ទៀតហើយ! គីម ជុងអ៊ុនបញ្ជាឲ្យធ្វើសមយុទ្ធកាំភ្លើងធំ នៅជិតព្រំដែនសមុទ្រមានជម្លោះ

  • 2019-11-26 06:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​កូរ៉េខាងជើង បាន​បញ្ជា​ឲ្យ​កងទ័ព​របស់​ខ្លួន​ធ្វើ​សមយុទ្ធ​បាញ់​កាំ​ភ្លើង​ធំ​នៅ​ជិត​ព្រំ​ដែន​សមុទ្រ​កំពុង​មាន​ជម្លោះ​ជា​មួយ​ប្រទេស​កូរ៉េខាងត្បូង។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា នេះជាសញ្ញាចុងក្រោយនៃការ​លែង​អត់ធ្មត់ពីលោកគីម ជុងអ៊ុន ចំពេលមានការព្រួយបារម្ភថារយៈពេលជិត ២ ឆ្នាំនៃការទូតរវាងអាមេរិកនិងកូរ៉េខាងជើងនឹងត្រូវបែកបាក់ប្រសិនបើក្រុងវ៉ាស៊ីនតោនមិនបានបំពេញតាមឱសានវាទ​បស់ក្រុងព្យុងយ៉ាង​ដើម្បីផ្តល់គំនិតផ្តួចផ្តើមថ្មីមួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈមមុខដ៏យូរអង្វែង​មក​លើ​កម្មវិធីអាវុធនុយក្លេអ៊ែរ។ ការ​ធ្វើ​សមយុទ្ធ​បាញ់​កាំភ្លើង​ធំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ពេល​ដែល​មេ​ដឹក​នាំ​កូរ៉េខាងជើង ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ឆ្នេរ Changrin Islet ខាង​លិច។ យ៉ាង​ណា​មិញ ប្រភព​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ច្បាស់​លាស់​នៃ​ដំណើរ​ទស្សនកិច្ច និង​ប្រភេទ​កាំ​ភ្លើង​ធំ​ដែល​បាន​ប្រើប្រាស់​សម្រាប់​បាញ់​នោះ​ទេ។

ចំណែក​ឯ​ក្រសួង​បង្រួប​បង្រួម​ជាតិ​កូរ៉េ​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ដំណើរ​ទៅ​កាន់​ទ័ព​ជួរ​មុខ​លើក​ដំបូង​ហើយ​របស់​លោក​គីម ជុង​អ៊ុន គិត​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​មុន​មក អំឡុង​ពេល​ដែល​កូរ៉េខាងជើង​ចាប់​ផ្ដើម​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​សហរដ្ឋអាមេរិក។ កិច្ច​ចរចា​រវាង​ភាគី​ទាំង​ពីរ នៅ​ជាប់​គាំង​នៅ​ឡើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូរ៉េខាង​ជើង​ចាប់​ផ្ដើម​ដាក់​សម្ពាធ​លើ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ដក​ទណ្ឌកម្ម​អន្ដរជាតិ និង​បោះបង់​អ្វី​ដែល​ហៅ​ថា​គោលការណ៍​ប្រឆាំង​កូរ៉េខាងជើង។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​ ២០១០​កន្លង​ទៅ ទាហាន​ក្រុង​ព្យុងយ៉ាង បាន​ធ្វើ​ការ​បាញ់​កាំភ្លើង​ធំ​ទៅ​លើ​កោះ​កូរ៉េខាងត្បូង​នៅ​តំបន់​កំពុង​មាន​ជម្លោះ​ខាង​លើ ដែល​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់​ផង​ដែរ៕

ប្រភព៖ Japantimes   ប្រែ​សម្រួល៖ រ័ត្ន