អ៊ីរ៉ង់ទាត់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈអ៊ីរ៉ាក់បោះឆ្នោតដេញទ័ពអាមេរិកចេញពីប្រទេស
- 2020-01-06 06:19:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ង់ទាត់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈអ៊ីរ៉ាក់បោះឆ្នោតដេញទ័ពអាមេរិកចេញពីប្រទេស
ចន្លោះមិនឃើញ
ក្រោយការសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ Qassim Suleimani ដោយអាមេរិក ស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងដែលអាចឈានដល់ការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។
នៅក្នុងសេចក្ដីប្រកាសមួយរបស់រដ្ឋាភិបាលអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យឲ្យដឹងថា "កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងលែងមានការកំណត់លើការផលិតទៀតហើយ។” លើសពីនេះទៀត ការប្រកាសបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់នឹងលែងធ្វើតាមការកំណត់កម្រិតនៃការពង្រឹងសមត្ថភាពនុយក្លេអ៊ែរ, ការផ្គត់ផ្គង់សម្ភារផលិត ក៏ដូចជាការស្រាវជ្រាវ និងអភិវឌ្ឍនុយក្លេអ៊ែរ។ ការប្រកាសដូចនេះ ហាក់ដូចជាសញ្ញានៃការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានធ្វើឡើងរវាងអ៊ីរ៉ង់ នឹងសមាជិកអចិន្រ្តៃយ៍ចំនួនប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ P5+1 (ចិន, បារាំង, រុស្ស៊ី, អង់គ្លេស និងអាមេរិក + អាល្លឺម៉ង់) រួមជាមួយនឹងសភាពអឺរ៉ុប។
ចំណែកឯខាងអ៊ីរ៉ាក់ឯណោះវិញ អ្នកបង្កើតច្បាប់ក្នុងរដ្ឋសភានាំគ្នាបោះឆ្នោតដើម្បីបណ្ដេញទ័ពអាមេរិកចេញពីប្រទេសរបស់ខ្លួន។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលអ៊ីរ៉ាក់ និងព្រមានពីការបណ្ដេញកងទ័ពរបស់ខ្លួន។ លោកត្រាំ អះអាងថា "អាមេរិកបានសង់មូលដ្ឋានទ័ពអាកាសនៅទីនោះ ហើយកងទ័ពយើងនឹងមិនចាកចេញនោះទេ លុះត្រាតែអ៊ីរ៉ាក់សងលុយយើងទាំងអស់វិញ។"