កូវីដ-១៩ ប្រល័យ​ជីវិត​ អតីត​ចុងភៅ​ធ្វើ​ការ​នៅ​សេតវិមាន​ ជាង ៥០ឆ្នាំ

  • 2020-05-24 00:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ចុងភៅ​នៃ​សេតវិមាន​ ធ្វើ​ការ​ឲ្យ​ប្រធានាធិបតី​ចំនួន ១១​រូប លោក Wilson Roosevelt Jermen បាន​បាត់បង់​ជីវិត​ ដោយសារ​តែ​ជំងឺ​កូវីដ-១៩ កាល​ពី​សប្ដាហ៍​មុន​នេះ ក្នុង​ជន្មាយុ​ ៩១ឆ្នាំ។

លោក​បាន​បំពេញ​ការងារ​ដំបូង​ជា​អ្នក​បោសសម្អាត​នៅ​សេតវិមាន​កាល​ពី​ឆ្នាំ១៩៥៧ តែ​នៅ​អាណត្តិ​លោក​ John F. Kennedy លោក​ជំទាវ​ទី១ Jackie បាន​តែងតាំង​លោក​ជា​ចុងភៅ។

បើ​តាម​សំដី​ចៅស្រី​របស់​លោក តាម​ពិត​អាយុ​លោក​ត្រូវ​ចូល​និវត្ត​កាល​ពី​ឆ្នាំ១៩៩៧ តែ​លោក​ត្រលប់​មក​បម្រើ​ការងារ​នៅ​សេតវិមាន​វិញ កាល​ពី​ឆ្នាំ២០០៣ ហើយ​បាន​ចាកចេញ​កាល​ពី​ឆ្នាំ២០១២ ក្នុង​ឋានៈ​ជា​អ្នក​ចាត់ការ​ទូទៅ​នៃ​សេតវិមាន (maître d') ។ នៅ​ពេល​លោក​ចាកចេញ​ទៅ លោក​ទទួល​បាន​មេដាយ​ និង​រង្វាន់​ជា​ច្រើន​ពី​លោក​ប្រធានាធិបតី​ Barack Obama។

ចៅស្រី​របស់​លោក យល់​ឃើញ​ថា លោក​ជា​មនុស្ស​ឯករាជ្យ​មួយ ដោយ​មិន​ប្រកាន់​អ្នក​មក​ពី​គណបក្ស​សាធារណរដ្ឋ ឬ គណបក្ស​ប្រជាធិបតេយ្យ​ឡើយ។

ក្រោយ​ពី​ឮ​ដំណឹង​មរណភាព​របស់​លោក អតីត​លោក​ជំទាវ​ទី១ Michelle Obama បាន​ចូល​រួម​រំលែក​ទុក្ខ​ ដោយ​បាន​ថា គ្រួសារ​លោកស្រី​មាន​សំណាង​ណាស់ ដែល​បាន​គាត់​មក​បម្រើ​ការ។ ក្រៅ​ពី​នេះ អតីត​ជំទាវ​ទី១ Hillary Clinton ក៏​ដូច​ជា​កូនស្រី​របស់​លោក​ប្រធានាធិបតី George W. Bush ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​ដូច​គ្នា​ដែរ៕

លោក Jermen និងលោក​ស្រី Clinton
ក្រុម​គ្រួសារ​លោក Jermen និង​លោក​ប្រធានាធិបតី Bush និង​ជំទាវទី១
ក្រុម​គ្រួសារ​លោក Jermen និង​លោក​ប្រធានាធិបតី Obama និង​ជំទាវ​ទី១

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី