រំលឹកពីសង្ក្រាន្តភូមិមួយ មានកម្មវិធីប្លែកគេ ប្រឡងកញ្ញាឯកអាយុលើស ៦០ឆ្នាំ

  • 2020-05-29 03:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិមួយស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺរ តែងតែរៀបចំសង្ក្រាន្តរាល់ឆ្នាំដើម្បីបង្កើតកម្មវិធីជួបជុំសប្បាយៗ ដល់អ្នកភូមិ ក្នុងនោះមានកម្មវិធីមួយ មានការប្រលងជ្រើសរើស កញ្ញាឯអាយុលើស ៦០ឆ្នាំ។ ហេតុអ្វីចាំបាច់មានកម្មវិធីនេះឡើង?

កម្មវិធីនេះ គឺជាការផ្ដួចផ្ដើមឡើងដោយ លោកមេភូមិត្របែកទូង មុយ វី និងក្រុមការងារក្នុងភូមិ បានរៀបចំកម្មវិធី២ឆ្នាំជាប់ៗគ្នារួចហើយ គឺនៅអំឡុងឆ្នាំ ២០១៨ និង ២០១៩ កន្លងទៅ ដោយក្នុងគោលបំណង ចង់ឲ្យមានការជិតស្និទ្ធរវាងអ្នកភូមិ និងអ្នកភូមិ មានការសាមគ្គីភាពជាធ្លុងមួយ សម្រាប់សហគមន៍មានការអភិវឌ្ឈន៍ឈានឡើង។

កាលពីសង្ក្រាន្ត ២០១៩កន្លងទៅ មានបេក្ខនារីចូលរួមប្រកួតចំនួន ២០នាក់ ក្នុងនោះជ្រើសរើសចំនួន ៣នាក់ ដែលជាជ័យលាភីកញ្ញាឯកមានអាយុលើសពី ៦០ឆ្នាំ ដោយអ្នកជាប់ជ័យលាភី ត្រូវតែមានរាងស្អាត ទាក់ទាញ និងចំណុចពិសេសគឺជាអ្នកទីទាល់ក្រក្នុងភូមិ។ កញ្ញាឯក ដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺបានរង្វាន់ ៦០ម៉ឺនរៀល លេខ២ បានរង្វាន់ ៤០ម៉ឺនរៀល និងលេខ៣ បានរង្វាន់ ២០ម៉ឺនរៀល។

ក្រុមការងាររៀបចំសង្ក្រាន្តភូមិត្របែកទូង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលសុំមិនបញ្ចេញឈ្មោះ បង្ហើបឲ្យដឹងថា ប្រសិនបើគ្មានជំងឺកូវីដ១៩ទេ នៅឆ្នាំ ២០២១ មានការរៀបចំសង្ក្រាន្តទៀត នឹងមានកម្មវិធីបែបនេះម្ដងទៀត ហើយនឹងរិះរកកម្មវិធីប្លែកៗ ឲ្យបងប្អូនក្នុងភូមិ បានសប្បាយរីករាយ និងអបអរចូលឆ្នាំថ្មី នាពេលខាងមុខផងដែរ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា