឺ​ជា​បុគ្គល​មាន​អ្នក Follow ច្រើន​ជាង​គេ​លើ​ Instagram លំដាប់​ទី​បី ជា​មួយ Follower ចំនួន ១៥៤ លាន​នាក់ នៅ​ពី​ក្រោយ​ Cristiano Ronaldo និង Ariana Grande។ ត្បិត​មិន​សូវ​បង្ហោះ​រូប​ជា​ទៀងទាត់ ប៉ុន្តែ​ Selena នៅ​តែ​អាច​រក្សា​ប្រជាប្រិយភាព​របស់​ខ្លួន​បាន​យ៉ាង​ល្អ។

កាល​ពី​ចុង​ឆ្នាំ ២០១៨ ម្ចាស់​បទ "Who Says” បាន​សម្រាក​ពី Instagram រយៈពេល ៤ ខែ ដោយ​សារ​តែ​មតិ​អវិជ្ជមាន​ដែល​ខ្លួន​ទទួល​បាន​ រួម​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​​ដែល​ទាក់ទង​នឹង​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង