ឡុង​ ជិន​ សងសឹក​ ទូត​ ដេវីត​ បាន​សម្រេច​លើ​សង្វៀន​ PNN​ កាល​ពី​ថ្ងៃ​អាទិត្យ​

  • 2020-05-05 09:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងខ្លាំង​ប្រចាំ​ក្លឹប​ខ្លារខិន​ កីឡាករ​ ឡុង​ ជិន​ សងសឹក​លើ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ ទូត ដេវីត​ បាន​សម្រេច​វិញ​ហើយ​លើ​សង្វៀន​ប្រដាល់​ PNN​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។​

កីឡាករ ឡុង ជិន

ឡុង​ ជិន​ ធ្លាប់​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ កាល​ពី​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៩​ ដោយ​សារ​ ទូច​ ដេវីត​ ដូច្នោះ​ហើយ​ជា​ការ​បាត់បង់​ប្រជាប្រិយភាព​ខ្លះៗ​ដែរ​នា​ពេល​នោះ។​

ការ​សងសឹក​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២​ ខែ​ឧសភា​ ២០២០​ លើ​សង្វៀន​ PNN​ នេះ​ ឡុង​ ជិន​ បាន​សម្រេច​ក្ដី​បំណង​យក​ឈ្នះ​វិញ​លើ​កូន​សិស្ស​លោក​ អាត​ សំរិទ្ធ​ និង​ជា​ការ​ស្ដារ​មុខមាត់​វិញ​ផង​ដែរ​ក្នុង​វិស័យ​គុន​ខ្មែរ។​ កូន​សិស្ស​លោក​ Ricky​ រូប​នេះ​គឺ​មាន​ជំនឿ​ចិត្ត​ខ្ពស់​តែ​ម្ដង​ការ​ប៉ះ​គ្នា​ជា​ថ្មី​នេះ​ ចូល​ទឹក១​ភ្លាម​បើក​ការ​វ៉ៃ​លុក​ភ្លាមៗ​ដោយ​មិន​ចាំ​ស្ទាបស្ទង់​អ្វី​ច្រើន​ឡើយ​ ពោល​បើ​អាច​ផ្ដាច់​បាន​នៅ​ទឹក​ណាគឺ​ផ្ដាច់​ទឹក​នោះ​តែ​ម្ដង។​

ឡុង ជិន និង ទូច ដេវីត

យ៉ាងណា​ការ​ប្រកួត​៣ទឹក​បាន​បញ្ចប់​ទៅ​ដោយ​ ឡុង​ ជិន​ ឈ្នះ​ពិន្ទុ​មែន​ ប៉ុន្តែ​ដើម​ទឹក​១​ ក៏​ចង់​យ៉ាប់​របស់​ ទូច​ ដេវីត​ ទៀត​ដែរ​ដោយ​ភ្លាត់​ឲ្យ​ដៃគូ​ទាត់​ចូល​ជើង​ឆ្វេង​ច្រើន​រហូត​ឈឺ​តិចៗ​ទៅ​ហើយ។​ ចំណុច​ល្អ​របស់​ ឡុង​ ជិន​ នោះ​គឺ​ព្យាយាម​បន្ត​ការ​ប្រកួត​ និង​ស្រោចស្រង់​មក​វិញ​រហូត​ដល់​ ទូច​ ដេវីត​ ចង់​សន្លប់​ម្ដងៗ​ទៅ​វិញ។​ រំលឹក​ដែរ​ថា​ ការ​ប្រកួត​សងសឹក​រវាង​ ឡុង​ ជិន​ និង​ ទូច​ ដេវីត​ នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២​ ខែ​ឧសភា​ ឆ្នាំ​ ២០២០​ លើ​សង្វៀន​ PNN៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​