ពុយ​ វណ្ណៈ​ បំបាក់​ យ៉េន​ ឌីណា​ បាន​អត់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើ​សង្វៀន​អាស៊ីអាគ្នេយ៍?​

  • 2019-12-13 03:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឃ្លាំងមឿង​កីឡា​ ពុយ​ វណ្ណៈ​ អាច​សងសឹក​សិស្ស​ច្បង​ យ៉េន​ ឌីណា​ បាន​ទេ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​របស់​សង្វៀន​អាស៊ីអាគ្នេយ៍​ រសៀល​ថ្ងៃ​សៅរ៍​ ទី១៤​ ខែ​ធ្នូ​ ២០១៩​ នេះ។​

កីឡាករ យ៉េន ឌីណា​

មិន​ត្រឹម​តែ​ជា​ជំនួប​សំខាន់​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​យក​លុយ​ខ្ទង់​ពាន់​ដុល្លារ​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ជំនួប​សងសឹក​របស់​ ពុយ​ វណ្ណៈ​ ផង​ដែរ​ដោយ​សារ​តែ​អ្នក​ប្រដាល់​រូប​នេះ​ធ្លាប់​ឈឺចាប់​ដោយ​សារ​ យ៉េន​ ឌីណា​ ម្ដង​ហើយ​នៅ​ឯ​សង្វៀន​ CNC។​

វណ្ណៈ​ ត្រូវ​បាន​អ្នក​ទស្សនា​សម្គាល់​ឃើញ​ថា​ជា​ប្រភេទ​កីឡាករ​វ៉ៃ​ប្រើ​កម្លាំង​ខ្លាំង​ ចូល​ចិត្ត​ដើរ​បុក​ដូច​ កែវ​ រំចង់​ ពី​មុន។​ ប៉ុន្តែ​បើ​ក្បាច់​ស្នៀត​វិញ​នោះ​គឺ​មិន​សូវ​ជា​ច្បាស់​នោះ​ឡើយ​ ពោល​អាច​វ៉ៃ​ចេញ​ទាំង​អស់​ ចំណុច​ដែល​ល្អ​របស់​គេ​នោះ​គឺ​មិន​ចេះ​ខ្លាច​ហើយ​ចូលចិត្ត​ដើរ​បុក​ បើ​ដៃគូ​ខ្សោយ​កម្លាំង​អាច​នឹង​យ៉ាប់​របស់​ វណ្ណៈ។​

កីឡាករ យ៉េន ឌីណា​

ចំណែក​អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​កោះកុង​ យ៉េន​ ឌីណា​ វិញ​សមត្ថភាពមិន​ធម្មតា​នោះ​ទេ ពោល​ចាប់​តាំង​ពី​ការ​ប្រពន្ធ​ និង​ហក់​ចូល​វិស័យ​ប្រដាល់​វិញ​គឺ​រូប​គេ​បង្ហាញ​ទម្រង់​វ៉ៃ​បាន​ល្អ​ ថែម​ទាំង​កម្រ​ចាញ់​ទៀត​ផង។​ ឌីណា​ ត្រូវ​បាន​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​១រូប​ដដែល​ក្នុង​វិស័យ​គុន​ខ្មែរ​ ព្រោះ​ជា​ប្រភេទ​កីឡាករ​វ៉ៃ​ក្បាច់​ ស្នៀត​ចេញ​មួយៗ​គឺ​វ៉ៃ​យក​ពិន្ទុ​ មិន​ចេះ​តែ​ចេញផ្ដេសផ្ដាស​។​ ចំណុច​ពិសេស​កីឡាករ​រូប​នេះ​វ៉ៃ​ឆ្លាត​ មិន​ប្ដូរ​ជា​មួយ​គេ​នាំ​ឲ្យ​ខូច​ខ្លួន​នោះ​ទេ​ ដៃគូ​ល្មមៗ​អាច​វ៉ៃ​មិន​ត្រូវ​កូន​សិស្ស​លោក​ អេ​ ភូថង​ ម្នាក់​នេះ​ឡើយ។​ យ៉ាង​ណា​មក​ដល់​វគ្គ​សំខាន់​ចាញ់​ធ្លាក់​ហើយ​ អ្វីៗ​មិន​ក៏​ទៀងទាត់​ដែរ​អ្នក​ណា​ភ្លាត់​ដឹង​តែ​ចាញ់​ហើយ​ ព្រោះ​ម្នាក់​ៗ​សុទ្ធតែ​ហាត់​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​វគ្គ​នេះ។​

កីឡាករ ពុយ វណ្ណៈ

រំលឹក​ដែរ​ថា​ ពុយ​ វណ្ណៈ​ ធ្លាប់​ចាញ់​ពិន្ទុ​ យ៉េន​ ឌីណា​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម្ដង​ហើយ​នៅ​ CNC​ អំឡុង​ខែ​មិថុនា​ ២០១៨​ ។​ សម្រាប់​ជំនួប​លើក​ទី២​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ​គឺ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ចាប់​ពី​ម៉ោង​ ២រសៀល​តទៅ៕​

វីដេអូប្រកួតលើក​មុន៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី