អ្នកសែនជ្រូកខ្វៃរួច កុំភ្លេចកាត់ផ្នែកទាំង៥នេះទុក ព្រោះអាចនាំលាភដល់អ្នកបាន
- 2020-01-23 07:46:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកសែនជ្រូកខ្វៃរួច កុំភ្លេចកាត់ផ្នែកទាំង៥នេះទុក ព្រោះអាចនាំលាភដល់អ្នកបាន
ចន្លោះមិនឃើញ
ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិនម្ដងៗ បន្ទាប់ពីសែនជ្រូកខ្វៃរួចហើយ គេសង្កេតឃើញថា ម្នាក់ៗសង្វាតជាមួយការបរិភោគសាច់ជ្រូកខ្វៃយ៉ាងឆ្ងាញ់ ជាមួយក្រុមគ្រួសារ សាច់ញាតិ និង មិត្តភ័ក្ដិជាដើម។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងពីផ្នែកសំខាន់ៗ នៃជ្រូកខ្វៃ ហើយបានកាត់វាយកទៅឆ្អើរភ្លើងឲ្យក្រៀមទុកគ្រាន់ដាក់នៅកន្លែងរកស៊ី។ មូលហេតុ គឺគេមានជំនឿថា វានឹងអាចនាំលាភដល់ការប្រកបរបររកស៊ីទៀតផង។ អ្នកស្រី ជា អ៊ីម៉េង ដែលជាប់សែស្រឡាយចិន និងដឹងច្បាស់ពីជំនឿនេះតពីដូចតាមក បានប្រាប់ពីកន្លែងសំខាន់ទាំង៥ ត្រូវកាត់ទុក។
១ ខួរជ្រូក
ខួរគឺតំណាងអោយប្រាជ្ញា ស្មារតី និងភាពឈ្លាសវៃ។ តាមជំនឿ វាគឺជារបស់ពិសេសជាងគេ ដែលអាចអោយអ្នកជួញដូរមានភាពវៃឆ្លាត និង គំនិតថ្មីៗក្នុងការរកស៊ីឈ្នះគេក្នុងឆ្នាំថ្មីជាដើម។ ប៉ុន្តែគេច្រើនតែកាត់មួយដុំតូចប៉ុណ្ណោះនៃខួរជ្រូកដើម្បីរក្សាទុក។
២ ត្រចៀកជ្រូក
ត្រចៀកជ្រូកទាំងពីរគឺជាផ្នែកមួយសំខាន់ផងដែរ ដែលគេតែងកាត់វាទុក ព្រោះគេជឿថាត្រចៀកគឺជាសរីរាង្គមួយដែលអាចលឺដំណឹងផ្សេងៗជិតរឺឆ្ងាយ ហើយបើអ្នករកស៊ីវិញគឺគេចាំស្ដាប់ដំណឹងដែលភ្ញៀវមករកទិញជាដើម។
៣ ច្រមុះជ្រូក
ជាធម្មតាសត្វជ្រូកតែងប្រើច្រមុះរបស់វា សម្រាប់ហិតក្លិន និង ដើម្បីឈ្មុសឈ្មុលរកចំណីស៊ី ប្រៀបដូចជាអ្នកជួញដូរដែលត្រូវខិតខំស្វះស្វែងរកអតិថិជនរបស់ខ្លួនដូច្នោះដែរ។
៤ ក្រចកជើងទាំងបួន
មិនតែប៉ុណ្ណោះ ក្រចកជើងទាំងបួនរបស់ជ្រូក ត្រូវគេជឿថាអាចនាំអោយមុខរបររកស៊ីដើរឆ្ពោះទៅមុខ ព្រោះជ្រូកអាចដើរទៅមុខបានក៍ដោយសារតែជើងទាំងនេះដែរ។ ម្យ៉ាងពេលដែលជ្រូកខ្វៃដេក គឺជើងខាងមុខរបស់វាបត់ចូល ប្រៀបដូចជាកាយនាំទ្រព្យដល់ម្ចាស់ផ្ទះអ៊ីចឹងដែរ។
៥ កន្ទុយជ្រូក
សត្វជ្រូកប្រើកន្ទុយរបស់វាសម្រាប់បក់ដេញរុយ រឺ សត្វល្អិតជាដើម។ ដូច្នេះ អ្នករកស៊ីទុកកន្ទុយជ្រូកសម្រាប់អោយវាដេញឧបសគ្គ និង ឧបទ្រពចង្រៃនានាចេញពីហាងលក់ដូររបស់ពួកគាត់។
បន្ថែមលើជំនឿទាំង ៥ចំណុចនេះ លោកតា កុក ឡុង ហោរាចិនល្បីនៅរាជធានីភ្នំពេញដោយមិនបានជំទាស់នឹងជំនឿទាំង៥ចំណុច ហើយបន្ថែមថា ប្រសិនបើយើងជាមេដឹកនាំ ពេលសែនជ្រូកខ្វៃរួច គឺក្បាត់ក្បាលតែម្ដងឲ្យមេ តំណាងឲ្យអ្នកធំ ។ «ចិនជឿណាស់ បើគោរពមេ គោរពអ្នកធំ គេកាត់ក្បាលតែម្ដង តំណាងឲ្យអ្នកធំ ហើយរកស៊ីកាន់តែមានបាន»៕