គម្រោង​ស្ពាន​មួយ​ខ្សែ​​​ត្រង់​ចំណុច​​ក្បាល​ថ្នល់​​​នឹង​ដាក់​ឱ្យ​ដំណើរ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

  • 2020-03-17 05:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​មួយ​ខ្សែ​ពី​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្វេង​ឆ្ពោះ​ទៅ​មហាវិថី​ព្រះ​នរោត្តម​ នឹង​ត្រូវ​​ដាក់​ឱ្យ​បង​ប្អូន​ចរាចរណ៍​​នៅ​ចុង​ខែ​មីនា​ ពោល​គឺ​មុន​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី ជាតិ​ខាង​មុខ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ សាំ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ប្រាប់​ Sabay។

លោក​បាន​បន្ថែម​ថា​​ ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​បត់​ឆ្វេង​មួយ​ខ្សែ​ថ្មី​នៅ​ជាប់​នឹង​ស្ពាន​អាកាស​ក្បាល​ថ្នល់​ចាស់​មក​ដល់​ពេល​នេះ​ក្រុម​ការងារ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​អ៊ុត​កៅស៊ូ ស្ពាន​កំណោង​ចរាចរណ៍​ភ្ជាប់​ពី​មហាវិថី ព្រះមុនីវង្ស បត់​មក​មហាវិថី ព្រះ​នរោត្តម ហើយ​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាសបត់ឆ្វេងមួយ​ខ្សែ​ថ្មី​នេះ​នឹង​បានរួចរាល់នៅចុងខែមីនា ២០២០ខាងមុខនេះ។ ​ការដ្ឋាន​បាន​ចាប់​ផ្តើម​ខួង​គ្រឹះ​ស្ពាន​កាល​ពី​ដើម​ខែ​មិថុនា​ឆ្នាំ​​២០១៩​ ដោយ​​ត្រូវ​ចំណាយ​ពេល​​សាងសង់​រយៈ​ពេល​៧ខែ។

​ដោយ​មើល​ឃើញ បញ្ហា​កក​ស្ទះ​ចរាចរ​នៅ​តែ​កើត​មាន​ ​នៅ​តំបន់​ស្ពាន​អាកាស​ក្បាល​ថ្នល់​នោះ អាជ្ញាធរ​​រាជ​ធានី​ភ្នំពេញ បាន​សម្រេច ស្ថាបនា​ស្ពាន​អាកាស​ក្បាល​ថ្នល់ បន្ថែម​ទៀត ​ដើម្បី​កែ​លំអ​ និង​ដោះ​ស្រាយ​បញ្ហា​ចរាចរ​ឲ្យ​កាន់​តែ​មាន​ភាព​រលូន​។​ ​​​​គម្រោង​នេះ​ ទទួល​ស្ថាបនា​ដោយ​ក្រុម​ហ៊ុន​OCIC កោះ​ពេជ្រ​។

ស្ពាន​អាកាស​ក្បាល​ថ្នល់​ពីមហាវិថីព្រះមុនីវង្សទៅវិថីព្រះនរោត្តមមានប្រវែង ៧៧​ម៉ែត្រ ពី​ផ្លូវ​ដី​ដល់​គល់​ស្ពាន​ក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពាន អាកាសចាស់ ១២៣ម៉ែត្រ សរុប២០០​ម៉ែត្រ។ ស្ពាន​នេះ​មាន​ទទឹង ៧,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះ ទៅមហាវិថី ព្រះនរោត្តម។

លោក​ សាំ ពិសិដ្ឋ​ ​ធ្លាប់​បានអះអាងដែរថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេង១ខ្សែនេះ នឹងត្រូវ​បញ្ចប់​នៅ​ចុង ឆ្នាំ២០១៩នេះ ​ដោយ​ក្តាពុម្ពដែកកម្រាលតួស្ពានដែលមានកំពស់ពីកម្រាលកៅស៊ូថ្នល់ +៤.០០ម៉ែត្រ​នេះនឹងដកក្តាពុម្ពដែកចេញនៅចុងខែតុលា ឆ្នាំ២០១៩នេះ ហើយ​នឹង​ដាក់ដំណើរការ​ឲ្យប្រជាពលរដ្ឋ​ឆ្លង​កាត់​នៅចុងឆ្នាំ២០១៩​កន្លង​មក​។ យ៉ាង​ណា​មិញ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ​កន្លង​មក​ការដ្ឋាន​បាន​​ចាប់​ផ្ដើម​​​សកម្មភាព​អ៊ុត​កៅស៊ូ​ស្ពាន​កំណោង​ចរាចរ​ភ្ជាប់​ពី​មហាវិថី ព្រះមុនីវង្ស បត់​មក​មហាវិថី ព្រះ​នរោត្តម ​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែងហើយ គឺ ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុប​ផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននឹងកំពុង​ដំណើរការដ្ឋានស្ថាបនា​យ៉ាងញាប់​ដៃញាប់ជើង ដូចស្ពានអាកកាសក្បាលថ្នល់នេះដែរ៕​​ ​