ស្ពាន​តភ្ជាប់ពី កំពង់ចាម-ត្បួងឃ្មុំ សម្រេចការសាងសង់បាន​ប៉ុន្មាន​ភាគរយ​ហើយ?

  • 2019-12-25 04:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​តភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បួងឃ្មុំ) ដែល​បាន​បើក​ការ​ដ្ឋាន​សាង​សង់​កាល​ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​បាន​សម្រេច​ការសាងសង់​ប្រមាណ ៧៥,៧% ហើយ។ នេះ​បើតាម​ការ​ឲ្យ​ពី​ក្រសួងសាធារណការ និង​ដឹង​ជញ្ជូន នៅ​ថ្ងៃ​ទី ២៥ ធ្នូ​ នេះ។

រូបភាព៖ ក្រសួង សាធារណការ និង​ដឹង​ជញ្ជូន

ក្រុមការងារអនុវត្តគម្រោង ក៏បាន​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​សាង​សង់​បន្ត​យក​ចិត្ត​ទុក​ដាក់​ធ្វើការ​សោច​ទឹក​ជា​ប្រចាំ​តាម​បណ្ដោយ​ផ្លូវ​តភ្ជាប់ ដើម្បី​កាត់បន្ថយផលប៉ះពាល់(ដីហុយ) និង​ធ្វើ​ការ​រៀប​ចំ​ប្រព័ន្ធ​សុវត្ថិភាព(ស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាតការពារតាមជម្រាលជើងទេរ និង​ប្រព័ន្ធ​ភ្លើង​សញ្ញា​បំភ្លឺ​ពេលយប់) ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បី​ធានា​សុខសុវត្ថិភាព​អំឡុង​ពេល​សាង​សង់​ស្ពាននេះ។

គម្រោង​សាងសង់​ស្ពាន​នេះ នឹង​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ស្ថិត​នៅត្រង់​ចំណុច​ភូមិ​បឹងដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លងកាត់​ទន្លេ​មេគង្គ ទៅ​ត្រើយ​ខាងកើត ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។

រូបភាព៖ ក្រសួង សាធារណការ និង​ដឹង​ជញ្ជូន

ស្ពាន​នេះ​មាន​ប្រវែង​សរុប ១១៣១​ម៉ែត្រ និង​ទទឹង ១៣,៥០​ម៉ែត្រ ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក។ ​ការ​​សាងសង់​គ្រោង​នឹង​​បញ្ចប់​​នៅ​ឆ្នាំ​២០២១។ គម្រោង​សាងសង់​ស្ពាន​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ជិត ៥៧លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួម​ជាមួយ​ថវិកា​បដិ​ភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោស​សម្អាត​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី