អ្នកស្រី នុត រត្ថា៖ ប្រកាន់ខ្ជាប់ពាក្យស្មោះត្រង់ និងយកការឈឺចាប់ធ្វើដើមទុនរហូតជោគជ័យដល់សព្វថ្ងៃ

  • 2020-03-16 03:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


នៅក្នុងនិយមន័យភាពជោគជ័យ​ គឺ​អាស្រ័យ​ទៅ​លើ​បុគ្គល​រៀងៗខ្លួន និង​ការ​ដាក់​គោលបំណង​ គោលដៅ ដើម្បីសម្រេច​​បាន​។ អ្វីដែល​នៅ​ពីក្រោយភាពជោគជ័យ​របស់​អ្នក​ស្រី នុត រត្ថា អគ្គនាយិកាក្រុមរៀបចំកម្មវិធីរំដួល គឺការប្រកាន់យក​ភាព​ស្មោះត្រង់ និង​​យក​ការ​ឈឺចាប់​ ក្លាយ​ទៅជា​កម្លាំង​ចិត្ត​ នាំ​ឲ្យ​ជោគជ័យ។

តាមរយៈកម្មវិធី​ «កៅអីក្ដៅ» របស់ Sabay កន្លង​មក អ្នក​ស្រី នុត រត្ថា បាន​ចែក​រំលែក​នូវ​បទពិសោធណ៍​ជីវិត​ជាច្រើន និង​ទស្សនទាន​ធ្វើ​ឲ្យ​ជីវិត​ជោគជ័យ​លើ​អាជីវកម្ម និង​ផ្ដល់​នូ​វគំនិត​វិជ្ជមាន​សម្រាប់​ស្រ្តី។​ តាមរយៈកម្មវិធី​នេះ អ្នកស្រី​ បង្ហើប​ប្រាប់​ថា ការប្រកាន់​យក​ភាព​ស្មោះត្រង់ និង​ការ​ឈឺចាប់​កាល​ពីកន្លង​មក ធ្វើ​ឲ្យ​អ្នកស្រិ ប្រឹងប្រែង​ធ្វើការ រកស៊ី រហូត​ក្លាយ​ជា​អ្នកគ្រប់គ្រង និង​មាន​ក្រុមហ៊ុន​ សរុប​ចំនួន​ ៦ក្នុងដៃ។

អ្នកស្រី​បាន​រំលឹក​ការឈឺចាប់​នោះ​ថា មានពេល​មួយ​អ្នកស្រី​បាន​ដាក់ពាក្យ​ទៅធ្វើ​ការ​ឲ្យ​គេ ហើយ​ធ្វើ​ការ​បានត្រឹមតែ ១០ ថ្ងៃ​ ត្រូវ​បាន​គេ​បញ្ឈប់​ពីការ​ងារ ប៉ុន្ដែ​មិន​បាន​ផ្ដល់​នូវ​ហេតុផល​សមរម្យ​មួយ​សោះ តែទំនង​ជា​ការ​មិ​នជឿ​លើ​សមត្ថភាព។ នៅត្រង់​នេះ ធ្វើ​ឲ្យ​អ្នកស្រី​ចងចាំ​មិន​ភ្លេច បង្កើត​ការ​ឈឺចាប់​ ក្លាយ​ទៅជា​ការប្រឹងប្រែង​ រហូត​មក​ដល់​សព្វថ្ងៃ។

ទាក់ទិន​នឹង​ហេតុការណ៍​ខាង​លើ អ្នកស្រី មានក្ដីប្រាថ្នា​មួយ​ចង់​ជួប​អ្នកគ្រប់គ្រង​ ដែល​ធ្លាប់​បញ្ឈប់​នាង ដើម្បី​ចង់​ពី​ចម្លើយ​ពិត​ប្រាកដ​មួយ តើ​ហេតុ​អ្វី​បាន​ជាបញ្ឈប់​នាង ខណៈមិន​ទាន់​ពិនិត្យ​ពី​ការងារ​នាង​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ។ ទន្ទឹ​ម​នឹង​រឿង​ឈឺចាប់​នេះ រឿង​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ជីវកម្ម​របស់​នាង​ជោគជ័យ​ដែរ​នោះ គឺ​ពាក្យថា «ស្មោះត្រង់»។

អ្នកស្រីបានផ្តាំផ្ញើទៅកាន់ស្រ្តីទូទៅ ប្រសិនបើស្រ្តីចង់បានភាពជោគជ័យគឺត្រូវតែធ្វើទៅតាមដំណាក់កាល ដៅគោលដៅនៃភាពជោគជ័យឱ្យខ្លួនឯង ហើយប្រសិនបើយើងកំពុងធ្វើការ រឺប្រកបអជីវកម្មក៏ដោយ ប្រសិនបើជាបុគ្គលិកគេ គឺត្រូវតែជាបុគ្គលិក ដែលឆ្នើម ដែលពូកែ ជាមនុស្សដែលក្រុមហ៊ុនមិនអាចខ្វះបាន ចេះការងារច្រើនហើយចេះច្បាស់លាស់ នេះជោគជ័យមួយក្នុងក្រុមហ៊ុន ហើយក្រុមហ៊ុនដែលជោគជ័យបានគឺក្រុមហ៊ុនដែលមានបុគ្គលិកល្អ បុគ្គលិកខ្លាំង។ ចំណុច​ចុងក្រោយដែលអ្នកស្រីនុតរត្ថាចង់ផ្តាំទៅគ្រប់មនុស្សទូទៅគឺ នៅពីក្រោយភាពជោគជ័យ សំខាន់គឺភាពស្មោះត្រង់ ។

**សូមទស្សនាវីដេអូ នៅក្នុងកម្មវិធី «កៅអីក្ដៅ»

អត្ថបទ៖ Tep Sovannmoly