មជ្ឈមណ្ឌលបច្ចេកវិទ្យា Tech Center របស់ NIPTICT នឹង​លេច​ចេញ​រូប​រាងឆាប់ៗ​នេះ

  • 2019-10-22 08:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) បាន​បើក​ការដ្ឋាន​សាង​សង​អគារ មជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) កាល​ពី​ថ្ងៃ​ទី ២១ ខែតុលា ដោយ​ប្រើ​ប្រាស់​រយៈ​ពេល ១៨ខែ​ដើម្បី​ធ្វើ​ការ​សាងសង់​ឲ្យ​បាន​រួច​រាល់។

ពិធី​បើក​ការដ្ឋាន​សាង​សង​ដោយ​មាន​ការ​ចូល​រួម​ជា​អធិបតី​ភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាមូលនិធិ ស.អ. ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់ថ្នាក់ដឹកនាំនៃក្រសួងប.ទ អនុ​ប្រធាន​និង​សមាជិក​ក្រុម​ប្រឹក្សា​មូល​និធិ ស.អ. តំណាង​ក្រុមហ៊ុន​មិត្តហ្វូន មន្ត្រី​លេខា​ធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​មូល​និធិ ស.អ. សាស្ត្រាចារ្យ និស្សិត NIPTICT និងស្ថាប័នដែលជាដៃគូនានា។

មជ្ឈមណ្ឌលបច្ចេកវិទ្យា (ហៅជាភាសាអង់គ្លេសថា Tech Center) សាង​សង់​ឡើង​ដោយ​ប្រើប្រាស់​មូល​និធិ​នៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ ប.គ.ព (មូលនិធិ ស.អ.) ដែល​ជាមូល​និធិមួយកើតចេញអំពីការចង្អុលបង្ហាញពីច្បាប់ស្តីពីទូរគមនាគមន៍ ដោយ​កំណត់​ឱ្យ​ប្រតិបត្តិករ​ទូរគមនាគមន៍បង់វិភាគទានចំនួន ១ភាគ​រយ​នៃ​ចំណូល​ដុល​ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​ដល់​ការ​បណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និង​ការអភិវឌ្ឍផ្នែកទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មានស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទ-ប.គ.ព របស់​កម្ពុជា។

អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា មានកម្ពស់ ៤ជាន់ និងទំហំអគារសរុប ៣៨០០ម៉ែត្រក្រឡា នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលដំបូងគេនៅកម្ពុជា ដែល​កើត​ឡើង​ពី​កិច្ចសហការ​រួមគ្នារវាងវិទ្យាស្ថានជាតិ NIPITCT ដែលជាគ្រឹះស្ថានស្រាវជ្រាវរបស់រដ្ឋ និងក្រុមហ៊ុន Viettel (Cambodia)។

មជ្ឈមណ្ឌលបច្ចេកវិទ្យា នឹង​ត្រូវប្រើប្រាស់សម្រាប់ជម្រុញការស្រាវជ្រាវ និង ប្រែក្លាយ សមិទ្ធផល​ដែលកើតចេញពីការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកបញ្ញាសប្បនិម្មិត(AI) វិទ្យាសាស្រ្តទិន្នន័យ (Data Science) អ៊ិនធឺណិតនៃវត្ថុ(IoT) បច្ចេកវិទ្យាពពក (Cloud Computing) សុវត្ថិភាពអ៊ិនធឺណិត ទៅ​ជា​បច្ចេកវិទ្យាឌីជីថលដែលអាចធ្វើអាជីវកម្មបានដូចជាបច្ចេកវិទ្យាបម្រើឱ្យរដ្ឋាភិបាលឌីជីថល (GovTech) បច្ចេកវិទ្យាសម្រាប់អប់រំ (EduTech) បច្ចេកវិទ្យាសម្រាប់កសិកម្ម (AgriTech) បច្ចេកវិទ្យា​សម្រាប់ហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាសម្រាប់សុខាភិបាល (HealthTech)។

គួរបញ្ជាក់ផងដែរថា អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នេះ ជា​សមិទ្ធផល​ទីពីរ​នៃ​ការ​សាង​សង់​ក្នុងក្របខ័ណ្ឌមូលនិធិ ស.អ. ដែលគ្រោងនឹងសាងសង់រួចរាល់ក្នុងរយៈ១៨ ខែ។ ចំពោះ​អគារ​មជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) ដែលជាសមិទ្ធផលទី១ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុង​ដើមឆ្នាំ២០២០ ខាងមុខនេះ៕

អត្ថបទ៖ ម៉េងងី