១០ ឆ្នាំមុន Taylor Swift ជួបរឿងអាម៉ាសបំផុតក្នុងជីវិត

  • 2019-09-13 07:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១៣ កញ្ញា​ ឆ្នាំ ២០០៩ គឺ​ជា​​ថ្ងៃ​ដែល​កម្មវិធី​​ Video Music Awards បាន​ប្រារព្ធ​ឡើង​នា​ពេល​នោះ។ វា​ក៏​ជា​ថ្ងៃ​ដែល​តារា​ចម្រៀង​វ័យ​ក្មេង Taylor Swift ជួប​ប្រទះ​នឹង​រឿង​អាម៉ាស់​មុខ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ។

នៅ​យប់​នោះ Taylor Swift ដែល​​មាន​វ័យ​ទើប ១៩ ឆ្នាំ បាន​យក​ឈ្នះ Beyoncé ដើម្បី​បាន​ពាន​រង្វាន់ Best Female Video សម្រាប់​វីដេអូ​ចម្រៀង "You Belong With Me” របស់​ខ្លួន។ ហើយ​ពេល​នោះ​តារា​រ៉េប Kanye West បាន​លេច​មុខ​លើ​ឆាក និង​បាន​​បង្អាក់​ដំណើរ​ Taylor ដែល​បម្រុង​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ។

Kanye បាន​​ដណ្ដើម​មេក្រូ​ពី​ដៃ Taylor រួច​បាន​និយាយ​ថា ៖ "យូ Taylor, ខ្ញុំ​សប្បាយ​ចិត្ត​ដែល​អ្នក​ឈ្នះ ខ្ញុំ​នឹង​ឲ្យ​អ្នក​និយាយ​ឲ្យ​ចប់ ប៉ុន្តែ Beyoncé មាន​វីដេអូ​ចម្រៀង​ល្អ​ដាច់​គេ​មួយ! គឺ​វីដេអូ​ចម្រៀង​ល្អ​ដាច់​គេ​មួយ!”

ភ្លាម​នោះ Beyoncé បង្ហាញ​ទឹក​មុខ​បែប​មិន​គួរ​ឲ្យ​ជឿ ចំណែក Taylor Swift វិញ​ មាន​ការ​ចុះ​ផ្សាយ​ថា​បាន​ដើរ​ចេញ​ពី​ឆាក​ទាំង​យំ។ ប៉ុន្តែ​ក្រោយ​មក​ នៅ​ក្នុង​កម្មវិធី​ដដែល Beyoncé បាន​អញ្ជើញ​ Taylor ឡើង​​លើ​ឆាក ដើម្បី​បង្ហើយ​ការ​ថ្លែង​អំណរគុណ​របស់​ខ្លួន។ ក្នុង​កម្មវិធី Jay Leno ពីរ​ថ្ងៃ​​ក្រោយ​មក Kanye បាន​ទទួល​ស្គាល់​ថា​ខ្លួន​រាង​ឈ្លើយ​មែន ហើយ​បាន​ធ្វើ​ការ​សុំទោស​ជា​ច្រើន​លើក។

  • ​​​​​​​​​​ឆ្នាំ ២០១០ ៖ Kanye ធ្វើ​ការ​សុំទោស

ក្នុង​សារ Twitter ក៏​វែង​អន្លាយ​នៅ​ខែ​កញ្ញា ឆ្នាំ ២០១០ Kanye បាន​ធ្វើ​ការ​សុំទោស​ម្ដង​ទៀត និង​និយាយ​ថា​បាន​សរសេរ​ចម្រៀង​មួយ​បទ​សម្រាប់ Taylor។ ក្រោយ​មក​តារា​រ៉េប​រូប​នេះ ក៏​បាន​លុប​គណនី​របស់​ខ្លួន​ចោល​បាត់។

ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក Taylor បាន​ឡើង​សម្ដែង​​បទ​ចម្រៀង "Innocent” នៅ​លើ​ឆាក​កម្មវិធី VMA ឆ្នាំ ២០១០ ដែល​បទ​ចម្រៀង​មាន​បញ្ចូល​ប៉ារូល​​បញ្ឆេះ​ដល់ Kanye ថា ៖ “Thirty two and still growin' up now” ( ដែល​មាន​ន័យ​ថា អាយុ ៣២ ឆ្នាំ​ហើយ នៅ​មិន​ទាន់​ដឹង​ក្ដី​ទៀត )។ គួរ​ដឹង​ថា​ពេល​កើត​ហេតុ Kanye គឺ​មាន​អាយុ ៣២ ឆ្នាំ។

  • ឆ្នាំ ២០១៥ ៖ ការ​ផ្សះផ្សា​

​នៅ​ត្រឹម​ឆ្នាំ ២០១៥ ទំនាស់​ភាគី​ទាំង​ពីរ​ ហាក់​​​ត្រូវ​បាន​សាប​រលាប។ Kanye បាន​ឲ្យ​តម្រុយ​ដែរ​ថា​ពួក​គេ​អាច​នឹង​ផលិត​ចម្រៀង​ជា​មួយ​គ្នា ហើយ Kim Kardashian (ភរិយា​ Kanye) បាន​ចូល​រួម​​ការ​ប្រគំ​តន្ត្រី​របស់ Taylor នៅ​ទីក្រុង​ឡុងដុង​ជា​មួយ​បង​ប្អូន​ស្រី​របស់​ខ្លួន​ទៀត​ផង។

​នៅ​ក្នុង​កម្មវិធី VMA ឆ្នាំ ២០១៥ អ្នក​ទាំង​បី (Taylor, Kanye និង Kim) ហាក់​ដូច​ជា​ត្រូវ​​គ្នា​ខ្លាំង ហើយ​ Taylor ថែម​ទាំង​​ធ្វើ​ការ​លេង​សើច​ចំពោះ​​​ការ​​ឡើង​រំខាន​របស់ Kanye នៅ​ពេល​ដែល​នាង​ឡើង​ប្រកាស​ពាន​រង្វាន់​ Video Vanguard Award ដល់ Kanye ទៀត​ផង។

  • ឆ្នាំ ២០១៦ ៖ ​មាន​ផ្កា​ភ្លើង​រឿង​ទំនាស់​ឡើង​វិញ

គ្រប់​យ៉ាង​បាន​ប្រែ​ប្រួល​នៅ​ពេល Kanye បញ្ចេញ​ចម្រៀង​ "Famous” នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៦។ ចម្រៀង​មាន​ប៉ារូល​​ថា ៖ "I feel like me and Taylor might still have sex// Why? I made that bitch famous” ( មាន​ន័យ​ថា​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ និង Taylor ប្រហែល​នឹង​នៅ​រួម​ភេទ​ជា​មួយ​គ្នា។ ហេតុ​អ្វី? គឺ​ខ្ញុំ​ធ្វើ​ឲ្យ​នាង​ល្បី )។

​បន្ទាប់​ពី​ឃ្លា​នេះ​រង​ការ​រិះគន់ Kanye បាន​ចេញ​មុខ​ការពារ​​​ប៉ារូល​របស់​ខ្លួន ដោយ​​និយាយ​ថា​​ឃ្លា​នេះ​មាន​ការ​យល់​ព្រម​ពី Taylor រួច​ហើយ។ ប៉ុន្តែ​អ្នក​តំណាង Taylor ឆ្លើយ​តប​ ដោយ​ទទូច​ថា​នាង​មិន​បាន​ប្រាប់​អំពី​ឃ្លា "Bitch” នោះ​ទេ។

ពេល​ដែល​ Taylor ឡើង​ទទួល​ពាន​​ Grammy សម្រាប់ Album of the Year ក្រោយ​បញ្ចេញ​អាល់ប៊ុម "1989” បាន​ប៉ុន្មាន​សប្ដាហ៍​នោះ នាង​បាន​​បញ្ចេញ​​សារ​ដែល​ឌឺ​ដង​ដល់ Kanye។

Taylor និយាយ​ថា ៖ "នឹង​មាន​មនុស្ស​នៅ​តាម​ផ្លូវ ដែល​ចង់​​បន្ទាប​បន្ថោក​ភាព​ជោគជ័យ​របស់​អ្នក ឬ​ចង់​បាន​​មុខ​មាត់​សម្រាប់​​​ជោគជ័យ ឬ​ភាព​ល្បី​ឈ្មោះ​របស់​អ្នក។ ប៉ុន្តែ​បើ​អ្នក​ផ្ដោត​តែ​លើ​ការងារ និង​​​មិន​ឲ្យ​គេ​​បង្អាក់​ដំណើរ​បាន​នោះ ថ្ងៃ​ណា​មួយ​នៅ​ពេល​អ្នក​ទៅ​ដល់​គោលដៅ អ្នក​នឹង​ក្រឡេក​មើល​ជុំវិញ ហើយ​អ្នក​នឹង​ដឹង​ថា​មាន​តែ​អ្នក​ និង​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ប៉ុណ្ណោះ​​ ដែល​ជួយ​ឲ្យ​អ្នក​ដល់​គោលដៅ ហើយ​វា​នឹង​ជា​អារម្មណ៍​ល្អ​បំផុត​មួយ​ក្នុង​លោក”

​​ក្រោយ​មក​ទៀត​នៅ​ខែ​កក្កដា ពេល​ជួប​សម្ភាសន៍​ជា​មួយ​នឹង​ទស្សនាវដ្ដី GQ ភរិយា​របស់ Kanye បាន​លើក​ឡើង​ថា​ Taylor ​ពិត​ជា​បាន​អនុញ្ញាត​ឲ្យ​បញ្ចូល​ប៉ារូល "Bitch” នៅ​ក្នុង​បទ "Famous” ហើយ​ថែម​ទាំង​ថា​មាន​ការ​ថត​សំឡេង​សន្ទនា​​ទូរសព្ទ​នៅ​ពេល​នោះ​ទៀត​ផង ប៉ុន្តែ​​​អះអាង​ថា​មេធាវី​ Taylor បាន​ឲ្យ​ Kim និង​ប្ដី​ បំផ្លាញ​វា​ចោល។

បន្ទាប់​មក​ទៀត Kanye បាន​បញ្ចេញ​វីដេអូ​ចម្រៀង​សម្រាប់​បទ​ Famous ដែល​កាន់​តែ​ធ្វើ​ឲ្យ​​កំហឹង​​​ផ្ទុះ​​រឹត​តែ​ខ្លាំង។ វីដេអូ​មាន​បង្ហាញ​អំពី​ម៉ូដែល​ រូបរាង​ដូច​ជា​ Taylor ដេក​អាក្រាត​នៅ​លើ​គ្រែ​ ជា​មួយ​បុគ្គល​ល្បីៗ​ដទៃ​ដូច​ជា​លោក Donald Trump, Rihanna រួម​នឹង Kanye, Kim និង​អតីត​គូ​ស្នេហ៍​របស់​ប្ដី​ប្រពន្ធ​មួយ​នេះ​ជា​ដើម។

នៅ​ក្នុង​សារ​ Twitter មួយ​ ដែល​បាន​លុប​ចោល​ហើយ​នោះ Taylor បាន​ប្រកែក​ថា​មិន​បាន​ដឹង​អំពី​ប៉ារូល "Bitch” ហើយ​ចោទ​ប្រកាន់​ប្ដី​ប្រពន្ធ​ Kanye ថា​ជា​តួ​អង្គ​​ឃាតកម្ម។ Taylor បាន​បញ្ចប់​សារ​របស់​ខ្លួន​ដោយ​ឃ្លា​ថា ៖ "I would very much like to be excluded from this narrative, one that I have never asked to be a part of, since 2009,"។ ដែល​មាន​ន័យ​ថា "ខ្ញុំ​ពិត​ជា​ចង់​ដក​ខ្លួន​ពី​រឿង​និទាន​នេះ រឿង​និទាន​ដែល​ខ្ញុំ​មិន​ដែល​សុំ​ចូល​រួម​សម្ដែង​ តាំង​ពី​ឆ្នាំ ២០០៩ មក​”

  • ឆ្នាំ ២០១៧ ៖ បទ "Look What You Made Me Do”

Taylor បាន​សម្អាត​គណនី Instagram ខ្លួន មុន​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​ទី ៦ "Reputation” និង​បាន​បញ្ចេញ​វីដេអូ​សត្វ​ពស់​ជា​ច្រើន​វីដេអូ ហើយ​ប្រើ​ប្រាស់​សត្វ​នេះ​ក្នុង​ការ​ផ្សព្វផ្សាយ និង​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​ផង​ដែរ។

បទ​ចម្រៀង "Look What You Made Me Do” របស់​ Taylor បាន​ប្រកាស​អំពី​ការ​ស្លាប់​របស់​ Taylor ពី​មុន និង​មាន​ប៉ារូល​ដែល​មនុស្ស​ភាគ​ច្រើន​ជឿ​ថា​សំដៅ​ដល់​ ជម្លោះ​ជា​មួយ Kanye។ វីដេអូ​សម្រាប់​ចម្រៀង​នេះ បាន​បំបែក​កំណត់​ត្រា YouTube ហើយ​វា​មាន​បង្ហាញ​អំពី​​ Taylor ស្លៀក​ពាក់​ឈុត​ចូល​រួម​​ VMA ឆ្នាំ ២០០៩ និង​បាន​និយាយ​អំពី​ឃ្លា​ " I would very much like to be excluded from this narrative” ផង​ដែរ។

  • ​ខែ​មិថុនា ២០១៩ ៖ Taylor និយាយ​បើក​ចំហ​ថា​ Kanye និង Kim ធ្វើ​បាប​និង​មើល​ងាយ​ខ្លួន

​​ក្រោយ​ពី​ Taylor បាន​ដឹង​ថា​ Scooter Braun ទិញ​អតីត​ផលិតកម្ម​ចម្រៀង​នាង នាង​បាន​ហៅ​ Scooter រួម​នឹង Kanye និង Kim ដោយ​ថា​ ពួក​គេ​បាន​ធ្វើ​បាប​នាង​រាប់​ឆ្នាំ។ នៅ​លើ​ tumblr តារា​ចម្រៀង​រូប​នេះ​បាន​សរសេរ​ថា ៖ "ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​ព័ត៌មាន​ថ្ងៃ​នេះ គឺ​ខ្ញុំ​ទើប​ដឹង​ពី​ការ​ទិញ​យក​សិទ្ធ​នៃ​ចម្រៀង​ដែល​ខ្ញុំ​​ផលិត​ ក្រោយ​ពី​វា​បាន​ប្រកាស​ចេញ​ទៅ​ពិភពលោក។ អ្វី​ដែល​ខ្ញុំ​គិត​ដល់​គឺ​ការ​ធ្វើ​បាប​ឥត​ឈប់ឈរ​ ដែល​ខ្ញុំ​ទទួល​បាន​ពី​គាត់ (Scooter) ជា​ច្រើន​ឆ្នាំ។ ដូច​ជា​ពេល​ដែល Kim កែ​សម្រួល​លើ​ការ​សន្ទនា​មួយ ធ្វើ​ឲ្យ​វា​លេច​ធ្លាយ រួច​​ហើយ Scooter ឲ្យ​អតិថិជន​របស់​ខ្លួន​ចំនួន​ពីរ ធ្វើ​បាប​ខ្ញុំ​តាម​អនឡាញ។ ឬ​ពេល​ដែល​អតិថិជន​របស់​គាត់​ គឺ Kanye រៀប​ចំ​​វីដេអូ​ចម្រៀង​អាស​អាភាស ដែល​បង្ហាញ​ពី​រូបរាង​អាក្រាត​របស់​ខ្ញុំ”

  • ​ថ្ងៃ​ទី ២៥ សីហា ២០១៩ ៖ Taylor បញ្ចេញ​អាល់ប៊ុម​ទី ៧

ជា​ផ្នែក​មួយ​នៃ​អាល់ប៊ុម​ចម្រៀង​ទី ៧ ប្រភេទ Deluxe របស់​ខ្លួន Taylor បាន​បង្ហាញ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន ដែល​មាន​មួយ​រៀប​រាប់​អំពី​ហេតុការណ៍​នៅ VMA ឆ្នាំ ២០០៩។ "ប្រសិន​បើ​អ្នក​ប្រាប់​ខ្ញុំ​ថា​ តារា​ល្បី​ម្នាក់​​គ្រោង​នឹង​ឡើង​លើ​ឆាក​ និង​ប្រកាស​អំពី​ការ​គិត​របស់​ខ្លួន ថា​ខ្ញុំ​មិន​គួរ​ឈ្នះ​ពាន​ នៅ​លើ​ទូរទស្សន៍​កំពុង​ផ្សាយផ្ទាល់​នោះ ខ្ញុំ​អាច​នឹង​និយាយ​ថា «រឿង​នោះ វា​មិន​កើត​ឡើង​ក្នុង​ជីវិត​ពិត​នោះ​ទេ»”

តាម​រយៈ​កំណត់​ហេតុ​នេះ អាច​បញ្ជាក់​បាន​ថា​ជម្លោះ​រវាង​ Taylor និង​ Kanye នៅ​មិន​ទាន់​សាប​រលាប​នោះ​ទេ៕

ចុចអាន ៖ Justin Bieber និយាយ​បែប​នេះ​ភ្លាមៗ​ពេល​ឃើញ​វីដេអូ​របស់​គូស្នេហ៍ Shawn និង Camila

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង