Jaguar F-Type ឆ្នាំ២០២១ រាងកាចជាងមុន តម្លៃចាប់ពី ៧ម៉ឺនដុល្លារ

  • 2019-12-03 09:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jaguar បានសម្រុកវាយលុកទីផ្សាររថយន្ត SUV និងរថយន្តអគ្គិសនី ប៉ុន្តែក្រុមហ៊ុនអង់គ្លេសមួយនេះមិនបោះបង់ចោលរថយន្តស្ព័រខ្លួនឡើយ។ ជាក់ស្តែង នៅក្នុងថ្ងៃនេះ Jaguar បានបញ្ចេញរថយន្តស្ព័រ F-Type ស៊េរីឆ្នាំ២០២១ ជាផ្លូវការ។

ក្រឡេកមើលមួយភ្លែត រថយន្ត Jaguar F-Type មានការរចនាស្រដៀងម៉ូដែលមុនដែរ ប៉ុន្តែបានអាប់ដេតផ្នែកខាងមុខ ដែលមានប៉ាណាធំជាងមុន ដើម្បីឲ្យមើលទៅរឹតតែកាច, ចង្កៀងមុខរាងស្លីមជាងមុន និងរន្ធបឺតខ្យល់រាងស្ព័រជាងមុនផងដែរ។ ការអាប់ដេតក៏បានធ្វើឡើងនៅផ្នែកខាងក្រោយដែរ ហើយប្រើចង្កៀងក្រោយថ្មីទៀតផង។

ដោយឡែក ផ្នែកខាងក្នុងឯណេះវិញ ក៏មានភាពស្រដៀងគ្នាទៅនឹងម៉ូដែលមុនដែរ ប៉ុន្តែបានបំពាក់កុងទ័រឌីជីថលថ្មីទំហំ ១២,៣អ៊ីង និងអេក្រង់បង្ហាញព័ត៌មានផ្នែកកណ្តាល Touch Pro ដែលអាចដំណើរការជាមួយមុខងារ Android Auto និង Apple CarPlay បាន។

រថយន្តស្ព័រ Jaguar F-Type ស៊េរីឆ្នាំ២០២១ មានជម្រើសម៉ាស៊ីនច្រើនដូចជា ម៉ាស៊ីនចំណុះ ២,លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩៦សេះ អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៤វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំពោះអ្នកត្រូវការម៉ាស៊ីនធំអាចជ្រើសយកម៉ាស៊ីនចំណុះ ៥,០លីត្រ Supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៤៤សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ហើយថែមទាំងមានជម្រើសប៉ុងមួយ និងប៉ុងពីរផងដែរ។ ម៉ាស៊ីននេះអាចឲ្យ Jaguar F-Type ថ្មីរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៤វិនាទី ហើយមានល្បឿនអតិបរមា ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីនោះ Jaguar ក៏ផ្តល់នូវម៉ូដែល F-Type R ដែលមានកម្លាំង ៥៦៧សេះ អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី ហើយមានល្បឿនអតិបរមា ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុន Jaguar បានបើកឲ្យកុម្ម៉ង់ទិញនៅចក្រភពអង់គ្លេសហើយ ជាមួយនឹងតម្លៃចាប់ពី ៧០ ០០០ដុល្លារឡើងទៅ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម