តោះ! មក​ស្វែងយល់ពីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុផ្តល់ជូនគិតថ្លៃ នៅអ៉ីអនសែនសុខព្រឹកមិញនេះ

  • 2019-10-19 11:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​នេះ ការិយាល័យ​ឥណទាន​កម្ពុជា​(CBC) បាន​រៀប​ចំ​សន្និសីទ​សារ​ព័ត៌មាន​មួយ​ស្តី​ពី «កម្មវិធី​សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ» នៅ​ផ្សារ​ទំនើប អ៉ីអន ម៉ល សែនសុខ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ជ្រាប​កាន់​តែ​ច្បាស់​​ពី​អត្ថប្រយោជន៍​នៃ ការ​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជា​ទៀង​ទាត់។

សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ គឺ​ជា​សេវាកម្ម​មួយ​របស់ CBC ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ពិនិត្យ​មើល​របាយការណ៍​ឥណទាន ឬ លទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់​ឥណទាន​របស់​ខ្លួន តាម​រយៈ CBC ឬ​ភ្នាក់​ងារ​ដៃ​គូ។ ការ​តាមដាន​ពី​ស្ថានភាព​សុខភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជា​ប្រចាំ​ គឺ​មាន​ភាព​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​សារ​វា​ផ្តល់​ឱកាស​វិភាគ​ដោយ​ខ្លួន​ឯង ​អំពី​លទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់​ឥណទាន​ និង​សមត្ថភាព​ក្នុង​ការ​សង​ត្រលប់ មុន​ពេល​ធ្វើ​ការ​ស្នើ​សុំ​ឥណទាន​ទៅ​តាម​ស្ថាប័ន​ឥណទាន​នា​នា និង អាច​បញ្ជាក់​ព្រម​ទាំង​ផ្ទៀងផ្ទាត់​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ ក៏​ដូច​ជា​ព័ត៌មាន​កម្ចី​ដែល​កំពុង​ចែក​រំលែក​នៅ​ក្នុង​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន ហើយ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ CBC ដើម្បី​ធ្វើ​ការ​កែ​ប្រែ​ព័ត៌មាន​ដែល​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​របាយការណ៍​ឥណទាន​របស់​បុគ្គល​ម្នាក់ៗ​ផង​ដែរ។

​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ បាន​លើក​ឡើង​តាម​រយៈ​ការ​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ថា៖ «ដោយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ប្រកប​ដោយ​ភាព​ជឿ​ជាក់​ និង​តម្លា​ភាព មិន​ត្រឹម​តែ​ជូន​ដល់​ស្ថាប័ន​សមាជិក​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​នៅ​ទីក្រុង និង​តាម​បណ្តា​ខេត្ត​ឲ្យ​បាន​រឹត​តែ​ទូលំ​ទូលាយ ការិយាល័យ​ឥណទាន​កម្ពុជា បាន​សហការ​ជាមួយ​នឹង​ស្ថាប័ន​ដែល​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ របស់​យើង​ដែល​រួម​មាន​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ គ្រឹស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ក្នុង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ សេវា​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ_Financial Health Check ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ត្រួត​ពិនិត្យ​របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លួន​នៅ​តាម​បណ្តា​សាខា​នា​នា របស់​ស្ថាប័ន​ទាំង​ពីរ​នៅ​ទូទាំង ២៥​ខេត្ត-ក្រុង​ តាំង​ពី​ដើម​ឆ្នាំ ២០១៩ មក​ម្លេះ​»។

«ប្រព័ន្ធ​នេះ​បាន​ចូល​រួម​ចំណែក​ជា​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ភាគី​ពាក់​ព័ន្ធ រួម​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ ​ប្រជាជន និង វិស័យ​ហិរញ្ញវត្ថុ​ទាំង​មូល​។ សម្រាប់​ស្ថាប័ន​ជា​សមាជិក​របស់​យើង អាច​ស្វែង​យល់​ពី​អតិថិជន​របស់​ពួក​គាត់​កាន់​តែ​ច្បាស់ និង ធ្វើ​ការ​សម្រេច​ចិត្ត​លើ​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ប្រសិទ្ធភាព និង ទំនួល​ខុស​ត្រូវ។ ប្រព័ន្ធ​នេះ​ក៏​ចូល​រួម​ចំណែក​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ ប្រព័ន្ធ​នេះ​ក៏​បាន​ជួយ​ដល់​អតិថិជន​ទូទៅ ក្នុង​ការ​ស្នើ​សុំ​និង​ស្វែង​យល់​អំពី​ព័ត៌មាន​ឥណទាន​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ដែល​នឹង​ជួយ​ពួក​គាត់​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ស្នើ​សុំ​កម្ចី »។ លោក​​បញ្ជាក់​បន្ថែម។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC)

ដើម្បី​មាន​ឱកាស​ប្រាស្រ័យ​ទាក់ទង និង​ប្រឹក្សា​យោបល់​ជាមួយ​អតិថិជន​ជា​សាធារណ:ជន ឲ្យ​បាន​រឹត​តែ​ប្រសើរ ការិយាល័យ​ឥណទាន​កម្ពុជា​បាន​ប្រារព្ធ កម្មវិធី​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ នៅ​ទី​ប្រជុំជន​ក្នុង​ផ្សារ​ទំនើប អ៊ីអន ម៉ល សែនសុខ​ដោយ​មាន​ក្រុម​ការងារ​ជំនាញ​ពី CBC ប្រចាំ​ការ​ប្រឹក្សា​យោបល់​ទាក់ទង​នឹង​សុខភាព​ហិរញ្ញវត្ថុ ក៏​ដូច​ជា​របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លួន​ជូន​ដល់​សាធារណ:​ជន​ដែល​បាន​អញ្ជើញ​មក​កំសាន្ត​នៅ​ទីនោះ​ដើម្បី​ឲ្យ​ជ្រាប​កាន់​តែ​ច្បាស់​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់ និង​អាច​ស្នើ​សុំ​របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លួន​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ​។

លោក សួន ពិសី ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​នៃ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី​ ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់​ការិយាល័យ​ឥណទាន​កម្ពុជា​ដែល​តែង​តែ​ជួយ​ផ្តល់​ការ​បណ្ដុះ​បណ្តាល​អំពី​ប្រព័ន្ធ និង​ព័ត៌មាន​ផ្សេងៗ​ អំពី​របៀប​ដាក់​ពាក្យ​ស្នើ​សុំ​សេវា​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​បុគ្គលិក អេ អឹម ខេ និង​បាន​រៀបចំ​ជា​សម្ភារ​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​លើ​សេវា​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នេះ​បាន​ទូទាំង ២៥ ទីរួមខេត្ត-ក្រុង​នៃ​សាខា​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ។ ជា​ពិសេស​នោះ​គឺ​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​ឲ្យ​បង​ប្អូន​កាន់​តែ​យល់​ដឹង​អំពី​សុខ​ភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន ក៏​ដូច​ជា​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​យើង​ផង​ដែរ» ។

លោក ណៃ សំបូរ នាយក​ការិយាល័យ​ទិន្នន័យ​ឥណទាន នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ការ​សហការ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា​ក្នុង​ការ​ដាក់​ដំណើរ​ការ​សេវា​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នេះ​គឺ អាច​ជួយ​សម្រួល និង​អាច​ឲ្យ​បង​ប្អូន​ទាំង​ឆ្ងាយ​ទាំង​ជិត​ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​មើល​របាយការណ៍​ឥណទាន​របស់​ខ្លួន​បាន​កាន់​តែ​ខ្ជាប់​ខ្ជួន​ជាមួយ​សាខា​សរុប​ចំនួន ២៦២ របស់​ធនាគារ អេស៊ីលីដា។ បង​ប្អូន​ពុំ​ចាំ​បាច់​ធ្វើ​ដំណើរ និង​ចំណាយ​ពេល​យូរ ដោយ​គ្រាន់​តែ​អញ្ជើញ​ទៅ​សាខា​ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក នោះ​ជា​ការ​ស្រេច»។

លោក​បន្ត​ថា​៖ «ខ្ញុំ​ប្រាកដ​ថា​សេវា​ត្រួត​ពិនិត្យ​សុខ​ភាព​ហិរញ្ញវត្ថុ​នេះ ពិត​ជា​មាន​សារៈ​សំខាន់​ប្រាកដ​ណាស់ ដែល​អាច​ជួយ​ឲ្យ​បង​ប្អូន​ដឹង​អំពី​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន ដើម្បី​ត្រៀម​​ខ្លួន​ក្នុង​ការ​ស្នើ​សុំ​កម្ចី​ថ្មី និង ដើម្បី​ផ្ទៀង​ផ្ទាត់​នូវ​ព័ត៌មាន​របស់​ខ្លួន»។

ក្នុងរយៈ​ពេល​ពេញ​មួយ​ថ្ងៃ​នេះ ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ក៏​មាន​អ្នក​ជំនាញ ដើម្បី​ជួយ​ប្រឹក្សា​យោបល់​ទាក់ទង​នឹង​សុខភាព​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ផ្តល់​ការ​ឆែក​របាយ​ការណ៍​ឥណទាន​ផ្ទាល់​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ឲ្យ​បាន​ជ្រាប​កាន់​តែ​ច្បាស់​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ដែល​ទីតាំង​ប្រឹក្សា​យោបល់ គឺ​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី តាម​ច្រក​ចូល​កណ្តាល​នៃ​ផ្សារ​ទំនើប អ៊ីអន ម៉ល សែនសុខ ពី​ម៉ោង​១១​ព្រឹក​រហូត​ដល់​ម៉ោង ៩​យប់៕

អត្ថបទ៖ លីដា

អត្ថបទពេញនិយម
អត្ថបទថ្មី