សម្រស់ធម្មជាតិដ៏សែនមនោរម្យនៃទំនប់ម្លេច លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រមួយប្រចាំខេត្តកំពត
- 2020-03-26 04:56:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់ធម្មជាតិដ៏សែនមនោរម្យនៃទំនប់ម្លេច លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រមួយប្រចាំខេត្តកំពត
ចន្លោះមិនឃើញ
ទំនប់ម្លេច គឺជាគោលដៅទេសចរណ៍ដ៏សែនមនោរម្យមួយ មានទីតាំងស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។ រមនីយដ្ឋានមួយនេះ ស្ថិតនៅក្បែរព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត ដែលមានចម្ងាយជាង ១០៣គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានប្រមាណ ៥៨គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣។ រមនីយដ្ឋានទំនប់ម្លេច ប្រជុំទៅដោយទេសភាពជួរភ្នំ ព្រមទាំងមានអាងស្តុកទឹកដ៏ធំមួយ ដែលមានទឹកថ្លាឈ្វេង ចាំងឆ្លុះទេសភាពធម្មជាតិ នៃដងគិរី។
នៅក្បែរទំនប់ម្លេច មានតូបបណ្ដែតទឹក សង់ឡើងត្រៀបត្រា សម្រាប់បម្រើសេវាកម្មទេសចរណ៍។ នៅតាមតូបនីមួយៗ មានអង្រឹងសម្រាប់អង្គុយសម្រាកកាយ អានសៀវភៅ លំហែអារម្មណ៍ និងអាចគយគន់ទេសភាពធម្មជាតិព័ទ្ធជុំវិញអាងទឹក។ ទិដ្ឋភាពនេះ ប្រៀបបីដូចជាផ្ទាំងទស្សនីយភាពដែលមានវិញ្ញាណ កំពង់ឱបក្រសោបទំនប់ម្លេច ធ្វើឲ្យអ្នកទេសចរគ្រប់គ្នាចូលចិត្តដិតអារម្មណ៍នឹងដំណើរកម្សាន្តមកកាន់ទីនេះ។
ក្រៅពីគយគន់សម្រស់ធម្មជាតិ ភ្ញៀវទេសចរក៏អាចកម្សាន្តសម្បាយជាមួយសេវាកម្មទេសចរផ្សេងៗទៀត ដែលរៀបចំដោយវិស័យឯកជន មានដូចជាការដើរលើខ្សែពួរ ការជិះទូកកាយាក់កម្សាន្តលើផ្ទៃទឹកជាដើម។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរក៏អាចបោះតង់សម្រាកបែបពិចនិចនៅជាប់នឹងមាត់ទឹក ព្រមទាំងអាចគយគន់សត្វស្លាបជាច្រើនប្រភេទថែមទៀតផង។
ផ្ទៃទឹកស្ងប់ស្ងាត់ បង្កប់រឿងរ៉ាវដ៏ជូរចត់នៃប្រវត្តិសាស្រ្ដ។ អាងស្តុកទឹកមួយនេះ បើមើលនឹងភ្នែក ទំនងកើតឡើងដោយសារកត្តាធម្មជាតិ តែតាមពិតកើតឡើងដោយការប្រើកម្លាំងមនុស្សរាប់ពាន់នាក់ក្នុងសម័យខ្មែរក្រហម។ ទំនប់នេះតភ្ជាប់ពីចង្កេះភ្នំម្ខាង ទៅចង្កេះភ្នំម្ខាងទៀត មានប្រវែងជាង ១ពាន់ម៉ែត្រ និងកម្ពស់ជាង ៥ម៉ែត្រ ចំណែកផ្ទៃអាងទាំងមូល មានទំហំជាង ៥៧ហិចតា មានជម្រៅពី ៧ម៉ែត្រ ទៅ១០ម៉ែត្រ ដែលអាចស្តុកទឹកបានជាង ១១លានម៉ែត្រគូប។ បច្ចុប្បន្ន ទំនប់ម្លេច ប្រែក្លាយពីទីលានទុក្ខសោក ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ព្រមទាំងបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្រ្ដមួយ ប្រចាំខេត្តកំពត។
សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕