សមត្ថកិច្ចបន្ដនីតិវិធី លើអតីតតារាកំប្លែងខ្មឹប

  • 2020-05-18 03:46:32
  • ចំនួនមតិ 3 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ


សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ កំពុង​ដំណើរការ​នីតិវិធី​លើ​អតីត​តារា​កំប្លែង​អ្នកនាង រ៉េន សុធារី ហៅ​ខ្មឹប និង​បក្សពួក​ជុំវិញ​ករណី​គ្រឿងញៀន បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី១៦ ឧសភា។

អភិបាល​ខណ្ឌ​ដូនពេញ​លោក សុខ ពេញវុធ បាន​ប្រាប់​ Sabay នៅ​ថ្ងៃ​នេះ​ថា អ្នកនាង​ខ្មឹប និង​បក្ស​ពួក​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​បទល្មើស​ជាក់​ស្ដែង​ជុំវិញ​គ្រឿង​ញៀន ហើយ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន​ផង​ដែរ។ លោក​មិន​បាន​បញ្ជាក់​ថា​តើ អតីត​តារា​កំប្លែង និង​ជា​អតីត​ភរិយា​នាយ​ហុងដា ជាប់​ចោទ​ក្នុង​បទល្មើស​ជួញ​ដូរ ឬ​ប្រើប្រាស់​គ្រឿង​ញៀន​នោះទេ ប៉ុន្ដែលោក​ថា​រឿង​នេះ​ត្រូវ​តែ​ចាត់ការ​តាម​ច្បាប់។

ចំណែក​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​លោក ទៀង ច័ន្ទខន្ដិសារ បង្ហើប​យ៉ាង​ខ្លី​ថា អ្នកនាង​ខ្មឹប និង​ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ កំពុង​ស្ថិតនៅ​ក្នុង​ដំណើរការ​នីតិវិធី​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញនៅ​ឡើយ។

គេសង្កេតឃើញអ្នកនាង ខ្មឹប បាន​ធ្លាក់​ខ្លួន​ឈឺ និង​តែលតោល ហើយ​ឈាន​ដល់​ការ​ដើរចូល​ក្នុង​អំពើ​អបាយមុខ​នេះ ​ចាប់​តាំង​ពី​នាង​បែកបាក់​ពី​នាយ ហុងដា។ ប្រិយមិត្ត​ខ្លះ​ខ្លោចចិត្ត​អាណិត​នាង និង​ខ្លះទៀត​រិះគន់​ចំពោះ​ទង្វើ​របស់​នាង។

ព័ត៌មាន​បឋម​របស់​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ ហើយ​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ដក​ស្រង់ទៅ​ចុះ​ផ្សាយ​ពី​កន្លែង​កើត​ហេតុបាន​ឲ្យ​ដឹង​ថា អ្នកនាង ខ្មឹប ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា​បាន​សេព​គ្រឿងញៀន និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​មាន​អ្នកខ្លះ​ជួញដូរ និង​ខ្លះ​សេព​គ្រឿងញៀន​ដូច​នាង​ដែរ។ សមត្ថកិច្ច បាន​ឆ្មក់​ចូល​បង្ក្រាប​ករណីគ្រឿងញៀននេះ នៅ​រង្គសាល​ចតុមុខ កាល​ពី​ល្ងាច​ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០២០៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ