Villa Videc ប៊ិះ​ធ្វើ​ឱ្យ​ជើងឯក Tiger Street Football 2020 មណ្ឌល​កំពត​ហាល​អាវ

  • 2020-02-18 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯករង​ឆ្នាំ​ចាស់ Villa Videc ជា​ក្រុម​ខ្លាំង​​មួយ​​គត់ ដែលធ្វើ​ឱ្យ​ក្រុម​ការពារ​តំណែង​ជើងឯក ប្រចាំមណ្ឌលព្រះសីហនុ និង​ជើង​ឯក​ទូទាំងប្រទេស ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ស្ទើរ​តែហាល​អាវ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ មុន​ក្លាយ​ជាឯក​ថ្មីនៃពាន​រង្វាន់​ដ៏អស្ចារ្យ Tiger Street Football 2020 ប្រចាំ​មណ្ឌល​កំពត។ ​​

ក្រុមស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A លើកពានលេខ១មណ្ឌលកំពត

បើ​តាម​ការ​បញ្ជាក់​របស់​កីឡាករ លឹម តាំង ក្រុម​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ​របស់​លោក បាន​ប៉ះ Villa Videc នៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ ដែល​ជាជំនួបដ៏ស្វិតស្វាញ​​បំផុត ​ពោល​​គឺ​ទាំង​ពីរ​តង់រយៈពេល ១២នាទី ក្រុម​ទាំង​ពីរ​​​ស្មើ​គ្នា ០-០ ហើយ​តម្រូវ​ឱ្យ​​​ថែម​​ម៉ោង​ ១​នាទី និង​ដក​​សមាជិក​ម្នាក់​ចេញ លេង​​ម្ខាង​៤​នាក់។ ការខិត​ខំ​ប្រឹងប្រែង និង​សហការ​​គ្នា​បាន​ល្អ ធ្វើឱ្យ​ក្រុម​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ​បាន​យក​ឈ្នះ ១-០ លើ Villa Videc។

លឹម តាំង បន្ត​ថា ៖«តាន​តឹង​គឺ​យើង​ប្រកួត​ជាមួយ Villa Videc ព្រោះ​អី​គេ​ជើង​ឯក​រង​ឆ្នាំ​ទៅ យើង​ប៉ះ​ក្នុង​វគ្គ​១៦​ក្រុម ចុង​ក្រោយ លទ្ធផល​យើង​ស្មើ ថែម​ម៉ោង​យើង​ឈ្នះ​គេ​មួយ​គ្រាប់»។

តាម​សម្ដី​​អ្នកចាំទី​វ័យ​៣៥​ឆ្នាំ ក្រុម​របស់​លោក​ឆ្នាំ​នេះ គឺមាន​ការ​រៀប​ចំ​ល្អ​ជាង​ឆ្នាំ​មុន ទាំង​ការ​ហ្វឹកហាត់ បច្ចេកទេស កម្លាំង និង​ការ​សហការ​គ្នា។ មិនតែ​ប៉ុណ្ណោះសមាជិក​ទាំង​៧​រូប លេង​បាន​ស្មើ​ជើង​គ្នា​ល្អ។ យ៉ាងណា​ក្រុម​របស់​លោក នឹង​មិន​ធ្វេសប្រហែសឡើង ដោយជំនួស​មក​វិញ​នូវការ​ខិតខំ​ប្រឹងប្រែង ហ្វឹកហាត់​ និងពង្រឹង​ស្មារតី​ក្រុម​បន្ថែម​ ដើម្បី​​ការពារ​តំណែង​​ជើង​ឯក​ថ្នាក់​ជាតិរបស់ខ្លួន ដ្បិត​ពេលវេលា​នៅ​សល់​មិន​ច្រើន ខណៈ​បណ្ដា​ក្រុម​ចូល​រួម​សុទ្ធតែ​ខ្លាំង​ៗ ពោរពេញ​ដោយ​សមត្ថភាព និង​បទពិសោធន៍​។

ក្រុម​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A បាន​យក​ឈ្នះ​ក្រុម​ក្ដាម​ថ្ម​ B ក្នុង​លទ្ធផល​កាត់​សេចក្ដី​ទាំង​២​តង់ ៣-១ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ គ្រង​ជើងឯក​នៃ​​ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌល​ជាប់​មាត់​សមុទ្រ​​កំពត។ គ្រាប់​ទាំង​៣​របស់ក្រុម​ជើង​ខ្លាំង​​នេះ រក​បាន​ដោយ ថៃ ចំរ៉ុង និង​២​គ្រាប់​ទៀត​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែការពារ​ ឆោម ស៊ុនច័ន្ទដារា។ ​​

ក្រុមស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A Vs ក្ដាម​ថ្ម B (ខៀវ)

ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ Tiger Street Football 2020 ប្រចាំមណ្ឌល​កំពត យក​តែ​៦​ក្រុម​ប៉ុណ្ណោះ ក្នុងចំណោម៦០ក្រុម មកពីកោះកុង កែប ព្រះសីហនុ កំពត ដើម្បី​ឡើង​ទៅ​​ប្រកួត​ជម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​ភ្នំពេញ​​នា​ពេល​ខាង​មុខ ហើយ​ខាង​ក្រោម​នេះជា​ក្រុម​ទាំង​ ៦ ដែល​បាន​ឡើង​ទៅ​ប្រកួត និង​ប្រាក់​រង្វាន់​ទទួល​បាន​ តាម​ចំណាត់​ថ្នាក់៖

១. ជើងឯក ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A (ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ)

២. ជើងឯក​រង ក្ដាម​ថ្ម B (ទទួល​បាន​ប្រាក់​រង្វាន់ ១ ០០០​ដុល្លារ)

៣. លេខ​៣ បាន​លើ Jack Sport A (ទទួល​បាន​ប្រាក់​រង្វាន់ ៥០០​ដុល្លារ)

៤. លេខ​៤ បាន​លើ Texas LT (ទទួល​បាន​ប្រាក់​រង្វាន់ ២០០​ដុល្លារ)

៥. លេខ៥ បាន​លើ OSAKHO FC B (បាន​ឱកាសឡើងទៅវគ្គ​ផ្ដាច់ព្រ័ត្រនៅភ្នំពេញ)

៦. លេខ​៦ បាន​លើ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ C (បាន​ឱកាសឡើងទៅវគ្គ​ផ្ដាច់ព្រ័ត្រនៅភ្នំពេញ)

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កំពត​គឺ៖

មណ្ឌល តាកែវ

  • តាកែវ​ ព្រៃវែង ​ស្វាយរៀង​ ដាក់​ពាក្យ​នៅ​មណ្ឌល​ ខេត្ត​តាកែវ

  • ឈប់​ទទួល​ពាក្យ ថ្ងៃ​ទី​១៩ កុម្ភៈ​ ២០២០

  • ប្រកួត​ថ្ងៃ​ទី​២២,២៣ កុម្ភៈ​ ២០២០​

មណ្ឌល ភ្នំពេញ

  • កណ្ដាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានី​ភ្នំពេញ​

  • ឈប់​ទទួល​ពាក្យ ថ្ងៃ​ទី​២៣ កុម្ភៈ ២០២០

  • ប្រកួត​ថ្ងៃ​ទី​២៦,២៧,២៨ កុម្ភៈ ២០២០

ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ ប្រាក់​រង្វាន់​សរុប​៥ម៉ឺនដុល្លារ​ ធ្វើ​នៅ​កោះ​ពេជ្រ ​នៅ​ថ្ងៃ​ទី​ ២៩​ កុម្ភៈ ​ដល់​ថ្ងៃ​ទី១​ មីនា ​ឆ្នាំ២០២០៕​

អត្ថបទ៖ អ៊ុំ សុភក្តិ