ដាក់បញ្ចាំងរឿង "ស្នេហាក្មេងៗ" ឃើញមានក្មេងស្អាតៗ ចូលរួមព្រោងព្រាត
- 2019-11-05 04:06:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់បញ្ចាំងរឿង "ស្នេហាក្មេងៗ" ឃើញមានក្មេងស្អាតៗ ចូលរួមព្រោងព្រាត
ចន្លោះមិនឃើញ
ភាពយន្តថ្មីរសជាតិប្លែករបស់ផលិតកម្ម "កងចក្រភីកឈ័រ" រឿង "ស្នេហាក្មេងៗ" ឬ "Young Love” បានដាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាក្នុងកម្មវិធីពិសេស(Premier) នាយប់មិញនៅ Eden Garden ដោយមានអ្នកចូលរួមសុទ្ធតែស្អាតៗ និងវ័យក្មេង។
ការបញ្ចាំងពិសេសនេះនៃរឿង "ស្នេហាក្មេងៗ" នេះ គឺមានតែមួយយប់មិញនេះប៉ុណ្ណោះ ខណៈការដាក់បញ្ចាំងផ្លូវការនៅមិនទាន់មកដល់នោះទេ។ ប៉ុន្តែតាមក្រុមការងារនៃផលិតកម្មខាងលើ គឺការដាក់បញ្ចាំងផ្លូវការ គឺគ្រោងថ្ងៃទី ៧ វិច្ឆិកាខាងមុខនេះ។ លោក តែ ឡយ ផលិតករនៃរឿងនេះ បានអះអាងថា "ស្នេហាក្មេង" ជាភាពយន្តរសជាតិថ្មីបំផុតសម្រាប់ផលិតកម្មរបស់លោក ដោយពីមុនមក ធ្លាប់តែផលិតរឿងប្រភេទ Action, Fighting ជាដើម។
ប៉ុន្តែរឿងខាងលើ គឺជាប្រភេទរឿង និយាយពីទំនាក់ទំនងរបស់មនុស្ស ពិសេសយុវវ័យ ដែលមានជាប់ពាក់ព័ន្ធសំខាន់បំផុតនឹងការប្រើប្រាស់អារម្មណ៍ និងមនោសញ្ចេតនាច្រើនជាង។ ដូច្នេះហើយ លោកអះអាងថា ខុសប្លែកគ្នាឆ្ងាយ និងពិតជាមិនងាយស្រួលប៉ុន្មានឡើយ។ យ៉ាងណាដោយមានអ្នកដឹកនាំឆ្នើមវ័យក្មេង កញ្ញា រិទ្ធី លំអរពេជ្រ និងលោក ម៉ានិត រឿងនេះអាចដំណើរការទៅមុខរហូតដល់អាចមកដាក់បញ្ចាំងនៅយប់មិញនេះបាន។
ងាកមកឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលត្រូវបានអញ្ជើញចូលរួមជាគណៈអធិបតី បានថ្លែងលើកសរសេរសាច់រឿងទាំងមូល។ ឯកឧត្ដមមានប្រសាសន៍ថា អ្វីដែលរឿង "ស្នេហាក្មេងៗ" សម្រេចបាន គឺបានជួយដល់ឧស្សាហកម្មភាពយន្តក្នុងស្រុកកាន់តែមានរសជាតិច្រើន ជាជាងមានតែរឿង ខ្មោច កំប្លែង ជាដើម ដដែលៗ។
ឯកឧត្ដមបន្តថា សំខាន់ជាងនេះទៀត អ្វីដែលរឹតតែល្អ គឺរឿងនេះមានដាក់បញ្ចូលទៅទម្រង់សិល្បៈវប្បធម៌ខ្មែរ ដូចជាល្ខោន យីកេ និងរឿងព្រេងខ្មែរខ្លះទៀតទៅក្នុងសាច់រឿង ដែលឯកឧត្ដមយល់ថា ជារឿងល្អ និងកម្រឃើញនៅក្នុងផលិតផលភាពយន្តក្នុងស្រុកនាពេលបច្ចុប្បន្ន។
តាមការលើកឡើងរបស់លោក ម៉ានិត ដែលជាសហនិពន្ធនៃរឿង បានបញ្ជាក់ថា គំនិតដើមទាំងស្រុងនៃរឿង "ស្នេហាក្មេងៗ" គឺលោកយកពីរឿង "រិទ្ធិសែន នាងកង្រី" ហើយខ្លឹមសារផ្នែកខ្លះនៃរឿងព្រេងនេះ ក៏មានបញ្ចូលទៅក្នុងរឿង "ស្នេហាក្មេងៗ" នេះទៀតផង។ ក្រោយពីបើកសម្ពោធយប់មិញនៅ Eden Garden ភាពយន្តប្រមូលផ្ដុំដោយយុវវ័យនេះ នឹងប្រារព្ធកម្មវិធីសម្ពោធផ្លូវការ និងកាន់តែអធិកអធមថែមទៀតនាល្ងាចនេះ នៅ Major Cineplex by Smart ក្នុងផ្សារទំនើប EAON ទន្លេបាសាក់។
នៅយប់មិញ ក្រៅពីឯកឧត្ដម សោម សុគន្ធ ដែលបានចូលរួមអញ្ជើញធ្វើជាអធិបតី ក៏មានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសសយក បូករួមនឹងថ្នាក់ដឹកនាំផលិតកម្ម "កងចក្រភីកឈ័រ" ថែមទៀត។ មិនត្រឹមប៉ុណ្ណឹង ចំណុចគួរចាប់អារម្មណ៍ គឺថា មានយុវវ័យស្អាតៗទាំងប្រុសទាំងស្រីស្អាតៗច្រើននាក់ណាស់យប់មិញបានមកចូលរួមអបអរ។
តោះ...ទស្សនាទិដ្ឋភាពសម្ពោធរឿង "ស្នេហាក្មេងៗ" យប់មិញទាំងអស់គ្នា!!!