អ្នកជំនាញអចលនទ្រព្យថា ខេត្ត៥ កំពុងមានសក្កដានុពលវិស័យអចលនទ្រព្យ

  • 2019-09-20 04:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនាញអចលនទ្រព្យបានបង្ហើបឲ្យដឹងថា សម្រាប់អ្នកចង់រកស៊ីអចលនវត្ថុរយៈពេលវែង គឺគេសម្លឹងលើខេត្តចំនួន៥ ដែលកំពុងមានសក្កដានុពលខ្លាំង និយាយជារួមអាចចំណេញលុយបានច្រើន។ តើខេត្ត ៥នោះ មានខេត្តណាខ្លះ?

ខេត្តទាំង៥នេះ មានខេត្ត ព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តបាត់ដំបង។ នេះជាការថ្លែងបញ្ជាក់ដោយ លោក ច្រឹក សុខនីម លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងកិច្ចពិភាក្សាមួយក្រោមប្រធាន “ស្ថានភាពអចលនវត្ថុនៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត” ដែលបានប្រព្រឹត្តិទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃទី ១៩ កញ្ញា ២០១៩។

លោក ច្រឹក សុខនីម

នៅក្នុងឱកាសនោះ លោកច្រឹក សុខនីម បានបន្ថែមថា ស្ថានភាពប្រទេសកម្ពុជា ប្រៀបបាននឹងកូនក្រមុំ ដែលទើបបានច្នៃតិចតួច ហើយតែងតែអាចរកផលចំណូលពីវិស័យអចលនទ្រព្យនេះ បើធៀបនឹងបណ្ដាប្រទេសជឿនលឿន ដែលបណ្ដាប្រទេសទាំងនោះបានសាងសង់រួចទៅហើយ ពិបាករកផលចំណេញ ដូចនៅក្នុងប្រទេសកម្ពុជា។

លោកច្រឹក សុខនីម បានបន្ថែមថា «ខ្ញុំបានជួបអ្នកវិនិយោគិនច្រើនមកបណ្ដាប្រទេសជឿនលឿន គេមកទិញដី មកសាងសង់អាគារនៅកម្ពុជា គេរំពឹងរកប្រាក់ចំណេញយ៉ាងហោចណាស់ក៏ ៣០ឆ្នាំដែរ ដើម្បីធ្វើការអភិវឌ្ឈន៍លើវិស័យអចលនវត្ថុនៅកម្ពុជា»។

កិច្ចពិភាក្សា​ជុំវិញ​ប្រធាន​បទ “ស្ថានភាពអចលនវត្ថុនៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត” ដែលបានប្រព្រឹត្តិទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃទី ១៩ កញ្ញា ២០១៩។

«យើងធ្លាប់តែឃើញអភិវឌ្ឈន៍ខ្លាំងលើវិស័យអចលនទ្រព្យនៅតែទីក្រុងភ្នំពេញ តែឥលូវកំពុងរីកសាយភាយខ្លាំងនៅខេត្តចំនួន ៥ ដោយខេត្តទាំង៥នេះបាននិងកំពុងធ្វើការងារយ៉ាងសកម្មគឺជាទិសដៅនៅក្នុងការអភិវឌ្ឈន៍លើវិស័យអចលនវត្ថុកម្ពុជា»

ក្រៅពីតំបន់ទាំង៥ខាងលើ លោកច្រឹក សុខនីម យល់ឃើញថា ការវិនិយោគរយៈពេលវែង គឺមានខេត្តនៅតំបន់បឹងទន្លេសាប ដែលអាចអំណោយផលខ្លាំងនៅអំឡុង១៥ឆ្នាំខាងមុខ។ តើមូលហេតុអ្វីយើងរំពឹងទុកយូរដូច្នេះ?

នៅពេលគេនិយាយអំពីការអភិវឌ្ឈន៍វិស័យអចលនវត្ថុ គេនឹងបែងចែកជាពីរ គឺអភិវឌ្ឈន៍តាមបែបសេដ្ឋកិច្ច និង អភិវឌ្ឈន៍បែបធម្មជាតិ។ ដំណាក់កាលដំបូង ដូចជានៅភ្នំពេញ គេអភិវឌ្ឈន៍បែបសេដ្ឋកិច្ច ហើយរយៈពេលវែងគេនឹងចាប់ផ្ដើមអភិវឌ្ឈន៍បែបធម្មជាតិវិញ។

«ដំបូងឡើយនៅពេលយើងមានជីវភាពខ្វះខាត ប្រជាជនគិតតែចង់បានទីជម្រក ប៉ុន្ដែមកដំណាក់កាលសម័យបច្ចេកវិទ្យាទំនើប ហើយជាទស្សនយុវវ័យឥលូវ គេមិនមែនចង់បានតែផ្ទះមួយមុខទេ គេចង់បានផ្ទះទំនើបផង និងការផ្សារភ្ជាប់នឹងធម្មជាតិ»។ លោកច្រឹក សុខនីម មានប្រសាសន៍។

លោក បានបន្ថែមថា ការអភិវឌ្ឈន៍នៅពេលខាងមុខភ្ជាប់នឹងការអភិវឌ្ឈន៍បែបធម្មជាតិ ព្រោះថានៅពេលប្រទេសអភិវឌ្ឈន៍គេរមែងគិតពីសុខភាព។ «ជាទស្សនៈ នៅស្រុកខ្មែរនៅក្រោយខ្នងមានភ្នំ គឺជាអ្នកក្រ ប៉ុន្ដែនៅអាមេរិក និងជប៉ុនផ្ទុយគ្នាអ្នកនៅជាប់ភ្នំ ភាគច្រើនជាអ្នកមាន ព្រោះត្រូវបង់ពន្ធថ្លៃ»។ ប៉ុន្ដែ​និន្នាការ​ទាំង​អស់​នេះ​នឹង​ផ្លាស់​ប្ដូរ​ទៅតាម​ប្រទេស​ជឿនលឿន។

ទាក់ទងនឹងជំនួញទិញដី និងផ្ទះ លោកច្រឹកសុខនីម បានចែករំលែករបៀបរកស៊ី អចលនទ្រព្យថា ជាទូទៅចង់ក្លាយជាអ្នកជំនួញលើវិស័យអចលនទ្រព្យ គេត្រូវគិតលើកត្តាពីរ គឺការវិនិយោគរយៈពេលវែង និងខ្លី។

១. វិនិយោគរយៈពេលវែង៖ អ្នកដែលចង់វិនិយោគរយៈពេលវែងមិនសូវជាខុស ហើយចំណេញច្រើន គឺអ្នកវិនិយោគត្រូវចេះពិនិត្យមើលផែនការមេ របស់រាជរដ្ឋាភិបាល ហើយរាល់ការទិញអចលនវត្ថុ គួរសួរអាជ្ញាធរមូលដ្ឋានអំពីការអភិវឌ្ឈន៍នានា ដូចជា មានផ្លូវកាត់ឬទេ ផ្លូវក្រវ៉ាត់ក្រុងទេ...។

២. វិនិយោគរយៈពេលខ្លី៖ ការរកស៊ីអចលនទ្រព្យរយៈពេលខ្លី គឺមិនសូវចំណេញច្រើននោះទេ។ ដើម្បីងាយស្រួលចំណេញនៃការរកស៊ីអចលនទ្រព្យរយៈពេលខ្លី គេត្រូវមើលលើ៖

  • ចំនួនប្រជាជននៅក្នុងតំបន់៖ បើមានប្រជាជនរស់នៅច្រើនតម្រូវការទិញដី ផ្ទះ នឹងទទួលបានផល

  • តំបន់ពាណិជ្ជកម្ម៖ ផ្សារធំៗ ផ្សារទំនើប ជាដើម។

គួរ​កត់​សម្គាល់​ថា វិស័យ​សំណង់​ត្រូវ​បានព្យាករ​ថា ​នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​អត្រា ១៧,៣% និង ១៦,១% ក្នុងឆ្នាំ ២០១៩ និង ២០២០ ដោយសារ​ការ​រំពឹង​ទុក​នៃ​ការ​បន្ត​កើន​ឡើង​សំណង់​អាគារ​លំនៅឋាន​ ដែល​មាន​តម្លៃ ទាប និង​មធ្យម ព្រម​ទាំង​សំណង់​អគារ​ពាណិជ្ជកម្ម ជំនួស​ឲ្យ​កំណើន​យឺត​នៃ​សំណង់​អគារ​លំ​នៅឋាន ដែល​មាន​តម្លៃ​ខ្ពស់។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា