ក្រៅពីលក់រោងចក្រនៅថៃ GM បន្តបិទក្រុមហ៊ុនឡាននៅអូស្ត្រាលីមួយទៀត

  • 2020-02-28 02:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​​ប្រកាស​អំពី​ការ​លក់​រោងចក្រ​ផលិត​រថយន្ត Chevrolet ក្នុង​ខេត្ត​រ៉ាក់យ៉ង​ប្រទេស​ថៃ ក្រុមហ៊ុន General Motors បន្ត​ប្រកាស​ពី​ការ​បញ្ចប់​ប្រតិបត្តិការ​នៃ​ម៉ាក​រថយន្ត​ Holden ក្នុង​ប្រទេស​អូស្ត្រាលី​ត្រឹម​ឆ្នាំ ២០២១ ខាង​មុខ។

គួរ​ដឹង​ថា​ការ​​សម្រេច​ចិត្ត​ក្នុង​ការ​លក់ និង​បិទ​ក្រុមហ៊ុន​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​បង្រួម​មុខ​ជំនួញ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​​របស់ General Motors ដែល​បាន​អនុវត្តន៍​ចាប់​តាំង​ពី​​ពេល​ដែល​ Mary Barra ឡើង​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក្នុង​ឆ្នាំ ២០១៤។ General Motors បាន​ដក​ខ្លួន​ពី​ទីផ្សារ​ដែល​ខ្លួន​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ជា​ច្រើន​មក​ហើយ ក្នុង​នោះ​រួម​មាន​​ប្រទេស​រុស្ស៊ី, អាហ្វ្រិក​ខាង​ត្បូង និង​អឺរ៉ុប និង​បាន​លក់​ក្រុមហ៊ុន Opel-Vauxhall ទៅ​ឲ្យ​ក្រុមហ៊ុន​បារាំង Groupe PSA កាល​ពី​ ៣ ឆ្នាំ​មុន​ទៀត​ផង។

ក្រោយ​ពី​ប្រកាស​លក់​រោងចក្រ​នៅ​ប្រទេស​ថៃ ក្រុមហ៊ុន Chevrolet ប្រទេស​ថៃ បាន​ធ្វើ​ការ​លក់​បញ្ចុះ​តម្លៃ​រថយន្ត Chevrolet រហូត​ដល់​រាប់​សែន​បាត​ ដែល​ស្មើ​ខ្ទង់​ម៉ឺន​ដុល្លារ ដើម្បី​សម្អាត​ស្ដុក​ដែល​នៅ​សេសសល់​ឲ្យ​អស់។

ចំណែក​នៅ​អូស្ត្រាលី​វិញ Holden ក៏​បាន​បញ្ចុះ​តម្លៃ​រថយន្ត​របស់​ខ្លួន ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ជាង ១១ ០០០ ដុល្លារ។ ខណៈ​ពេល​នេះ​អតិថិជន​កំពុង​សម្រុក​ទិញ​រថយន្ត Holden ដែល​អាច​នឹង​លក់​អស់​ពី​ស្តុក​លឿន​ជាង​ការ​រំពឹង​ទុក។

​តំណាង​ចែក​ចាយ​រថយន្ត Holden មួយ​កន្លែង​នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា ៖ "វា​ដូច​ជា​ទសវត្ស​ឆ្នាំ ១៩៩០ អ៊ីចឹង។ ប្រសិន​បើ​យើង​អាច​លក់​រថយន្ត​បាន​ដាច់​ដូច​ពេល​នេះ យើង​​ប្រហែល​មិន​ត្រូវ​បិទ​នោះ​ទេ។​”

គួរ​ដឹង​ថា​ក្នុង​ពេល​ដែល​ជោគជ័យ​បំផុត ហាង​លក់​រថយន្ត​ Holden នីមួយៗ​អាច​លក់​រថយន្ត​បាន​ចន្លោះ​ពី ១០០ ទៅ ១៥០ គ្រឿង​ក្នុង​មួយ​ខែ ប៉ុន្តែ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​មួយ​ខែ​អាច​លក់​បាន​​ចន្លោះ ២០ ទៅ ៥០ គ្រឿង​ប៉ុណ្ណោះ៕​​

ប្រភព៖ Caradvice   ប្រែ​សម្រួល៖ សុខហេង