ឡូយ​បាត់! តួឯក​ប្រុស​ស្រី ស្អាត​ៗ​ក្នុង​ភាពយន្ត​ភាគ​ថ្មីចំនួន​២​រឿង មក​ប៉ះ​គ្នា​នៅ​ថ្ងៃ​នេះ

  • 2020-01-17 08:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ស្រី​ស្អាត ២គូ ដែល​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​២​រឿង​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បូក​រួម​សិល្បករ​ជា​ច្រើន​ទៀត​ប្រមាណ​ជា ៣០នាក់ ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ព្រឹកមិញ ដើម្បី​ធ្វើ​ពិធី​បើក​ក្រុង​ពាលី​ស្ថានីយ​នៅ​ព្រឹក​នេះ។

តួឯក​ប្រុស​ស្រី​នៃ​ខ្សែ​ភាពយន្ត​ពីរ​រឿង​នេះ​មាន លោក ណា ខុន និង​កញ្ញា រចនា រ៉ាវ៉ាឌី ជា​តួឯក​ប្រុស​ស្រី​ក្នុង​រឿង "មរតក​កម្ម"។ ដោយ​ឡែក​លោក ជា លាង​ឈែ កញ្ញា ណាក់ ស្រីណា និង​លោក បញ្ញា សិទ្ធិ គឺ​ជា​តួឯក​ក្នុង​រឿង "ទាសករ​លុយ"។ ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា​ក្រុង​ពាលី​ភាពយន្ត​របស់​ពួក​គេ​រៀង​ខ្លួន មុន​ពេល​ចេញ​ថត​ប្រកប​ដោយ​ភាព​សុខ​សប្បាយ។

ចំណុច​គួរ​ចាប់​អារម្មណ៍ តារា​ប្រុស​ទាំង​ពីរ​រឿង​សុទ្ធ​មិន​ធ្លាប់​ជួប​សម្ដែង​ជា​តួឯក​ជាមួយ​គ្នា​ទេ ពី​មុន​មក។ ណាខុន ប្រាប់​ថា នេះ​ជា​លើក​ទី១ ដែល​លោក​បាន​ជួប​សម្ដែង​ជា​ដៃគូ​ក្នុង​ខ្សែ​ភាពយន្ត​ជាមួយ​កញ្ញា រចនា រ៉ាវ៉ាឌី។ ដូច្នេះ​ហើយ​លោក​មាន​អារម្មណ៍​ខុស​ប្លែក​ខ្លះ ប៉ុន្តែ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ប្រឹង​សម្ដែង​ឲ្យ​បាន​ល្អ​ដើម្បី​បន្ថែម​ទម្ងន់​ទៅ​លើ​សាច់​រឿង "មរតក​កម្ម"។ ងាក​មក​កញ្ញា ណាក់ ស្រីណា និង​លោក លាង​ឈែ និង​បញ្ញា​សិទ្ធិ ក៏​ដូច​គ្នា។

ពួក​គេ​រីក​រាយ​ចំពោះ​បទ​ពិសោធន៍​ថ្មី​នេះ និង​សង្ឃឹម​ថា ពួក​គេ​អាច​សម្រេច​បាន​លទ្ធផល​ល្អ​ជាមួយ​គ្នា។ កញ្ញា ណាក់ ស្រី​ណា បាន​បញ្ជាក់​ថា មិន​ត្រឹម​ទើប​ជួប​សម្ដែង​ជាមួយ​តារា​ប្រុស​ទាំង​ពីរ​ខាង​លើ ប៉ុន្តែ​សម្រាប់​នាង គឺ​ជា​លើក​ទី​១​ទៀត ដែល​នាង​បាន​ចូល​រួម​សម្ដែង​ជាមួយ​ភាពយន្ត​ភាគ​របស់​ទូរទស្សន៍​លេខ ៥។ "និយាយ​ចង់​សម្ដែង​យូរ​ឲ្យ​ប៉ុស្តិ៍​លេខ ៥ ឥឡូវ​ឆ្នាំ​ថ្មី​អាច​សម្រេច​បាន​ហើយ ហើយ​ក៏​រីករាយ​ខ្លាំង​ដែរ"។

នេះ​គឺ​ជា​ភាពយន្ត​ទី​១ របស់​ទូរទស្សន៍​ក្នុង​ស្រុក​ខាង​លើ ដែល​ទើប​បាន​ធ្វើ​ពិធី​ប្រពៃណី​មុន​ចេញ​ថត​ក្នុង​ដើម​ឆ្នាំ ២០២០​នេះ។ ប៉ុន្តែ​តាម​ប្រធាន​ផលិត​កម្មវិធី​ប្រចាំ​នៅប៉ុស្ដិ៍លេខ៥ លោក ហួង តារាមុនី  បាន​ឲ្យ​ដឹង​ថា នេះ​គ្រាន់​ជា​ការ​ចាប់​ផ្ដើម​សម្រាប់​ឆ្នាំ​ថ្មី ប៉ុន្តែ​ស្ថានីយ​របស់​លោក​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ស្ថិត​ក្នុង​គម្រោង​ត្រូវ​ផលិត​ក្នុង​ឆ្នាំ ២០២០។

កាល​ពី​ឆ្នាំ​ចាស់ តាម​ប្រធាន​ផលិតកម្ម​វិធី​ដដែល​បញ្ជាក់​នា​ពេល​កន្លង​មក ប៉ុស្តិ៍​លេខ​៥ ផលិត​ភាពយន្ត​ភាគ​បាន​ចំនួន ១៩​រឿង។ ដោយ​ឡែក​នៅ​ឆ្នាំ​ថ្មី​នេះ មាន​ការ​ប៉ាន់​ប្រមាណ​​ថា តួលេខ​នៃ​ការ​ភាពយន្ត​ភាគ​ត្រូវ​ផលិត គឺ​អាច​នឹង​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​ដែរ៕

អត្ថបទ៖ ទារិកា