ឡានចិនកូពី ពី Mercedes ដាក់លក់ថ្លៃជាងម្ចាស់ដើមទៀត

  • 2020-01-06 03:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តចិន BAIC Motor ដែលជាដៃគូផ្លូវការរបស់ក្រុមហ៊ុន Mercedes បានបញ្ចេញរថយន្តថ្មីរបស់ខ្លួន ម៉ូដែល Beijing BJ80 ដែលកូពីតួខ្លួនពី រថយន្ត Mercedes GL។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Beijing BJ80 ដែលមានតួខ្លួន Mercedes នេះមានតម្លៃថ្លៃជាងរថយន្ត Mercedes GLS ឆ្នាំ២០២០ ទៅទៀត ដោយដាក់លក់ក្នុងតម្លៃរហូតដល់ទៅ ៩៨៨ ០០០យ័ន ឬប្រហែឡ ១៤២ ០០០ដុល្លារឯណោះ។ គួរឲ្យដឹងថា រថយន្ត Mercedes GLS ថ្មី មានតម្លៃចាប់ពី ៩៣៤ ៨០០យ័ន ឬ ១៣៤ ០០០ដុល្លារប៉ុណ្ណោះ។

ថ្វីបើមានតួខ្លួន Mercedes ប៉ុន្តែការឌីហ្សាញផ្នែកខាងមុខរបស់រថយន្ត Beijing BJ80 មានសភាពស្រដៀងទៅនឹងរថយន្ត Jeep ទៅវិញ ហើយមានតួខ្លួនវែងជាង ធំជាង និងខ្ពស់ជាងរថយន្ត Mercedes-Benz GL បន្តិច។ ដោយឡែក ផ្នែកខាងក្នុងរបស់វា គឺយកតាមរថយន្ត Mercedes GL ជំនាន់ទី២ ស្ទើរទាំងស្រុងតែម្តង។

សូមបញ្ជាក់ថា រថយន្ត Beijing BJ80 នេះ ក៏បំពាក់ម៉ាស៊ីនដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Mercedes ដែរ ហើយមានចំនួន ២ជម្រើស គឺ ចំណុះ ៣,០លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣២៨សេះ និង ចំណុះ ៤,០លីត្រ Turbocharge ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤១៦សេះ។ វាបំពាក់ប្រអប់លេខអូតូ ៧វគ្គ និងប្រព័ន្ធប៉ុងពីរមកស្តង់ដារតែម្តង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង