ធនាគារ ABA ចូលរួមបរិច្ចាគប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

  • 2019-10-19 05:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុនគេនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា បាននាំយកថវិកាចំនួន ៣០ម៉ឺនដុល្លារ ដើម្បីចូលរួមបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកានេះ នឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ ដែលមកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួនប្រាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងអំឡុងពេលប្រគល់ថវិកាជូនលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានប្រសាសន៍ថា “យើងខ្ញុំនៅធនាគារ ABA សូមគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍផ្នែកគាំពារនិងព្យាបាលកុមារ ដែលជាអនាគតនៃប្រទេសជាតិ និងជាសសរស្ដម្ភសម្រាប់វឌ្ឍនភាព និងវិបុលភាពសង្គម។”

“ការគាំទ្រគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះ បានឆ្លុះបញ្ចាំងដោយផ្ទាល់នូវ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់យើងខ្ញុំ ដែលមានគោលបំណងរួមចំណែកផ្ដល់វិភាគទានជាវិជ្ជមានដល់សង្គម និងប្រកាន់ភ្ជាប់ការយកចិត្តទុកដាក់ចំពោះអនាគតប្រជាពលរដ្ឋ និងសង្គមជាតិកម្ពុជា” លោកបានបន្ថែម។

ដើម្បីគាំទ្រការចូលរួមបរិច្ចាគពីសំណាក់អតិថិជន ធនាគារ ABA ក៏បានដាក់បញ្ចូលមុខងារបរិច្ចាគប្រាក់ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុង ABA Mobile ផងដែរ ដើម្បីឲ្យអតិថិជនអាចចូលរួមបរិច្ចាគប្រាក់បានយ៉ាងងាយស្រួល និងដោយមិនគិតថ្លៃសេវា។ ដំណើរការនៃការចូលរួមបរិច្ចាគមានភាពងាយស្រួល និងលឿនបំផុត ដោយគ្រាន់តែ៖

១. បើកដំណើរការកម្មវិធី ABA Mobile ហើយចុចយកប៊ូតុង “ទូទាត់ប្រាក់”

២. ជ្រើសរើសយកពាក្យ “សប្បុរសធម៌ & ការបរិច្ចាគ”

៣. ជ្រើសរើសយក “មូលនិធិគន្ធបុប្ផាកម្ពុជា”

៤. ជ្រើសរើស គណនី ABA ហើយវាយបញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក និងចំនួនទឹកប្រាក់

៥. ចុចយកពាក្យ “បង់ឥឡូវ” រួចបញ្ជាក់ការទូទាត់ដោយបញ្ចូលលេខសម្ងាត់ ABA Mobile របស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម ឬសាកសួរព័ត៌មានពីការបរិច្ចាគនៅក្នុង ABA Mobile សូមទាក់ទងមកកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈលេខ ០៦១ ៧០១ ១១១ ឬទាក់ទងមកកាន់ធនាគារ ABA តាមរយៈ ០២៣ ២២៥ ៣៣៣៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម