Honda CR-V Hybrid នឹង​មាន​នៅ​អាមេរិក​នៅ​ឆ្នាំ​ក្រោយ

  • 2019-12-24 07:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Honda នឹង​នាំ​យក​រថយន្ត Honda CR-V Hybrid ឆ្នាំ​២០២០ ទៅ​ទឹកដី​អាមេរិក​​ដើម​ឆ្នាំ​ក្រោយ ហើយ​ក៏​គ្រោង​ផលិត​រថយន្ត​ប្រភេទ​នេះ នៅ​​​រោង​ចក្រ​របស់​​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ។ នេះ​តាម​ការ​ឱ្យ​ដឹង​ពី​គេហទំព័រ Automotive News។

រថយន្ត Hybrid Version នេះ នឹង​មាន​ការ​ធ្វើ​កំណែប្រែ​ថ្មី ទាំង​រូប​រាង និង​គ្រឿង​បរិក្ខារ សម្រាប់​ឆ្នាំ​២០២០។ ​ រថយន្ត CR-V Hybrid ត្រូវ​បាន Honda លក់​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​នេះ ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន ហើយ​រថយន្ត​នេះ​ទៀតសោត ប្រើ​ម៉ូទ័រ​អគ្គិសនី​ចំនួន​២ និង​ចែករំលែក​ថាមពល​ជាមួយ​ម៉ាស៊ីន​របស់ Accord Hybrid (រថយន្ត​នេះ​ផលិត​នៅ​អាមេរិក) ជួយ​សន្សំសំចៃ​ប្រេង​បាន​ខ្ពស់។

​ដោយឡែក​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​មួយ​នេះ នឹង​ត្រូវ​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ ៤,២ លាន​ដុល្លារ និង​បន្ថែម​ការងារ​ចំនួន ៣៤ កន្លែង​ក្នុង​រោងចក្រ ដើម្បី​គាំទ្រ​សង្វាក់​ផលិតកម្ម CR-V Hybrid នៅ​រោងចក្រ Greensburg, Ind., របស់​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា។ Honda បាន​ឱ្យ​ដឹង​ទៀត​ថា រោងចក្រ​របស់​ខ្លួន Russells Point នៅ​រដ្ឋ Ohio សហរដ្ឋ​អាមេរិក នឹង​ផលិត​ម៉ូទ័រ​អគ្គិសនី (Electric power) ខណៈ​រោងចក្រ​ក្នុង​ទីក្រុង Anna នៅ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ដដែល នឹង​ផលិត​ម៉ាស៊ីន ២០០០ សេសេ​សម្រាប់​រថយន្ត CR-V។

រថយន្ត CR-V កូន​កាត់​ស៊េរី​ឆ្នាំ ២០២០ នឹង​មាន​ការ​កែប្រែ​ច្រើន​កន្លែង​ (Upgrade)​ ដូចជា ក្បាល​ផ្នែក​ខាងមុខ និង​ផ្នែក​កន្ទុយ​​​ក្រោយ កង់ ប្រព័ន្ធ​បច្ចេកវិទ្យា Honda Sensing safety and driver-assisted។

គួរ​បញ្ជាក់​ថា រថយន្ត CR-V កូន​កាត់​ជា​រថយន្ត​ ដែល​លក់​ដាច់​បំផុត​មួយ​របស់ Honda ហើយ​វា​ជា​គូ​ប្រជែង​ដ៏​ខ្លាំងក្លា​របស់ Toyota RAV4 Hybrid។ យ៉ាងណា​ចំពោះ​តម្លៃ​វិញ ក្រុមហ៊ុន​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ឡើយ៕

ប្រភព៖ autonews   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម