ក្រុមហ៊ុនរបស់បិតា Android ប្រកាសបិទទ្វារ ព្រោះមិនអាចសម្រេច Project Gem
- 2020-02-13 02:16:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនរបស់បិតា Android ប្រកាសបិទទ្វារ ព្រោះមិនអាចសម្រេច Project Gem
ចន្លោះមិនឃើញ
ក្រុមហ៊ុន Essential បានសម្រេចចិត្តបិទទ្វារ បន្ទាប់ពីបើកដំណើរការបានទើបជិត ៥ ឆ្នាំ និងបន្ទាប់ពីប្រកាសចេញស្មាតហ្វូនដំបូងបានមិនដល់ ៣ ឆ្នាំផងដែរ។
ផលិតផលពេញលេញតែមួយគត់របស់ក្រុមហ៊ុនគឺ Essential Phone ដែលមានចំនួនលក់តិចតួច និងទទួលបានមតិចម្រុះ ទាំងវិជ្ជមាន និងអវិជ្ជមាន។ ស្មាតហ្វូនដែលត្រូវស្នងតំណែង Essential Phone ត្រូវបានរំសាយចោល ហើយក្រុមហ៊ុនបានសន្យាប្រកាសចេញផលិតផលដទៃទៀតដូចជាជំនួយការវៃឆ្លាតនៅផ្ទះ និងប្រព័ន្ធប្រតិបត្តិការ ប៉ុន្តែមិនបានលេចចេញរូបរាងនោះឡើយ។
Essential បង្កើតឡើងដោយអ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ Android លោក Andy Rubin ដែលចាប់ផ្ដើមដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ ២០១៥។ មុនការសម្រេចចិត្តបិទមុខជំនួញប៉ុន្មានខែ ពោលនៅខែតុលាឆ្នាំ ២០១៩ ក្រុមហ៊ុនគឺកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ទូរសព្ទមួយទៀត ដែលគេឲ្យឈ្មោះថា "Project Gem” ដែលវាមានការឌីហ្សាញខុសប្លែក។
ក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការ ដោយសារតែមិនអាចសម្រេចបាននូវ "Project Gem" នេះតែម្ដង។ ក្នុងសេចក្ដីប្រកាសរបស់ក្រុមហ៊ុនមាននិយាយថា ៖ "យើងបានអភិវឌ្ឍន៍ Gem បានកាន់តែឆ្ងាយតាមអាចទៅរួចហើយ ហើយយើងសោកស្ដាយដែលមិនអាចរកផ្លូវច្បាស់លាស់ដើម្បីផលិតវាសម្រាប់អតិថិជន។ ដោយសាររឿងនេះ យើងបានធ្វើការសម្រេចចិត្តដ៏លំបាក ក្នុងការបញ្ឈប់ប្រតិបត្តិការ និងបិទ Essential តែម្ដង។"
ក្រុមហ៊ុនក៏បានប្រកាសថាការអាប់ដេតដែលបានបញ្ចេញកាលពីថ្ងៃទី ៣ ខែកុម្ភៈ គឺជាកំណែទម្រង់ចុងក្រោយសម្រាប់ Essential Phone ចេញពីក្រុម Software របស់ Essential៕