ដំណឹងល្អ! កូនសិស្សខ្មែរតាមវិទ្យាល័យនឹងមានឱកាសបានអាហារូបករណ៍ទៅសិក្សាក្រៅប្រទេស

  • 2019-11-07 03:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាដំណឹងល្អ សម្រាប់សិស្សថ្នាក់វិទ្យាល័យទាំងអស់ តាមរយៈកិច្ចសហការគ្នារវាង គ្រឹះស្ថានអប់រំ MENGLY J. QUACH EDUCATION (MJQE) និង AYC by ICES Thailand ឥលូវនេះ សិស្សានុសិស្សខ្មែរ កម្រិតវិទ្យាល័យ នឹងអាចទទួលបានអាហារូបករណ៍ ដើម្បីទៅផ្លាស់ប្ដូរកម្មវិធីសិក្សារយៈពេលខ្លីទៅក្រៅប្រទេស។

ថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញមួយស្ដីអំពីអាហារូបករណ៍ និងការរួមសហការគ្នាជាមួយ AYC របស់ថៃ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងថា៖ « MJQE យើងបានសម្រេចចិត្តចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយ AYC ដោយមើលឃើញពីសារប្រយោជន៍នៃការផ្លាស់ប្ដូរបទពិសោធណ៍សិក្សាសម្រាប់សិស្សានុសិស្សវ័យក្មេង និងកន្លងមកយើងធ្លាប់ធ្វើការងារជាមួយ (ICES) អស់រយៈពេល ៣ឆ្នាំរួចមកហើយក្នុងដំណើរការ TESOL House។»

លោកបន្តថា ICES Cambodia ដែលជាភ្នាក់ងារផ្លាស់ប្ដូរកម្មវិធីសិក្សាអន្តរជាតិដ៏មានបទពិសោធន៍មួយ នឹងជួយសម្របសម្រួលដឹកនាំសិស្សានុសិស្សថ្នាក់វិទ្យាល័យខ្មែរ ទៅសិក្សានៅបរទេសរយៈពេលមួយឆ្នាំ ដោយទៅកាន់ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប អាស៊ី អាមេរិកឡាទីន អូស្ត្រាលី អូសេអានី និងអង់តាកទិចជាដើម។

លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបញ្ជាក់ទៀតដែរថា ការចុះកិច្ចព្រមព្រៀងរវាង MJQE និង ICES គឺដើម្បី ៖

  • បញ្ជូនសិស្សថ្នាក់ទី ១០ និង ១១ នៅវិទ្យាល័យចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សា ទៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន អ៊ីតាលី បារាំង អាល្លឺម៉ង់ ហូឡង់ និងប្រទេសដ៏ទៃទៀតសរុបដល់ទៅ ៥៥ ប្រទេស។
  • ផ្ដល់ឱកាសឲ្យសិស្សអាចស្វែងយល់ អំពីវប្បធម៌មួយទៀត ដកបទពិសោធន៍ថ្មី និងទំនៀមទម្លាប់ថ្មី។
  • ស្វែងយល់ពីខ្លួនឯង ពេលរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះនៅសហរដ្ឋអាមេរិក ចូលរៀនវិទ្យាល័យ និងបង្កើនជំនាញភាសា។

មិនត្រឹមតែអាហារូបករណ៍ សិក្សារយៈពេលមួយឆ្នាំពេញនោះទេ ប៉ុន្តែក៏មានកម្មវិធីសិក្សារយៈពេលខ្លី និងដំណើរទស្សនកិច្ចសិក្សាជាច្រើនទៀតផងដែរ។ ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចសិក្សា គឺសម្រាប់សិស្សនៅទូទាំងកម្ពុជា ដែលមានសមត្ថភាពគ្រប់គ្រាន់ត្រូវតាមលក្ខខណ្ឌ ដែលអាចទៅ សហរដ្ឋអាមេរិក អង់គ្លេស ញូវហ្សាឡែន អូស្ត្រាលី ជប៉ុន និងសិង្ហបុរី។

ឱកាសមួយទៀតនោះគឺការបោះជំរុំ ជាភាសាអង់គ្លេសនៅបរទេសសម្រាប់សិស្សកម្ពុជា ដែលមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស តៃវ៉ាន់ ចិន សិង្ហបុរី និងថៃ។

សម្រាប់ព័ត៌មានបន្ថែមស្ដីពីអាហារូបករណ៍ និងដំណើរទស្សនកិច្ច សូមទៅកាន់ ICES Cambodia ដែលមានទីតាំងនៅ **អគារលេខ ២៥ វិថីលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌទំនប់ទឹក ខណ្ឌបឹងកេងកង ភ្នំពេញ ឬ ទាក់ទងលេខទូរស័ព្ទ ៖ ០៧៧ ៧៧៧ ២៤៤៕

អត្ថបទ៖ សុខុន សុម៉ាភាវី