រូបរាងដំបូងបំផុតនៃ Galaxy Note20

  • 2020-05-19 06:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​សល់​តែ​ប្រមាណ ៣ ខែ​ទៀត​ត្រកូល ​Galaxy Note20 នឹង​ត្រូវ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ។ កាន់​តែ​ជិត​ដល់​ពេល​ប្រកាស​ចេញ ព័ត៌មាន​បែក​ធ្លាយ​អំពី​វា​ក៏​ចាប់​ផ្ដើម​ចេញ​មក​ជា​ហូរហែ​ផង​ដែរ ដែល​ចុង​ក្រោយ​នេះ​គឺ​ជា​​ការ​លេច​ចេញ​រូបភាព Render នៃ Galaxy Note20។

មុន​នេះ​ប៉ុន្មាន​ម៉ោង​គណនី Twitter ឈ្មោះ Ice Universe ដែល​តែង​បញ្ចេញ​ព័ត៌មាន​បែក​ធ្លាយ​ត្រូវៗ​ជា​ច្រើន​នោះ បាន​បង្ហាញ​រូបភាព​ពីរ​សន្លឹក​ដែល​អះអាង​ថា​ជា​រូបភាព Render នៃ Galaxy Note20។ រូបភាព​ Render នេះ​នៅ​មិន​ទាន់​ជា​ផលិតផល​សម្រេច​នៅ​ឡើយ​ទេ ដែល​រូបភាព​សម្រេច​អាច​ប្រែ​ប្រួល​ខុស​ពី​នេះ។

ប៉ុន្តែ​បើ​តាម​រូបភាព​អាច​ឲ្យ​គេ​ឃើញ​ថា​ផ្នែក​ខាង​មុខ​របស់ Galaxy Note20 គឺ​មិន​ខុស​ពី​ Galaxy Note10 នោះ​ទេ នៅ​មាន​ការ​ចោះ​រន្ធ​កាមេរ៉ា Selfie នៅ​ចំ​កណ្ដាល និង​មាន​អេក្រង់​លាត​សន្ធឹង។ ចំណែក​ផ្នែក​ខាង​ក្រោយ​មាន​ការ​តម្រៀប​កាមេរ៉ា​ជា​រាង​​ជា​ចតុកោណ​កែង​​ស្រដៀង​នឹង​រចនាបថ​លើ​ត្រកូល​ Galaxy S20។ កាមេរ៉ា​ក្រោយ​នេះ​ដែរ​គឺ​មាន​ចំនួន ៣ ​គ្រាប់​​ដែល​គេ​មិន​ទាន់​ដឹង​អំពី​លក្ខណៈ​សម្បត្តិ​របស់​វា​នៅ​ឡើយ​ទេ ប៉ុន្តែ​​គេ​ដឹង​ថា​វា​មិន​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ១០៨MP នោះ​ទេ ដោយ​កាមេរ៉ា​នេះ​នឹង​មាន​សម្រាប់​តែ Galaxy Note20+ ប៉ុណ្ណោះ។

​ក្រោយ​ពី​​​រូបភាព Render ពីរ​ខាង​លើ​បាន​ចេញ​ផ្សាយ​ក៏​មាន​អ្នក​បង្កើត​នូវ​រូបភាព Render ច្បាស់​មួយ​ទៀត​ ដែល​បង្ហាញ​អំពី​រចនាបថ​កាមេរ៉ា​លើ Galaxy Note20 ផង​ដែរ។

Galaxy Note20 និង Galaxy Note20+ រំពឹង​ថា​នឹង​ប្រកាស​ចេញ​នា​អំឡុង​ខែ​សីហា​ដូច​សព្វ​ដង ដែល​​អាច​នឹង​ចេញ​លក់​នា​ចុង​ខែ​សីហា ឬ​នៅ​ដើម​ខែ​កញ្ញា៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ សុខហេង