ក្រុមហ៊ុនមួយផលិតបានសម្រេចនូវកាមេរ៉ា Selfie បង្កប់ខ្លួនលើអេក្រង់

  • 2020-06-09 01:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Visionox ​ជា​ក្រុមហ៊ុន​ផលិត​​​កញ្ចក់ OLED ធំ​មួយ​នៅ​ក្នុង​ប្រទេស​ចិន មាន​ផ្គត់ផ្គង់​អេក្រង់​ដល់​ស្មាតហ្វូន Flagship ដូច​ជា​ Xiaomi Mi 10 និង Mi Note 10។ នា​ពេល​នេះ​សារព័ត៌មាន​ចិន​បាន​ចុះ​ផ្សាយ​ថា​ ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផលិត​​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នូវ​អេក្រង់​ដែល​មាន​បង្កប់​កាមេរ៉ា​ពី​ក្រោម។

វា​មិន​មែន​ជា​បច្ចេកវិទ្យា​ថ្មី​នោះ​ទេ ដោយ​ OPPO ធ្លាប់​បាន​បង្ហាញ​បច្ចេកវិទ្យា​​បែប​នេះ​នៅ​ក្នុង​កម្មវិធី MWC Shanghai ឆ្នាំ ២០១៩ រួច​មក​ហើយ។ នា​ពេល​នោះ OPPO បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ផលិត​បន្ទះ​អេក្រង់​ត្រូវ​ដោះ​ស្រាយ​បញ្ហា​លើ​កម្រិត​ពន្លឺ និង​ពណ៌​ខុស​គ្នា ដែល​កើត​មាន​ដោយ​សារ​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​នេះ។

Visionox អះអាង​ថា​បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​ដោយ​ប្រើ​ហ្វីល​ពីរ​ប្រភេទ​ផ្សេង​គ្នា​​សម្រាប់​ដាក់​ពី​លើ​អេក្រង់ និង​ពី​លើ​កាមេរ៉ា ដែល​វា​អាច​ឆ្លុះ​ពន្លឺ​បាន​ក្នុង​កម្រិត​ខុស​គ្នា បង្កើត​ឲ្យ​មាន​ការ​បាញ់​ចេញ​ពន្លឺ​​រួម​ស្មើ​គ្នា។ បន្ថែម​ពី​នេះ​គេ​ក៏​ត្រូវ​ការ​ជំនួយ​ពី​ផ្នែក Software ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ពន្លឺ, កម្រិត​ពណ៌ និង​បំបាត់​ចោល​ឲ្យ​បាន​នូវ​ចំណាំង​​ប្លាត​​ដែល​ឃើញ​មាន​លើ​ផលិតផល​គំរូ​របស់ OPPO ដែល​បង្ហាញ​កាល​ពី​ឆ្នាំ ២០១៩។

ក្រុមហ៊ុន​​​ចិន​ខាង​លើ​ក៏​បាន​បំបាត់​នូវ​បញ្ហា​ទាក់ទង​នឹង​ការ​ថយ​ចុះ​គុណភាព​រូបភាព​ពេល​ថត​ចេញ​ពី​អេក្រង់​​ផង​ដែរ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ត្រៀម​​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផលិត​អេក្រង់​ប្រភេទ​នេះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។ ជំហាន​ចុង​ក្រោយ​មុន​នឹង​ឃើញ​វត្តមាន​អេក្រង់​នេះ​លើ​ស្មាតហ្វូន​ដែល​លក់​លើ​ទីផ្សារ គឺ​​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ផលិត​ទូរសព្ទ។

គេ​រំពឹង​ថា​ស្មាតហ្វូន​ដែល​មាន​បង្កប់​កាមេរ៉ា Selfie ក្រោម​អេក្រង់​អាច​នឹង​បង្ហាញ​រូបរាង​សាក​ល្បង​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ ហើយ​មាន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២១ អាច​នៅ​ក្នុង​កម្មវិធី CES ឬ MWC ក៏​ថា​បាន៕​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង